ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកស្រឡាញ់ភេទដូចគ្នា​នៅ​កម្ពុជា​​ចេញ​​បង្ហាញ​ជា​​សាធារណៈ​​


លោក​នួន ស៊ីដារ៉ា អ្នកសម្របសម្រួល​​គម្រោង​ជម្រើសផ្លូវភេទនិង​អត្តសញ្ញាណ​យេនឌឺរ (SOGI) នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ និង​ក្រុម​ការងារ។

«ច្បាប់​ដែល​បាន​ហាមឃាត់​ការ​រៀបការ​ភេទ​ដូចគ្នា​ត្រូវ​បាន​លុប ក្រោយ​ការ​ថ្លែង សុន្ទរកថា របស់​ព្រះវិរបិតា​ក្នុង​ឆ្នាំ២០០៤។ វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ទៅ​ដល់ ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា។ បើ​ទោះជា​គ្មាន​ច្បាប់ ក្នុង​ការការពារ​ពួកគាត់​ក៏​ដោយ តែ​វា​ក៏​ជា​សញ្ញាវិជ្ជមាន​មួយ​ដែរ»។

សហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នា​បានចេញមុខ​ជា​សាធារណៈ​ប្រកបដោយមោទនភាព​ចំពោះ​ខ្លួន​ឯង​ផ្ទាល់​ ដែល​ការណ៍​នេះ​មិនធ្លាប់​មាន​ពី​មុខ​មក​ទេ​ ផ្ទុយ​ស្រឡះ​ពីកាល​ពីប្រាំ​ឆ្នាំមុន នៅ​ពេល​ដែល​ការ​រើសអើងនិង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​ផ្លូវកាយ និង​ផ្លូវចិត្ត​ជារឿយៗ​ត្រូវ​បានលាក់បាំង។

ក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​បាន​បង្កើត​ជា​អង្គការក្រៅរដ្ឋាភិបាល​នានា ហើយ​អាជីវកម្ម​រង្គសាល និង​ហាងកាហ្វេទាំងឡាយ​ក្នុង​ក្រុង​ ដែល​មិនរើសអើង​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ ទទួល​បាន​ជោគជ័យ​ ស្រប​ពេល​ដែលបណ្តាញផ្សព្វផ្សាយ និង​វិស័យ​កម្សាន្ត​ពាក់ព័ន្ធ​នឹង​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ក៏​កំពុង​ចាប់ផ្តើម​រីកលូតលាស់​ផងដែរ។

​ទស្សនាវដ្តី Q Cambodia

នាពេលថ្មីៗ​នេះ ទស្សនាវដ្តី​អ្នកស្រឡាញ់ភេទដូចគ្នា​ដំបូង​នៅ​កម្ពុជា ឈ្មោះ​ថា Q Cambodia បាន​អបអរសាទរ​ខួប​ពីរ​ឆ្នាំ​របស់​ខ្លួន​ ដោយមាន​លោក Sorel Thongvan ជា​និពន្ធនាយក។ លោក Thongvan ជា​កូនខ្មែរ​ធំដឹងក្តី​នៅ​ក្រុង​ប៉ារីស និង​ធ្លាប់​ជា​អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​សំលៀកបំពាក់ម៉ាក​ល្បី Giorgio Armani និងAlexander McQueen។

ទស្សនាវដ្តី Q Cambodia ផ្តោត​ទៅ​លើ​អាជីវកម្ម​ ដែល​មិនរើសអើង​អ្នកស្រឡាញ់ភេទដូចគ្នា​ នៅ​កម្ពុជា ដូចជា ហាង​កាហ្វេ Feel Good Cafe II និង​ហាង​ដទៃ​ទៀត​នៅ​ខេត្ត​សៀមរាប បាត់ដំបង និងកែប ដោយ​មាន​ការ​ពិភាក្សា​បើកចំហ​អំពី​ការ​ស្រឡាញ់ភេទដូចគ្នា និង​ការភ័យខ្លាច​ពាក់ព័ន្ធ​នឹង​ការ​ស្រឡាញ់​ភេទ​ដូចគ្នា។

លោក​ ជ័យ បូឡា អាយុ ២៣ឆ្នាំ ដែល​ជា​មេកាឆុងកាហ្វេ នៅ​ហាង Feel Good Cafe II និយាយ​ថា៖​ «ហាង​កាហ្វេ​របស់​ពួក​យើង​អត់​មាន​បែងចែក​គាត់​ជា​ខ្ទើយ​ឬ​ក៏​អត់​ទេ។ សំខាន់​គឺ​គុណភាព​ការងារ ត្រូវ​មក​ធ្វើការ​អោយ​ទៀង​ទាត់។ យើង​ធ្វើ​នៅ​ទី​នេះ គឺ​ដូចជា​ក្រុម​គ្រួសារ​អញ្ចឹង ហើយ​ពួកយើង​សប្បាយ»។

