ប្រទេសឥណ្ឌូនេស៊ី នាខែនេះ បានចាប់ផ្តើមពន្លិចនាវា ដែលខ្លួននិយាយថា បានឈ្លានពានចូលទៅក្នុងដែនទឹករបស់ខ្លួន។ ហើយរដ្ឋាភិបាលនេះបានប្តេជ្ញាថា នឹងធ្វើការឃាត់ ចាប់ និងកម្ទេចនាវាជាច្រើនទៀត ដែលជាផ្នែកមួយនៃអ្វីដែលខ្លួនបានហៅថា សង្រ្គាមលើនាវានេសាទខុសច្បាប់ដែលបំពានចូលដែនទឹករបស់ខ្លួន។ សកម្មភាពដូចនេះពីសំណាក់រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងតែបង្កើននូវហានិភ័យផ្សេងៗនៅតំបន់ដែនទឹកដែលកំពុងរងនូវការប្រឈមនានារួចមកហើយ។
លោកជូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី កំពុងតែប្រើប្រាស់យោធាដើម្បីឃាត់ចាប់ និងបំផ្លាញនាវានេសាទបរទេស ដែលមិនមានការអនុញ្ញាតឲ្យចូលនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី។
មកទល់ពេលនេះ អ្នកធ្វើការលើនាវាដែលត្រូវឃាត់ទុក ត្រូវគេជម្លៀសចេញ មុនពេលដែលនាវានោះត្រូវបានបាញ់ពន្លិច។ ប៉ុន្តែមានការព្រួយបារម្ភថា ការប្រឈមគ្នានាពេលក្រោយៗអាចបង្កឲ្យមានការស្លាប់។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាដើមខែនេះ លោកស្រីស៊ូស៊ី ពូជីអាស្តូទី (Susi Pudjiastuti) រដ្ឋមន្រ្តីជើងទឹកនិងជលផលឥណ្ឌូនេស៊ី បានបញ្ជាក់លម្អិតនូវអ្វីដែលលោកប្រធានាធិបតីឲ្យឈ្មោះថា «ការព្យាបាលដោយពញ្ញាក់» សម្រាប់អ្នកនេសាទបរទេស។
រដ្ឋមន្រ្តីជើងទឹករូបនោះបានបន្តថា លោកស្រីបានផ្ញើលិខិតតវ៉ាផ្លូវការមួយទៅអគ្គរដ្ឋទូតចិនអំពីសកម្មភាពទូកនេសាទចិនដែលបានធ្វើការនេសាទខុសច្បាប់នៅដែនទឹកឥណ្ឌូនេស៊ី។ លោកស្រីបានបកស្រាយថា អំពើនេសាទខុសច្បាប់ទាំងនោះ គឺជាអំពើមិនរាក់ទាក់មួយ និងជាអំពើរំលោភបំពានបូរណភាពទឹកដីប្រទេសដទៃ។
នាពេលថ្មីៗនេះ ឥណ្ឌូនេស៊ីបានឃាត់ចាប់នាវានេសាទចិនជាង២០គ្រឿង ប៉ុន្តែមិនបានបំផ្លាញនាវាទាំងនោះទេ ដែលនេះជាសកម្មភាពមួយដែលមនុស្សតិចតួចប៉ុណ្ណោះរំពឹងថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងឈរឱបដៃមើល។
ក្រសួងការបរទេសចិនបានស្នើឲ្យឥណ្ឌូនេស៊ី«ធានានូវសុវត្ថិភាពនិងសិទ្ធិរបស់អ្នកនេសាទចិន និងដោះស្រាយបញ្ហានោះឲ្យបានសមស្រប»។
មកទល់ពេលនេះ នាវានេសាទមួយចំនួនដែលត្រូវបានឃាត់ចាប់ និងពន្លិច ដោយប្រទេសឥណ្ឌូនេស៊ីគឺមកពីប្រទេសជិតខាង ដូចជាម៉ាឡេស៊ី ប៉ាពួញូហ្គីណេ (PNG) និងវៀតណាម។
ប្រទេសទាំងនោះ ជាមួយនឹងប្រទេសចិន ហ្វីលីពីន និងថៃគឺជាប្រភពចម្បងនៃនាវានេសាទខុសច្បាប់នៅក្នុងដែនទឹកឥណ្ឌូនេស៊ី។
នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយបណ្តាញវីអូអេភាសាឥណ្ឌូនេស៊ី លោក ប្រធានាធិបតី Widodo បាននិយាយថា លោកបានបង្គាប់ឲ្យក្រសួងជើងទឹក និងមេបញ្ជាការយោធា ឈប់អត់ឱនចំពោះនាវានេសាទខុសច្បាប់ ហើយលោកបានផ្តល់បញ្ជាឲ្យ«ពន្លិចនាវាទាំងនោះ»។
