សហគមន៍ជនជាតិដើមភាគតិចស្នើឱ្យបញ្ចូលពាក្យ«ជនជាតិដើមភាគតិច»ក្នុងក្រមបរិស្ថាន

រូបឯកសារ៖ ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី​ច្រូត​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​កាប់​និង​ដុត កាល​ពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤។ ពួកគេ​ត្រូវ​ព្យាយាម​ជួយ​សង្គ្រោះ​ដីធ្លី​របស់​ខ្លួន ដែល​រង​ការ​ទាមទារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នានា។

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​សម្តែង​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ក្រមបរិស្ថាន​និង​ធនធាន​ធម្មជាតិ​ ដែល​រដ្ឋាភិបាល​ទើប​បាន​បង្កើត​ ហើយ​រដ្ឋសភា​អនុម័ត​ កាល​ពី​ខែ​មេសា ​ដោយ​ពួកគេ​អះអាង​ថា​ វា​ប៉ះពាល់​ដល់​សិទ្ធិ​សង្គម​ វប្បធម៌ ​និង​សេដ្ឋ​កិច្ច​ជន​ជាតិ​ដើម​ភាគតិច។​ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ចុះ​ថ្ងៃ​ទី​ ១៩​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣។​

ការ​ព្រួយ​បារម្ភ​នេះ​ធ្វើ​ឡើង​ដោយ​តំណាង​ជនជាតិ​ដើម​ភាគ​តិច​ចំនួន​ ១៨៦​ ក្នុង​នោះ​ស្ត្រី​ ៤៤​នាក់​ ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ជា​សមូហភាព​រវាង​ជនជាតិ​ដើម​ភាគ​តិច ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពាក់ព័ន្ធ​ក្តី​បារម្ភ​នានា​ កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​ធ្នូ ​ឆ្នាំ​ ២០២៣ ​នៅ​ខេត្ត​សៀមរាប។​

សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្រួយ​បារម្ភ​ថា​ ពួកគេ​នឹង​បាត់​បង់​នូវ​ភាព​ផ្សេង​ពី​គេ ដោយ​ហេតុ​ថា​ ក្រម​នេះ​មិន​បាន​ចែង​ឬ​ដាក់​បញ្ចូល​ពាក្យ​ «ជន​ជាតិ​ដើម​ភាគ​តិច»​ ខណៈ​ដែល​ច្បាប់​ជាតិ​មួយ​ចំនួន​មាន​ពាក្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​ «ផ្ទុយ​ទៅ​វិញ​ ក្រម​នេះ​បែរ​ជា​កំណត់​ពាក្យ​ «សហគមន៍​មូលដ្ឋាន» ​ដោយ​កំណត់​និយមន័យ​បញ្ចូល​គ្នា​ជាមួយ​នឹង​សហគមន៍​ទូទៅ​ ដែល​ពុំ​មែន​ជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ ដែល​ប្រកា​នេះ​ ជន​ជាតិ​ដើម​ភាគ​តិច​យើង​ខ្ញុំ​យល់​ឃើញ​ថា​គឺ​ជា​ការ​ព្យាយាម​លុប​បំបាត់​ឈ្មោះ​ជនជាតិ​ដើម​ ឬ​ជាតិ​ពន្ធុ ​តាម​រូបភាព​ដាក់​ភាព​ផ្សេង​គ្នា​ចូល​ឡូកឡំ​ជាមួយ​សហគមន៍​ទូទៅ​ដែល​មាន​ភាព​ផ្សេងៗ​ពី​ជន​ជាតិ​ដើម​ភាគ​តិច»។​

មួយ​វិញ​ទៀត ​ពួក​គេ​លើក​ឡើង​ថា​ មាត្រា​ ៣៦៤ ​ចែង​អំពី​ការ​កំណត់​តំបន់​គ្រប់គ្រង​ទាំង ​៤ ​ មិន​មាន​ការ​ចែង​អំពី​គោល​ការណ៍​ជូន​ដំណឹង​ ពិគ្រោះ​យោបល់​ពេញ​លេញ​ និង​ការ​ព្រម​ព្រៀង​ជាមុន​ឡើយ ​ខណៈ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​ក៏​បារម្ភ​ពាក់ព័ន្ធ​នឹង​មាត្រា ​៣៦៩​ ដែល​នាំ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​ប្រឈម​នឹង​ការ​បាត់​បង់នូវ​សិទ្ធិ ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ជា​លក្ខណៈ​ប្រពៃណី។ ​នេះបើ​តាម​សេចក្តី​សេចក្តី​ថ្លែង​ការណ៍​ដ​ដែល។​

មាត្រា​ ៣៦៩​ នៃ​ក្រម​នេះ ​ត្រង់​ចំណុច​សិទ្ធិ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ចែង​ថា​ ​រដ្ឋ​ទទួល​ស្គាល់ ​និង​ធានា​សិទ្ធិ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ជា​លក្ខណៈ​ប្រពៃណី​ ទំនៀម​ទម្លាប់ ជំនឿ​សាសនា​របស់​សហគមន៍​មូលដ្ឋាន​ ដែល​រស់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ។​

អ្នកស្រី ​ទេព ទឹម​ តំណាង​សមាគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ព្រះ​វិហារ​ ប្រាប់​វីអូអេ​នៅ​ថ្ងៃពុធ​នេះ​ថា​ អ្នក​ស្រី​ព្រួយ​បារម្ភ​ចំពោះ​ក្រម​បរិស្ថាន​ដែល​អនុម័ត​កាល​ពី​ថ្ងៃ​ទី​ ២៨​ ខែ​មេសា​ ឆ្នាំ​ ២០២៣​ ដែល​មាត្រា ៣​៦៤ ​មិន​បាន​បញ្ជាក់​អំពី​សមាគមន៍​ជនជាតិ​ដើម​ភាគ​តិច​ ដូច្នេះ​អ្នកស្រី​ខ្លាច​ការ​ចែង​នៅ​ក្នុង​ក្រម​បរិស្ថាន​នេះ​អាច​ប៉ះពាល់​ដល់​សកម្មភាព​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច។​

អ្នកស្រី​ថ្លែង​ថា៖​ «ព្រួយ​បារម្ភ​របស់​ជនជាតិ​ដើម​ភាគ​តិច ​ព្រួយ​បារម្ភ​តែ​ចំពោះ​ការ​រស់​នៅ​ជីវភាព ​មុខ​របរ​ ប្រពៃណី​ដែល​យើង​ធ្លាប់​រស់​នៅ​ពឹង​អាស្រ័យ​ទៅ​លើ​ព្រៃឈើ​ដីធ្លី ​ជំនឿ​ទៅ​លើ​អារុក្ខ​អារក្ស​អ្នកតា​ដីធ្លី​របស់​យើង ​ដែល​យើង​ជា​អ្នក​រស់​នៅ​ក្បែរ​ព្រៃ ​ប្រើប្រាស់​ព្រៃ ​ថែរក្សា​ព្រៃ​ឱ្យ​មាន​និរន្ដរភាព»។​

តំណាង​សមាគមន៍​ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ​លើក​ឡើង​ថា​ មុន​ការ​អនុម័ត​ក្រម​បរិស្ថាន​នេះ ​សហគមន៍​ក៏​ធ្លាប់​ដាក់​លិខិត​ស្នើ​ទៅ​ខាង​ក្រសួង​ និង​រដ្ឋសភា​ផង​ដែរ​ ប៉ុន្ដែ​មិន​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក​ ផៃ ប៊ុនឈឿន​ បាន​នៅ​ឡើយ​ទេ។​

លោក ​សាន់ ម៉ាឡា​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​បរិស្ថាន​ ប្រាប់​វីអូអេ​ថា ​ការ​ប្រើប្រាស់​ពាក្យ​នៅ​ក្នុង​ក្រម​នេះ​បង្ហាញ​ថា​ រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុកដាក់​និង​មិន​ផ្តល់​តម្លៃ​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទេ​ ខណៈពួកគេ​តែងតែ​ក្លាយ​ជា​អ្នក​រង​គ្រោះ​នៅ​ពេល​មាន​ការ​អភិវឌ្ឍ។​

លោក​បញ្ជាក់​ថា៖​«វា​ជា​ផ្នែក​មួយ​ហាក់បី​ដូច​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង​ពុំ​បាន​ផ្តល់​ភាព​សំខាន់​និង​តម្លៃ​ទៅ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ គាត់​ជា​ជន​ជាតិ​ដើម​ភាគ​តិច​រស់​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នោះ​ទេ។ ​ហើយ​កន្លង​មក​យើង​ឃើញ​ហើយ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​តែងតែ​រង​គ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​នានា​រាប់​តាំង​ពី​ដី​សប្បទាន​សេដ្ឋកិច្ច»។

រដ្ឋាភិបាល​បញ្ជាក់​ថា​ក្រម​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ ​ដែល​មាន​កម្រាស់​ជាង​២០០​ទំព័រ​នេះ​ នឹង​បំពេញ​បន្ថែម ​និង​មាន​ភាព​ស៊ី​សង្វាក់​ប្រទាក់​ក្រឡា​គ្នា​ជាមួយ​នឹង​ច្បាប់​ពាក់​ព័ន្ធ​នានា​ ដូច​ជា​ក្រម​ព្រហ្មទណ្ឌ​ ក្រម​រដ្ឋប្បវេណី​ ច្បាប់​ស្តីពី​ព្រៃ​ឈើ​ ច្បាប់​ស្តីពី​ជល​ផល​ ច្បាប់​ស្តី​ការ​គ្រប់​គ្រង​ និង​ការ​ធ្វើ​អាជីវ​កម្ម​ធន​ធាន​រ៉ែ​ ​ច្បាប់​ភូមិ​បាល​ ច្បាប់​ស្តីពី​ទេសចរណ៍​ ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ធនធាន​ទឹក​ ជា​ដើម​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ និង​ការ​ពង្រឹង​នីតិរដ្ឋ​ទៅ​កាន់​ដំណាក់​កាល​ថ្មី​នៅ​លើ​មាគ៌ា​ចីរភាព។

​រដ្ឋាភិបាល​បញ្ជាក់​បន្ថែម​ថា ក្រមនេះ​មាន​គុណ​ប្រយោជន៍​ជា​ច្រើន ​ក្នុង​នោះ​ វា​អាច​ពង្រីក​លទ្ធភាព​យ៉ាង​ទូលំ​ទូលាយ​ដល់​ក្រសួង ​ស្ថាប័ន​ និង​មជ្ឈដ្ឋាន​ទាំង​អស់​ក្នុង​ការ​ចូលរួម​កាន់​តែ​ប្រសើរ​ជាង​មុន​ នៅ​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​ ការ​គ្រប់​គ្រង​ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវៈ​ចម្រុះ​ តាម​រយៈ​ការ​បង្កើត​ និង​ការ​គោរព​នូវ​ទំនាក់​ទំនង​នៃ​មុខ​ងារ​របស់​ក្រសួង​ ស្ថាប័ននិង​មជ្ឈដ្ឋាន​សង្គម​ទាំង​អស់៕