​លោក​បន្ត​ថា៖ «ភ្ញៀវ​គាត់​នៅ​តែ​មក បើ​ទោះជា​ដឹង​ថា​ កន្លែង​នេះ​មាន​បុគ្គលិក​អញ្ចឹង។ មិនមែន​ពួកគាត់​នាំ​គ្នា​និយាយថា​ នៅ​ហាង​នេះ​មាន​បុគ្គលិក​ខ្ទើយ​ ហើយ​ប្រាប់​គ្នា កុំ​អោយ​មក​នោះ​ទេ។ អញ្ចឹង​ខ្ញុំ​អត់​មាន​អារម្មណ៍​ថា គេ​រើសអើង​នោះ​ទេ»។

ការប្រកាន់​នៅ​តែ​មាន

ទស្សនាវដ្តី Q Cambodia ក៏​បាន​ផ្តោត​ទៅ​លើ​បុគ្គល​ដូច​នាង ឡុង ម៉ាឡែន ដែល​ជា​ស្រ្តីស្រឡាញ់​ភេទ​ដូចគ្នា និង​និស្សិត​ច្បាប់មួយរូប។ នាង​មាន​ការ​លំបាក​ជាមួយ​នឹង​គ្រួសារ​ នៅ​ពេល​ដែល​គ្រួសារ​នាង​ដឹង​ថា នាង​ជា​ស្រ្តីស្រឡាញ់ភេទ​ដូចគ្នា។

«ដូចជា​ថ្ងៃ​មួយ ពួកគាត់​ (ប៉ាម៉ាក់) អង្គុយ​ទន្ទឹម​គ្នា ហៅ​ខ្ញុំ​មក​សួរ​ថា ស្រឡាញ់​ប្រុស​ឬ​ស្រី? ខ្ញុំ​ថា ខ្ញុំ​ចិត្ត​មនុស្ស​ប្រុស ខ្ញុំ​ស្រឡាញ់​មនុស្សស្រី។ ចឹង​គាត់​ឲ្យ​ខ្ញុំ​រើស​ទៀត​ថា យក​គ្រួសារ ឬ​យក​ខ្លួនឯង?»។

ឡុង ម៉ាឡែន ដែល​ជ្រើស​ការ​ស្លៀកពាក់​ជា​បុរស​ ចាប់ផ្តើម​លើកកម្ពស់​សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា​ ហើយ​បន្ទាប់​មក​នាង​បាន​ចាកចេញ​ពី​ផ្ទះសម្បែង​របស់​ខ្លួន។

កញ្ញា ឡុង ម៉ាឡែន ដែល​ជា​ស្រ្តីស្រឡាញ់​ភេទ​ដូចគ្នា និង​និស្សិត​ច្បាប់មួយរូប។
កញ្ញា ឡុង ម៉ាឡែន ដែល​ជា​ស្រ្តីស្រឡាញ់​ភេទ​ដូចគ្នា និង​និស្សិត​ច្បាប់មួយរូប។

«គ្រប់គ្នា​តែងតែ​មើល​ពី​ភាពអវិជ្ជមាន​របស់​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា។ យើង​ចង់​បង្ហាញ​គាត់​ឲ្យ​ឃើញ​មួយ​ជ្រុង​ទៀត​នៃ​ភាព​វិជ្ជមាន​របស់​មនុស្ស​ហ្នឹង បើ​គាត់​មាន​គោលជំហរ​រឹងមាំ ភាពវិជ្ជមាន ហើយ​គាត់​ក៏​អាច​នៅ​តស៊ូ​នៅ​ក្នុង​ជីវិត​គាត់ ហើយ​បើ​គ្រួសារ​ទទួលស្គាល់​ទៀត​គាំទ្រទៀត គាត់​នឹង​ក្លាយ​ទៅ​ជា​សិស្ស​ល្អ អាច​រក​ការងារ​ទីពឹង​ខ្លួនឯង ហើយ​អាច​ជួយ​គ្រួសារ​បាន​ទៀត»។