នាដើមខែនេះ វៀតណាមបានស្នើឲ្យរដ្ឋាភិបាលក្រុងហ្សាការតា (Jakarta) ដោះស្រាយនូវបញ្ហាទាំងនេះ«ឲ្យស្របតាមច្បាប់អន្តរជាតិ ដោយមានមូលដ្ឋានផ្អែកទៅលើស្មារតីមនុស្សធម៌ និងទំនាក់ទំនង រវាងឥណ្ឌូនេស៊ី និងប្រទេសដទៃទៀត»។
កោះតៃវ៉ាន់ ដែលមាននាវានេសាទរាប់រយនៅក្នុងដែនទឹកតំបន់អាស៊ីអាគ្នេយ៍ ក៏ធ្លាប់ត្រូវបានព្រមានដោយឥណ្ឌូនេស៊ីដែរ បន្ទាប់ពីនាវានេសាទមួយចំនួនរបស់ខ្លួនត្រូវបានកត់សម្គាល់ឃើញនៅខាងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ឥណ្ឌូនេស៊ី។
រដ្ឋាភិបាលកោះតៃវ៉ាន់បាននិយាយថា ខ្លួនបានផ្តល់ព័ត៌មានទៅឲ្យនាវានេសាទរបស់ខ្លួនថា ពួកគេត្រូវគោរពច្បាប់ដែនទឹកឥណ្ឌូនេស៊ីឲ្យបានខ្ជាប់ខ្ជួន បន្ទាប់ពីមានការបញ្ជាពីលោកប្រធានាធិបតី។
ទោះបីយ៉ាងណាក៏ដោយ លោក វីលៀមស៊ូ (William Hsu) លេខាធិការទីមួយនៃការិយាល័យតំណាងកោះតៃវ៉ាន់នៅក្រុងហ្សាការតា បាននិយាយថា ការបង្រ្គាបរបស់ឥណ្ឌូនេស៊ីមកលើការនេសាទខុសច្បាប់ហាក់ដូចជាមានភាពជ្រុលពេក។
លោកបានបន្តថា៖ «សម្រាប់រដ្ឋាភិបាលតៃវ៉ាន់ យើងមិនដុត ឬពន្លិចនាវានេសាទនោះទេ។ យើងគ្រាន់តែពិន័យជាប្រាក់ ដាក់ពិន័យ និងឃុំឃាំងប៉ុណ្ណោះ។ យើងមិនដុតនាវានេសាទយ៉ាងគឃ្លើនដូចប្រទេសឥណ្ឌូនេស៊ីនោះទេ»។
ឥណ្ឌូនេស៊ីបានលើកហេតុផលនៃការបង្រ្កាបរបស់ខ្លួនតាមរយៈការប្រកាសនូវវិធានការតឹងរ៉ឹងចាំបាច់ដើម្បីរុញច្រានទូកនេសាទខុសច្បាប់រាប់ពាន់ជារៀងរាល់ថ្ងៃនៅក្នុងដែនទឹករបស់ខ្លួន ដែលអំពើនេសាទខុសច្បាប់ទាំងនោះបានធ្វើឲ្យខាតបង់ធនធានជលផលក្នុងស្រុកជាង២០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
មន្រ្តីឥណ្ឌូនេស៊ីបានរអ៊ូរទាំពីការដែលនាវានេសាទបរទេសមានភាពគឃ្លើន រហូតដល់ថ្នាក់ដេញនាវានេសាទក្នុងស្រុកពីតំបន់នេសាទ។
យោធាឥណ្ឌូនេស៊ី បាននិយាយថា ខ្លួនមិនមានសម្ភារៈគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងក្រុមនេសាទ ខុសច្បាប់ ដែលប្រើរ៉ាដាទំនើប និងមានប្រភេទនាវាដែលអាចធ្វើឲ្យនាវាយោធាដេញតាមមិនទាន់។ ក្រុមមន្រ្តីយោធាក៏បានត្អួញត្អែរផងដែរថា នាវារបស់ពួកគេខ្វះខាតប្រេងឥន្ធនៈគ្រប់គ្រាន់ សម្រាប់ការល្បាតតំបន់ដែនទឹកដែលលាតសន្ធឹង៣២០គីឡូម៉ែត្រពីឆ្នេរ។
កងកម្លាំងដែនអាកាសឥណ្ឌូនេស៊ី ក៏ត្រូវបានកោះហៅឲ្យចូលរួមនៅក្នុងសង្រ្គាមប្រឆាំងក្រុមនេសាទខុសច្បាប់នេះដែរ។ រីឯក្រុមយោធានិយាយថា យន្តហោះប្រតិកម្មនឹងមិនធ្វើការវាយប្រហារទៅលើនាវានេសាទខុសច្បាប់នោះទេ ប៉ុន្តែក្រុមនាវិកត្រូវបានផ្តល់ការអនុញ្ញាតឲ្យធ្វើការពន្លិចនាវាទាំងនោះនៅនឹងកន្លែង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា