​សាលារៀន​ឥស្លាម​សម្រាប់​មនុស្ស​ប្តូរ​ភេទ​នៅ​ឥណ្ឌូនេស៊ី​បើក​ដំណើរ​ការ​ឡើង​វិញ​ដោយ​ស្ងាត់ៗ

អ្នក​ស្រី Ibu Shinta (កណ្ដាល) និង​សិស្ស​របស់​អ្នក​ស្រី​នៅ​សាលា​សម្រាប់​ស្ត្រី​ប្តូរ​ភេទ​កាន់​សាសនា​ឥស្លាម​តែ​មួយ​គត់ ដែល​អ្នក​ស្រី​កំពុង​ដំណើរ​ការ​ដោយ​យក​ផ្ទះ​របស់​អ្នក​ស្រីធ្វើ​ទី​ស្នាក់​ការ ក្នុង​ក្រុង Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី។

សាលា​រៀន​ឥស្លាម​សម្រាប់​តែ​មនុស្ស​ប្តូរ​ភេទ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​បិទ​លែង​ដំណើរការ​ទាំង​រន្ធត់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ បន្ទាប់​ពី​សាលា​នេះ ត្រូវ​បាន​វាយ​ប្រហារ​ដោយ​ក្រុម​ឥស្លាម​ជ្រុលនិយម​ក្នុង​ស្រុក​មួយ​ក្រុម។ ការ​បិទ​សាលា​នេះ គឺ​ជា​ចំណុច​ខ្មៅ​ងងឹត​មួយ​នៃ​ការខ្លាចរអា​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ដែល​បាន​កើត​មាន​នៅប្រទេស​ឥណ្ឌូនេស៊ី ​ក្នុង​ឆ្នាំ​២០១៦​ ហើយ​ឥទ្ធិពលនៃ​ការ​ខ្លាចរអា​នោះនៅ​តែ​កើត​មាន​ម្តង​ហើយ​ម្តង​ទៀត។

សព្វ​ថ្ងៃ​នេះ​ បើ​សិន​ជា​អ្នក​ទៅ​សួរ​មនុស្ស​នៅ​តំបន់​ Kotagede​ នៃ​ក្រុង​ Yogyakarta ដែល​ជា​ក្រុង​មួយ​ប្រជុំ​ដោយ​សាកល​វិទ្យាល័យ​ដ៏ច្រើន​នៅ​កណ្តាល​កោះ​ជ្វា ដើម្បី​រក​សាលា​ Al-Fatah pesantren ឬ​សាលា​ឯកជន​ឥស្លាម​នោះ​ ​ប្រហែល​ជា​មាន​អ្នក​សម្លឹង​មើល​មុខ​អ្នក​ដោយ​ការងឿង​ឆ្ងល់។​ ប៉ុន្តែ​បើ​អ្នក​សួរ​រក​ផ្ទះ​របស់​អ្នកស្រី​ Ibu Shinta វិញ​នោះ​ គេ​នឹង​បង្ហាញ​ផ្លូវ​ដល់​អ្នក​ភ្លាម។ សូម្បី​តែ ​អ្នក​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ក៏​មិន​បាន​ដឹង​ផង​ថា សាលា​ដែល​ធ្លាប់​ល្បី​មួយ​រយៈ​ពេល​ខ្លី​នោះ​កំពុង​ដំណើរ​ការ​ឡើង​វិញ។ ប៉ុន្តែ​សម្រាប់​អ្នក​ស្រី​ Ibu Shinta រឿងរ៉ាវ​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០១៦ គឺ​គ្រាន់​តែ​ជា​ឧបសគ្គ​តូច​មួយ​នៃ​ប្រវត្តិ​របស់​សាលា​ Pesantren Al-Fatah ​ដែល​សាលា​នេះ​បាន​ឈាន​ដល់​ខួប​៩ ឆ្នាំកាល​ពី​ថ្ងៃទី១៤ ខែកញ្ញា កន្លង​ទៅ​នេះ។

