នៅថ្ងៃពុធនេះ ប្រធានាធិបតីប្រទេសឥណ្ឌូណេស៊ីលោក Joko Widodo បានទទួលស្គាល់ឧប្បត្តិហេតុមួយចំនួនដែលជា«ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»ដែលបានកើតមានឡើងក្នុងប្រទេសលោកកាលពីអតីតកាល ដោយមានរួមការបង្ហូរឈាមនិងការចាប់ខ្លួនមនុស្សដែលបានកើតមានកាលពីឆ្នាំ១៩៦៥និងឆ្នាំ១៩៦៦។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងរយៈពេលខ្មៅងងឹតបំផុតមួយក្នុងប្រវត្តិសាស្ត្រឥណ្ឌូណេស៊ី អ្នកប្រវត្តិសាស្ត្រនិងសកម្មជនខ្លះបានប៉ាន់ស្មានថា មានមនុស្សយ៉ាងតិចណាស់៥០០.០០០នាក់ត្រូវបានសម្លាប់ក្នុងអំពើហិង្សាដែលបានចាប់ផ្តើមនៅចុងឆ្នាំ១៩៦៥ នៅក្រោយឧត្តមសេនីយ៍ Suharto និងកងយោធានៅពេលនោះបានក្តាប់អំណាចនៅក្រោយរដ្ឋប្រហារគ្មានជោគជ័យរបស់ពួកកុម្មុយនីស្ត។ មនុស្សមួយលាននាក់ឬច្រើនជាងនេះបានជាប់គុក ដោយជាប់សង្ស័យថា ជាពួកកុម្មុយនីស្ត។
លោក Joko Widodo បានមានប្រសាសន៍ថា៖ «ជាមួយចិត្តនិងសម្បជញ្ញៈច្បាស់លាស់និងពិតប្រាកដ ក្នុងឋានៈជាប្រមុខរដ្ឋ ខ្ញុំទទួលស្គាល់ថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរដែលបានកើតមានឡើងក្នុងហេតុការណ៍ជាច្រើន។ ហើយ ខ្ញុំសោកស្តាយខ្លាំងអំពីការរំលោភទាំងនោះដែលបានកើតមាន»។
ប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ ដែលគេស្គាល់ជាទូទៅថា Jokowi បាននិយាយយោងដល់ឧប្បត្តិហេតុ១១ទៀត ពីឆ្នាំ១៩៦៥ដល់២០០៣មុនអាណត្តិលោកជាមេដឹកនាំប្រទេស មានរួមការបាញ់សម្លាប់និងការចាប់ពង្រត់ក្រុមនិស្សិតនៅពេលមានបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់លោក Suharto បីទសវត្សរ៍នៅចុងទសវត្សរ៍១៩៩០។
ក្រុមនិស្សិតដឹកនាំបាតុកម្មត្រូវបានយកជាទីដៅ ហើយក៏មានជនរងគ្រោះច្រើននាក់ដែរក្នុងរយៈពេលនោះពីសហគមន៍ចិន ដែលជាក្រុមជនភាគតិចមួយក្នុងប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេក្នុងពិភពលោក ហើយដែលជួនកាលត្រូវបានធ្វើឱ្យជនជាតិប្រទេសនេះប្រឆាំងដោយសារធនធានរបស់ជនជាតិចិនទាំងនេះ។
លោក Jokowi បានថ្លែងថា រដ្ឋាភិបាលនឹងធ្វើឱ្យមានសិទ្ធិក្រុមជនរងគ្រោះឡើងវិញ«ដោយយុត្តិធ៌មនិងប្រកបដោយគតិបណ្ឌិត ដោយមិនបដិសេធការប្តេជ្ញាតាមផ្លូវច្បាប់ឡើយ» ទោះជាលោកមិនបាននិយាយលម្អិតថាធ្វើដោយរបៀបណាទេ៕