លោក​ស្រ៊ុន ស្រ៊ន ដែល​ជា​ស្ថាបនិក​អង្គការ​សហគមន៍​ឥន្ទនូ​កម្ពុជា (RoCK) និយាយ​ថា៖ «ពួកយើង​ជឿ​ថា ក្រុម​ការងារ ដែល​យើង​រៀបចំ​ឡើង​ហ្នឺង យើង​ជឿថា​ វា​អាច​ផ្លាស់ប្តូរ ហើយ​យើង​ចង់​ផ្លាស់ប្តូរ​នូវ​ផ្នត់​គំនិត យើង​អត់​ចង់​ផ្លាស់ប្តូរ​សកម្មភាព​ទេ»។

របាំងប្រពៃណី

ដោយសារ​កម្ពុជា​ជា​ប្រទេស​អភិរក្ស​និយម​មួយ ប្រជាជន​កម្ពុជា​ពី​ដើមឡើយ​តែង​យល់ឃើញ​ថា ការ​ស្រឡាញ់ភេទដូចគ្នា​ជា​អ្វីមួយ​ដែល​ខុស​ពី​ធម្មជាតិ និង​ជា​ការ​គំរាមកំហែង​មួយ​ទៅ​លើ​សណ្តាប់ធ្នាប់​សង្គម​ បន្ទាប់​ពី​សង្រ្គាម​រាំរ៉ៃ​ប្រមាណ ៣០​ឆ្នាំ​កន្លងមក​នេះ​ ដែល​បាន​បង្ក​ការ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​លើ​គ្រឹះ​សង្គម។

អ្នកស្រឡាញ់ភេទដូចគ្នា​មួយ​ចំនួន​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ការ​រំលោភ​បំពាន និង​ការ​រើសអើង​នៅ​ផ្ទះ​ សាលារៀន និង​កន្លែងធ្វើការ។ មួយចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​បដិសេធ ឬ​រងសម្ពាធ​ដោយសារ​ការ​រៀបការតាមប្រពៃណី ដែល​ធ្វើ​ឲ្យ​ពួកគេ​ពិបាក​ក្នុង​អារម្មណ៍។ អ្នកស្រឡាញ់ភេទដូចគ្នា​ដទៃ​ទៀត​ត្រូវ​បាន​ចាប់បង្ខាំង​ទុក​ក្នុង​ផ្ទះ​ នៅ​តាម​ភូមិ​ របស់​ពួកគេ។

​លោក​ស្រ៊ុន ស្រ៊ន​បាន​និយាយ​ថា របាយការណ៍​ពី​ការ​រំលោភបំពានសិទ្ធិមនុស្ស និង​ការ​រើសអើង​មាន​តិចតួច ពីព្រោះ​អ្នកស្រឡាញ់ភេទ​ដូចគ្នា​មួយ​ចំនួន​ជ្រើស​រក្សា​ទុក​ជម្រើស​ផ្លូវភេទ​របស់​ខ្លួន​ជាការ​សម្ងាត់ ជាជាង​ផ្តល់ដំណឹង​ទៅ​កាន់​អាជ្ញាធរ។ ប៉ុន្តែ​លោក​បាន​និយាយ​ថា ការណ៍​នេះ​បាន​ផ្លាស់ប្តូរ​ ដោយ​មនុស្ស​មួយ​ចំនួន​ ដែល​បើកចំហ​ក្នុង​នាម​ជា​អ្នក​ស្រឡាញ់ភេទដូចគ្នា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ។

«ទាក់ទង​ទៅ​នឹង​អំពើហិង្សា​ ទាំង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ទៅ​កាន់​ពួកគេ គឺ​មាន​ការ​កើន​ឡើង​ដែរ​។ខ្ញុំ​ឃើញ​ថា ការ​ហ៊ាន​ចេញមុខ​បង្ហាញ​ថា​ ខ្លួនឯង ជា​មនុស្ស​ស្រី​ចរិត​ប្រុស ឬ​ប្រុស​ចរិត​ស្រី​គឺ​មាន​ការ​ចេញ​មុខ​ច្រើន តែ​អំពើហិង្សា និង​សម្ពាធ​ដែល​ឪពុកម្តាយ​ដាក់​មក ដូចជា​ការ​នាំ​ទៅ​ឲ្យ​គ្រូ​ខ្មែរ​ព្យាបាល គឺ​នៅ​តែ​កើត​មាន»។