អ្នក​ស្រី​ Ibu Shinta ឬ អ្នក​ស្រី​ Shinta Ratri ​គឺ​ជា​សកម្មជន​ប្តូរ​ភេទ​មួយរូប​អាយុ​ ៥៥ ​ឆ្នាំ ដែល​បាន​ប្តូរ​ទីតាំង​សាលា​រៀន​នេះ​ទៅ​ក្នុង​ផ្ទះ​របស់​គ្រួសារ​អ្នកស្រី​ដែល​មាន​ក្បាច់​តាម​ផ្ទះ​របស់​ជន​ជាតិជ្វា កាល​ពី​ឆ្នាំ​២០១៤ គឺ​នៅ​ពេល​ដែល​ស្ថាបនិក​សាលា​នេះ​បាន​ទទួល​មរណភាព។ បន្ទាប់​ពី​ការ​បិទ​ទ្វារ​រយៈ​ពេល​៤​ខែ​ អ្នក​ស្រី​ Ibu Shinta បាន​បើក​សាលា​ al-Fatah ​ឡើង​វិញ​ដោយ​ស្ងាត់ៗ ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦ ​ក្នុង​អំឡុងរដូវ​រ៉ាម៉ាដន​ ដែល​ជា​ពេល​វេលា​ដែល​អ្នក​ស្រី​និយាយ​ថា​ «ល្អ​សម្រាប់​ការ​គោរព»។

ក្រៅ​ពី​ផ្តល់​កន្លែង​សម្រាប់​ការ​សិក្សាពាក់​ព័ន្ធ​នឹង​សាសនា​ប្រចាំ​សប្តាហ៍ សាលា​ដែល​បើក​ឡើង​វិញ​នេះ​ក៏​ជា​ខ្សែ​សង្វាក់​នៃ​សេវាកម្ម​ និង​ជា​កន្លែង​សម្រាប់​ទំនាក់ទំនង​ក្នុង​សង្គម​សម្រាប់​សហគមន៍​អ្នក​ប្តូរ​ភេទ​ក្នុង​តំបន់​ផង​ដែរ។

សេវា​សង្គម​សម្រាប់​អ្នក​ប្តូរ​ភេទ Waria

អ្នក​ស្រី ​Ibu Shinta និង​សិស្ស​របស់​អ្នក​ស្រីត្រូវ​បាន​គេ​ហៅ​ថា​ waria ជា​ពាក្យ​សំដៅ​លើ​បុរស​ដែល​បាន​ប្តូរ​ភេទ​ទៅ​ជា​ស្រី ដែល​ពាក្យ​នេះ​ជា​ការ​បូក​បញ្ចូល​គ្នា​នៃ​ពាក្យ​ក្នុង​ភាសា​ឥណ្ឌូនេស៊ី​ wanita ​ដែល​មាន​ន័យ​ថា​ស្ត្រី និង​ពាក្យ​ pria ដែល​មាន​ន័យ​ថា​បុរស។ បុរស​ដែល​បាន​ប្តូរ​ភេទ​ទៅ​ជា​ស្រី​ជា​ច្រើន បាន​ធ្វើ​ការ​ងារ​ជា​អ្នក​បម្រើ​ផ្លូវ​ភេទ ឬ ធ្វើការ​នៅ​តាម​ហាង​អ៊ុត​សក់។

សាលា​ Al-Fatah បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ក្នុង​ស្រុក​ដ៏​សំខាន់​មួយ​សម្រាប់​កម្មវិធី​ជាតិ​ ដែល​មាន​ឈ្មោះ​ថា កម្មវិធី​«ថែទាំ​អ្នក​ប្តូរ​ភេទ»​ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​សមាគម​ផែនការ​គ្រួសារ​ឥណ្ឌូនេស៊ី​ ក្នុង​ការ​ផ្តល់​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​ អត្តសញ្ញាណប័ណ្ណ​ និង​សេវា​សង្គម​ផ្សេងៗ​សម្រាប់​មនុស្ស​ប្តូរ​ភេទ​នៅ​ទូ​ទាំង​ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​ស្រី Ibu Shinta បាន​ថ្លែង​ប្រាប់​ VOA ថា៖

«មាន​សេវា​ទាក់​ទង​នឹង​ការ​អប់រំ ដូចជា​ការ​ចាប់​ផ្តើម​បើក​សាលា​សម្រាប់​មនុស្ស​ប្តូរ​ភេទ ​សម្រាប់​មនុស្ស​ពេញ​វ័យ និង​កម្មវិធី​សម្រាប់​មនុស្ស​ប្តូរ​ភេទ​វ័យ​ចំណាស់ ដូចជា​ជំនួយ​ក្នុង​រូបភាព​ជា​គ្លីនិក​ចល័ត និង​ស្បៀង​អាហារ។ វា​គ្រប់​គ្រាន់​ហើយ​ មែន ឬ ទេ? យើង​បួង​សួង​ឲ្យ​អ្វី​ដែល​យើង​មាន​អាច​ជួយពួក​គេ​បាន»។

កាល​ពី​ថ្ងៃ​ខួប​លើក​ចុង​ក្រោយ​នេះ សាលា​បាន​រៀបចំ​គ្លីនិក​ដោយ​ឥត​គិត​ថ្លៃ​ ដោយ​មាន​វេជ្ជបណ្ឌិត​ក្នុង​តំបន់​ម្នាក់​ និង​មាន​មនុស្ស​ចូល​រួម​៧៦​នាក់។

អ្នក​ស្រី Ibu Shinta (ស្លៀក​បៃតង) និង​ស្ត្រី​ប្តូរ​ភេទ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ពេល​បួង​សួង​ពេល​ល្ងាចនៅ​សាលា Al-Fatah ក្នុង​ក្រុង Yogyakarta។

កម្មវិធី​ថែទាំ​អ្នក​ប្តូរ​ភេទ​ នា​ពេល​នេះ កំពុង​ដំណើរ​ការ​ក្នុង​ខេត្ត​ចំនួន​៨។ អ្នក​ស្រី​ Ibu Shinta និយាយ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​កំណត់​ទីតាំង​នៃ​អ្នក​ចូល​រួម​ទាំង​អស់​និង​សេវា​នានា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ជា​គោលដៅ​ដែល​ត្រូវ​សម្រេច​ក្នុង​ពេល​អនាគត។

ក្រុម​សិក្សា

សកម្មភាព​សិក្សា​ចម្បង​របស់​សាលា​ Al-Fatah គឺ​ក្រុម​សិក្សា​ប្រចាំ​សប្តាហ៍​ដែល​តែង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ជា​ពេល​ដែល​មនុស្ស​ប្តូរភេទ​អាច​បួងសួង​ជាមួយ​គ្នា ពិភាក្សា​គ្នា​អំពី​សាសនវិទ្យា​ក្នុង​សាសនា​ឥស្លាម និង​ហាត់​អាន​គម្ពីកូរ៉ាន់ ជា​ភាសា​អារ៉ាប់។

នៅ​ថ្ងៃ​អាទិត្យ​មួយ​កន្លង​ទៅ​ថ្មីៗ​នេះ មាន​វត្តមាន​មនុស្ស​ប្តូរ​ភេទ​ចំនួន​៦​នាក់ ដោយ​រួម​ទាំង​អ្នក​ស្រី Ibu Shinta ផងដែរ។ អ្នក​ស្រី​និយាយ​ថា​ មាន​សមាជិក​សរុប​៤២​នាក់ ប៉ុន្តែ​វត្តមាន​ប្រចាំ​សប្តាហ៍​ប្រែ​ប្រួល​ពី​៧​ទៅ​២៥​នាក់។ សិស្ស​សាកល​វិទ្យាល័យ​ម្នាក់​បាន​ជួយ​នាង ​Yuni Shara Al Buchory​ ឲ្យ​ចេះ​អាន​ពាក្យ​កាព្យ​ខ្លះៗ​ក្នុង​គម្ពី​កូរ៉ាន់។ នៅ​ពេល​សំឡេង​ហៅ​ឲ្យ​ទៅ​បួង​សួង​បន្លឺ​ឡើង ពួក​គេ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ដើម្បី​បួង​សួង។ អ្នក​ស្រី​ Ibu Shinta និង​នាង​ Yuni Shara បាន​ពាក់​ក្រណាត់​រលើបៗ mukenas ​ដែល​ជា​សម្លៀក​បំពាក់​សម្រាប់​ស្ត្រី​ ហើយ​មនុស្ស​ដទៃ​ទៀត​ក៏​បាន​ចូល​មក​ដែរ។

