ការប្រកួតកីឡា Asian Games លើកទី ១៨ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឈានដល់ទីបញ្ចប់ហើយនៅថ្ងៃអាទិត្យនេះ ដោយមានការរៀបចំពិធីផ្ដោតលើភាពចម្រុះជាតិសាសន៍របស់ប្រទេសឥណ្ឌូណេស៊ី និងទំនាក់ទំនងដែលភ្ជាប់កីឡាករចំនួន ១ ម៉ឺន ១ ពាន់នាក់មកពីប្រទេសចំនួន ៤៥ ដែលចូលរួមប្រកួតនៅក្នុងកីឡានេះ។
នៅថ្ងៃនោះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ក៏បានប្រកាសពីគម្រោងដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០៣២ ផងដែរ។
ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងគឺជាប្រទេសដែលទទួលបានមេដាយច្រើនជាងគេបំផុត។ ចំណែកឯប្រទេសឥណ្ឌូណេស៊ីវិញ ជាប់ចំណាត់ថ្នាក់ទី ៤ នៃការទទួលបានមេដាយច្រើនសម្រាប់ការប្រកួតកីឡានេះ។
ប្រទេសចិនទទួលបានមេដាយចំនួន ២៨៩ ដែលក្នុងនោះមានមេដាយមាសចំនួន ១៣២។ រីឯប្រទេសជប៉ុនវិញ ទទួលបានមេដាយចំនួន ២០៥ ដែលក្នុងនោះមានមេដាយមាសចំនួន ៧៥។ ចំណែកឯកូរ៉េខាងត្បូងវិញ ទទួលបានមេដាយចំនួន ១៧៧ ដែលក្នុងនោះមានមេដាយមាសចំនួន ៤៩។ ចំពោះប្រទេសឥណ្ឌូណេស៊ីវិញ គឺទទួលបានមេដាយចំនួនសរុបចំនួន ៩៨ ដែលក្នុងនោះមានមេដាយមាសចំនួន ៣១ ផងដែរ។
តារាប្រចាំកីឡា Asian Games លើកនេះ គឺកីឡាការនីហែលទឹកជនជាតិជប៉ុននាង Rikako Ikee ដែលកន្លងមកឈ្នះបានមេដាយសរុបចំនួន ៨ ដែលក្នុងនោះមានមេដាយមាសចំនួន ៦ ផងដែរ។
ការប្រកួតកីឡា Asian Games បន្ទាប់ នឹងធ្វើឡើងនៅក្នុងទីក្រុង Hangzhou ប្រទេសចិន នៅឆ្នាំ ២០២២ ខាងមុខនេះ៕