ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង ​​​ខណៈ​ការស្លាប់​ដោយ​ជំងឺ​កូវីដ១៩​កើន​​ដល់​កម្រិត​​មិន​ធ្លាប់​មាន

  • ​Reuters

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ឥណ្ឌូណេស៊ី​បាន​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​ដ៏​ធំ​បង្អស់​មួយ​របស់​ពិភពលោក​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​លោក​ប្រធានាធិបតី Joko Widodo បាន​ចាក់​មុន​គេ​នូវ​វ៉ាក់សាំង​របស់​ចិន​ នៅ​ពេល​ដែល​ប្រទេស​របស់​លោក​បន្តប្រយុទ្ធនឹង​ការ​ផ្ទុះ​រាតត្បាតដ៏​អាក្រក់​បំផុតនៃវីរុស​កូរ៉ូណា​ នៅ​ក្នុង​ទ្វីប​អាស៊ី។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

យុទ្ធនាការ​នេះ​មាន​គោល​បំណង​ចាក់​មនុស្ស​ជាង ១៨១ លាននាក់ ដោយ​មនុស្ស​ដែល​ត្រូវ​ចាក់​ដំបូង​គេ​នឹងទទួល​វ៉ាក់សាំងក្រុមហ៊ុន Sinovac Biotech របស់​ចិន ដែល​ឥណ្ឌូណេស៊ី​បាន​អនុញ្ញាតឲ្យ​ប្រើ​ក្នុង​គ្រា​អាសន្ន​កាល​ពី​ថ្ងៃ​ច័ន្ទ។

ដោយ​ពាក់អាវ​ពណ៌​ស​និង​ពាក់​ម៉ាស់ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ចាក់​វ៉ាក់សាំង​នៅឯ​វិមាន​ប្រធានាធិបតី។

លោក​ប្រធានាធិបតី Jokowi បាន​និយាយ​ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច​ថា៖ «ការ​ចាក់​វ៉ាក់សាំង​នេះ មាន​សារៈសំខាន់​ដើម្បី​បំបាត់​ការឆ្លង​ជំងឺ​កូវីដ១៩ ហើយ​និង​ការពារ​យើង​និង​សុវត្ថិភាព​ពលរដ្ឋ​ឥណ្ឌូណេស៊ី​គ្រប់រូប​ ហើយ​និង​ជួយពន្លឿន​ការ​ងើបឡើង​វិញ​នូវ​សេដ្ឋកិច្ច»។

មន្ត្រី​ខ្លះ​ទៀត​ដែល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បាន​បង្ហាញ​នូវ​កន្លែង​ចាក់​នៅលើ​ដៃ​ដល់​ពួក​អ្នក​កាសែត​ដែល​កំពុង​រង់ចាំ។

លោក Budi Gunadi Sadikinរ ដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​និយាយ​ថា បុគ្គលិក​សុខាភិបាល​ជិត​ ១ លាន ​៥ សែន​នាក់​ នឹង​ត្រូវ​ចាក់វ៉ាក់សាំង​ត្រឹម​ខែ​កុម្ភៈ បន្ទាប់មក​បុគ្គលិក​សាធារណៈនិង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​រយៈពេល ​១៥​ ខែ៕