នាង​ Yuni Shara និយាយ​ថា៖

«ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​អស់​រយៈ​ពេល​៤​ខែ ពេល​ដែល​សាលា​នេះ​ត្រូវ​បាន​បិទ ដោយ​គ្មាន​កន្លែង​ទៅ​រៀន​រឿង​ពាក់​ព័ន្ធ​នឹង​សាសនា។ ខ្ញុំ​ទៅ​ក្រុង​ដើម្បី​លំហែកាយ ធ្វើ​ការ ទិញ​អាហារ​សម្រន់ ហើយ​ចុង​ក្រោយ​ខ្ញុំមាន​អារម្មណ៍ឆ្ងល់​ថា ​ដូច​ជា​មាន​អ្វី​មួយ​បាន​បាត់​បង់ ប៉ុន្តែ​អ្វី​ទៅ​ដែល​បាត់​បង់​នោះ?»

នាង​និយាយ​ថា​ កាល​នោះ​វា​ហាក់​ដូច​ជា​ថា ជីវិត​របស់​នាង​ខ្វះ​អ្វី​ម្យ៉ាង។

ប៉ុន្តែ​វា​ជា​ការ​យល់​ខុសដែល​គិត​ថា សាលា al-Fatah​ គឺ​ជា​កន្លែង​សម្រាប់​តែ​ការ​សិក្សា​ដោយ​ស្ងាត់ៗ។ យ៉ាង​ណា​ក៏​ដោយ សិស្ស​សាលា​នេះ​មិន​មែន​ជា​មនុស្ស​វ័យ​ជំទង់​ដូច​នៅ​សាលា​ pesantren ទូទៅ​ទេ។ សិស្ស​នៅ​សាលា​នេះ គឺ​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​ការ​ងារ​ធ្វើ។ ៦​ថ្ងៃ​ទៀត​ក្នុង​មួយ​សប្តាហ៍​ សូម្បី​តែ​នៅ​ថ្ងៃ​អាទិត្យ​ក្រោយ​ពេល​ជួប​ជុំ​គ្នាក៏​ដោយ​ ទី​នេះ​គឺ​ជា​កន្លែង​ជជែក​ជា​លក្ខណៈ​សហគមន៍​ សម្រាប់​មនុស្ស​ប្តូរ​ភេទ ​មក​ពី​តំបន់​ Yogyakarta។ ពួក​គេ​មើល​ភាពយន្ត​ ចម្អិន​អាហារ​ ញ៉ាំ​បាយ​ជុំ​គ្នា​ និង​និយាយ​លេង​សើច​ពី​ភ្ញៀវ​របស់​ពួក​គេ។

វា​ជា​រឿង​ធម្មតា​សម្រាប់​ក្រុម​មនុស្ស​ដែល​ចំណែក​របស់​ខ្លួន​នៅក្នុងសង្គម​កាន់តែ​មាន​ភាព​មិន​ជាក់​លាក់។ តាម​ពិត​ទៅ​នៅ​ទីក្រុង ​Yogyakarta​ គឺ​ជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ខ្លាំង​ជាង​កន្លែង​ផ្សេង​ទៀត​នៅ​ឥណ្ឌូនេស៊ី សូម្បី​តែ​មេដឹកនាំ​សាសនា​ ក៏​បាន​អំពាវ​នាវឲ្យ​សហគមន៍នេះ គោរព​មនុស្ស​ប្តូរ​ភេទ​ផង​ដែរ កាលពីពេល​ដែល​មាន​ការខ្លាច​រអា​មនុស្ស​ប្តូរ​ភេទ​នៅ​ឆ្នាំ​មុន។

ទស្សនវិស័យសុទិដ្ឋិនិយម

សព្វ​ថ្ងៃ​នេះ​ អ្នក​ស្រី Ibu Shinta មិន​ព្រួយ​បារម្ភ​ទាល់​តែ​សោះ​ចំពោះ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ក្នុង​ស្រុក។ អ្នក​ស្រី​ផ្តោត​តែ​លើ​ការ​បង្កើន​សុវត្ថិភាព​សង្គម​សម្រាប់​ពួក​អ្នក​ប្តូរ​ភេទ និង​សាលា​របស់​អ្នក​ស្រី​ផ្ទាល់។ សាលា​ Al-Fatah មិនធ្វើ​ការ​រៃ​អង្គាស​ប្រាក់​ទេ ប៉ុន្តែ​អ្នក​ស្រី Ibu Shinta ​បាន​សុំ​ឲ្យ​អ្នក​ស្រាវជ្រាវ​ និង​កូន​សិស្ស​បង់​វិភាគទាន​ប្រហែល​១៥​ដុល្លារ​ បើ​សិន​ពួក​គេ​មក​ទស្សនា​សាលា​នេះ។

សុឆន្ទៈ​សម្រាប់​សហគមន៍​មាន​ការ​កើន​ឡើង​ម្តង​ទៀត ដោយ​អ្នក​ស្រី​បាន​លើក​ការ​ពិត​មក​ប្រាប់​ថា កាល​ពី​ឆ្នាំ​មុន​ពួក​គេ​បាន​ទទួល​សត្វ​ពពែ​មួយ​ក្បាល​ដែល​គេ​ផ្តល់​ជា​វិភាគ​ទាន​សម្រាប់​បុណ្យ​ Eid al-Adha ដែល​ជា​បុណ្យ​សាសនា​ប្រចាំ​ឆ្នាំ «ពិធី​ជប់​លៀង​ដោយ​បូជា»​ ជា​ពេល​ដែល​សត្វ​ពាហនៈ​ត្រូវ​បាន​គេ​សម្លាប់​សម្រាប់​កម្មវិធី​ ហើយ​ចែក​រំលែក​ទៅ​អ្នក​ដទៃ ហើយ​ឆ្នាំ​នេះ​ពួក​គេ​ទទួល​បាន​សត្វ​ចៀម​ចំនួន​ពីរ​ក្បាល។

លោក ​Dede Oetomo សកម្មជន​សិទ្ធិមនុស្ស​ភេទ​ទី​៣​ LGBT មាន​មូលដ្ឋាន​ក្នុង​ខេត្ត East Java និយាយ​ថា៖

«ការ​បង្កើត​ឬ​ការ​កើត​ឡើង​ក្រុម​មនុស្ស​ប្តូរ​ភេទ​និង​ស្ត្រី​ប្តូរ​ភេទ​ផ្សេង​ទៀត​ បាន​កើត​មាន​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។ ជន​ជាតិ​ឥណ្ឌូនេស៊ី​ភាគ​ច្រើន​ដឹង​ពីរឿង​ទាំង​នេះ ហើយ​ពួក​គេ​ក៏​បាន​អត់​ធ្មត់​ចំពោះ​ពួក​អ្នក​ប្តូរ​ភេទ​ផង​ដែរ បើ​ទោះ​បី​ជា​មិន​ទទួល​ស្គាល់​ពួក​គេ​ពេញ​លេញ​ក៏​ដោយ ជា​ពិសេស​បើ​សិន​មនុស្សទាំង​នោះ​មិន​ស្ថិត​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ»។

អ្នកស្រី Ibu Shinta និយាយ​ថា៖

«យើង​ជាអ្នក​ដែល​រស់​រាន​មាន​ជីវិត។ នៅ​ពេល​មាន​ការ​វាយ​ប្រហារ​លើពួក​យើង ឬ​ក៏​មាន​ការ​រើស​អើង​លើ​ពួក​យើង វា​ធ្វើ​ឲ្យ​យើង​ចង់​តស៊ូ​បន្ត​ទៀត»៕

ប្រែសម្រួលដោយ នៀម ឆេង