រូបឯកសារ៖ បាតុករ​ម្នាក់​បាន​បិទពាក់ស្លោកនៅលើ​មាត់​របស់​ខ្លួន នៅ​ក្នុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​រើសអើង​លើ​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​មុខ​រដ្ឋ​សភាជាតិ កាល​ពី​ថ្ងៃសុក្រ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រូបឯកសារ៖ បាតុករ​ម្នាក់​បាន​បិទពាក់ស្លោកនៅលើ​មាត់​របស់​ខ្លួន នៅ​ក្នុងបាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​រើសអើង​លើ​សហគមន៍​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​មុខ​រដ្ឋ​សភាជាតិ កាល​ពី​ថ្ងៃសុក្រ ទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ការ​ប្រោស​ប្រទាន​ទទួល​ស្គាល់​ពី​ព្រះមហាក្សត្រ

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហនុបាន​ជ្រោមជ្រែង​ក្នុង​ការ​លុបបំបាត់​ចោល​ទស្សនៈ​បែប​ប្រពៃណី​លើ​អ្នកស្រឡាញ់ភេទដូចគ្នា។ ក្នុង​ឆ្នាំ ២០០៤ ព្រះអង្គ​ទទួលបាន​ការ​សាទរ​ពីការ​ប្រទាន​ការ​គាំទ្រ​ទៅ​កាន់​សហគមន៍​អ្នកស្រឡាញ់ភេទដូចគ្នា​ តាមរយៈ​ការ​យល់ព្រម​ចំពោះ​ការ​រៀបការ​រវាង​អ្នក​មាន​ភេទ​ដូចគ្នា។ ព្រះរាជបន្ទូល​របស់​ព្រះអង្គ​នៅ​តែ​ដដែល​ ក្រោម​រជ្ជកាល​ព្រះមហាក្សត្រ​បច្ចុប្បន្ន​ គឺ​ព្រះបាទ​នរោត្តម សីហមុនី។

លោក​នួន ស៊ីដារ៉ា អ្នកសម្របសម្រួលគម្រោង​ជម្រើសផ្លូវភេទនិង​អត្តសញ្ញាណ​យេនឌឺរ (SOGI) នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​និយាយ​ថា ការ​គាំទ្រ​របស់​ព្រះ​បាទ​នរោត្តម សីហនុ​ បាន​ជំរុញ​ចិត្ត​សកម្មជន​ដែល​ជា​អ្នកស្រឡាញ់ភេទ​ដូចគ្នា​ ឲ្យ​ងើបឈរ​ឡើង និង​លើកកម្ពស់​សិទ្ធិ​របស់​ពួកគេ​ ជាលើកដំបូង។

«ច្បាប់​ដែល​បាន​ហាមឃាត់​ការ​រៀបការ​ភេទ​ដូចគ្នា​ត្រូវ​បាន​លុប ក្រោយ​ការ​ថ្លែង សុន្ទរកថា របស់​ព្រះវិរបិតា​ក្នុង​ឆ្នាំ២០០៤។ វា​ជា​ផ្នែក​មួយ​ដែល​ជួយ​ទៅ​ដល់ ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា។ បើ​ទោះជា​គ្មាន​ច្បាប់ ក្នុង​ការការពារ​ពួកគាត់​ក៏​ដោយ តែ​វា​ក៏​ជា​សញ្ញាវិជ្ជមាន​មួយ​ដែរ»។

លោក​ស្រ៊ុន ស្រ៊ន​បាន​និយាយ​ថា នេះ​ជា​ជំហាន​ដំបូង ដែល​ត្រូវ​បាន​ជ្រោមជ្រែង​ដោយ​សម័យកាល​និង​បណ្តាញ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អ៊ឺនធឺណិត ក៏ដូចជា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ដែល​បាន​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ និង​អ្នកស្រឡាញ់ភេទដូចគ្នា​ដែល​ទទួលបាន​ជោគជ័យ មិនថា​ក្នុង​អាជីវកម្ម ឬ​ជីវិត​នោះ​ទេ។

«កត្តា​ទី​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​ក្លាហាន ចេញ​មុខ​គឺ​ ប្រព័ន្ធ​តិចណូឡូជី។ ខ្ញុំ​និយាយ​តែ​មនុស្ស​ក្មេង ដែល​កើតក្រោយ​ឆ្នាំ៩០ គាត់​កើត​មក​ក្នុង​យុគសម័យ​តិចណូឡូជី។ គាត់​រស់នៅ​ប្រកប​ដោយ​ការ​ទំនាក់ទំនង ដែល​បចេ្ចកវិទ្យា​នេះ ជួយ​ឲ្យ​គាត់ ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួនឯង»៕

រាយការណ៍បន្ថែមដោយលោក Luke Hunt

XS
SM
MD
LG