ឥណ្ឌូណេស៊ី​ កំពុង​ចរចា​ដើម្បី​ដោះស្រាយ​វិបត្តិ​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​លើកដំបូង​នៃ​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបរទេស G20 នៅ​ទីក្រុង Nagoya នៃ​ប្រទេសជប៉ុន កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

ប្រទេស​ឥណ្ឌូណេស៊ី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួន​បាន​ចរចា​ជាមួយ​ភាគី​ទំាង​សងខាង​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​វិបត្តិ​នយោបាយ​នៃ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​រដ្ឋមន្ត្រី​ការបរទេស​របស់​ខ្លួន ​អាច​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​ជួយ​រក​ដំណោះស្រាយ ប៉ុន្តែ​មិន​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ភ្លាមៗ​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ដូច​នេះ បន្ទាប់ពី​ឯកសារ​លេចធ្លាយ​មួយ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ថា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Retno Marsudi គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។

ដំណើរ​ទស្សនកិច្ច​នេះ ​មិន​ទាន់​ត្រូវ​បាន​ប្រទេស​ឥណ្ឌូណេស៊ី​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ ប្រទេស​ឥណ្ឌូណេស៊ី​ គឺជា​ប្រទេស​ដើរតួ​ផ្នែក​ការទូត​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ហើយ​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មិន​ទាន់​មាន​ការ​កំណត់​ពេល​ណា​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​បើក​ចំហ​ឱកាស​សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​ពេល​ក្រោយ​របស់​អ្នកស្រី Marsudi ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​សម្រាប់​ជំនួប​ពិសេស​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន។

កាល​បរិច្ឆេទ​នៃ​កិច្ច​ប្រជុំ​ពិសេស​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ឥណ្ឌូណេស៊ី​លោក Teuku Faizasyah បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​ថា៖ «ក្រោយ​ពី​ថ្លឹងថ្លែង​ស្ថានភាព​បច្ចុប្បន្ន និង​បន្ទាប់ពី​បាន​សង្កេតមើល​លើ​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​ចំនួន​មក ពេល​នេះ​មិន​មែន​ជា​ពេល​សមស្រប​សម្រាប់​ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ទោះជា​យ៉ាង​នេះ​ក្ដី ប្រទេស​ឥណ្ឌូណេស៊ី​បេ្ដជ្ញា​រក្សា​ការ​ទាក់ទង​ជាមួយ​គ្រប់​ភាគី​ទំាង​អស់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»៕