អ្នកនាំពាក្យសមាគមកីឡាបាល់ទាត់ជាតិឥណ្ឌូណេស៊ីនិយាយថា ច្រកទ្វារខ្លះនៅកីឡដ្ឋានបាល់ទាត់ ជាទីដែលមនុស្សយ៉ាងហោចណាស់ ១៣១នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នាកាលពីសប្តាហ៍មុន ត្រូវបានជាប់សោ នៅពេលការប្រកួតបានបញ្ចប់។
លោក Erwin Tobing ប្រធានគណៈកម្មការផ្នែកវិន័យរបស់សមាគមបាល់ទាត់ជាតិឥណ្ឌូណេស៊ីបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៤ ខែតុលាថា គ្រប់ច្រកទ្វារនៅកីឡដ្ឋាន Kanjuruhan ក្នុងក្រុង Malang ខេត្ត East Java គួរតែត្រូវបានបើក ១០នាទី នៅមុនការបញ្ចប់ការប្រកួតកាលពីថ្ងៃសៅរ៍ ទី១ ខែតុលា រវាងក្រុមម្ចាស់ផ្ទះ Arema FC និងក្រុមភ្ញៀវ Persebaya Surabaya។ ប៉ុន្តែលោក Tobing បានបន្តថា ច្រកទ្វារត្រូវបានបិទនៅឡើយ ពីព្រោះមន្រ្តីនៅកីឡដ្ឋានមិនអាចទាន់ទៅដល់ច្រកទ្វារខ្លះ មុនពេលហេតុការណ៍រត់ជាន់គ្នាបានកើតឡើង។
សោកនាដកម្មបានចាប់ផ្តើមនៅពេលក្រុមអ្នកគាំទ្រ ដែលខឹងសម្បា បានរត់ចូលតារាងបាល់ទាត់ បន្ទាប់ពីក្រុមបាល់ទាត់ Arema បានចាញ់គូបដិបក្ខ Persebaya ក្នុងលទ្ធផល ៣ ទល់នឹង ២។ ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស ដោយបង្កឱ្យក្រុមអ្នកគាំទ្រដែលភ័យស្លន់ស្លោ រត់ទៅរកច្រកចេញ។ ជនរងគ្រោះគឺ បានស្លាប់ដោយសារត្រូវជាន់ពីលើ ឬថប់ខ្យល់ដោយសារឧស្ម័នបង្ហូរទឹកភ្នែក។ អាជ្ញាធរនិយាយថា កុមាររាប់សិបនាក់ចំនួនក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
ប៉ូលិសនិយាយថា ខ្សែអាត់វីដេអូពីកាមេរ៉ាសុវត្ថិភាពនៅច្រកទ្វារមួយចំនួនបង្ហាញថា ច្រកទ្វារបានបើកចំហ ប៉ុន្តែចង្អៀតខ្លាំងសម្រាប់មនុស្សរាប់រយនាក់ដែលព្យាយាមរត់ចេញពីកីឡដ្ឋាន។
អគ្គស្នងការប៉ូលិសក្រុង Malang ត្រូវបានដកចេញពីតំណែង ស្របពេលមន្រ្តីនគរបាលជាន់ខ្ពស់ប្រាំបួននាក់ត្រូវបានព្យួរការងារ ហើយមន្រ្តីយ៉ាងហោចណាស់ ១៨នាក់ទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត។
សមាគមបាល់ទាត់ជាតិឥណ្ឌូណេស៊ីបានដាក់ចេញនូវបម្រាមពេញមួយជីវិតទាក់ទងនឹងសកម្មភាពការងារបាល់ទាត់លើនាយកប្រតិបត្តិនិងអ្នកសម្របសម្រួលផ្នែកសន្តិសុខប្រចាំក្លឹបបាល់ទាត់ Arema ពាក់ព័ន្ធនឹងសោកនាដកម្មនេះ។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានធ្វើដំណើរទៅកាន់ក្រុង Malang កាលពីថ្ងៃពុធ ទី៥ ខែតុលា ដើម្បីពិនិត្យមើលកន្លែងកើតហេតុ និងអ្នកគាំទ្រដែលរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្បែរនោះ។ លោកបានផ្អាកគ្រប់ការប្រកួតបាល់ទាត់នៅក្នុងក្របខណ្ឌបាល់ទាត់ឥណ្ឌូណេស៊ី និងបានបញ្ជាឱ្យមានការស៊ើបអង្កេតសោកនាដកម្មនេះ ក៏ដូចជា វាយតម្លៃកីឡដ្ឋានបាល់ទាត់ទាំងអស់នៅក្នុងប្រទេស។
លោក Widodo បានប្រាប់អ្នកសារព័ត៌មានថា លោកបាននិយាយទូរសព្ទជាមួយនឹងលោក Gianni Infantino ប្រធានអង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដែលបានស្នើផ្តល់ជំនួយដល់ឥណ្ឌូណេស៊ីក្នុងការលើកកម្ពស់ផ្នែក «គ្រប់គ្រងវិស័យបាល់ទាត់»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពមកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Reuters និង Agence France-Presse។
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា