ពលរដ្ឋ​ឥណ្ឌា​វ័យ​ចំណាស់​ប្រញាប់​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ខណៈ​​រដ្ឋាភិបាល​​​ពង្រីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង

  • Anjana ​Pasricha

លោក Ghulam Rasool ពលរដ្ឋ​ឥណ្ឌា ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ Covishield ដែល​ផលិត​ក្នុង​ស្រុក នៅ​មណ្ឌល​សុខភាព Srinagar ក្នុង​តំបន់ Kashmir ប៉ែក​ខាង​ឥណ្ឌា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។

កម្មវិធី​ចាក់​វ៉ាក់សាំង​របស់​ឥណ្ឌា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩បាន​ទទួល​ការ​ជំរុញ​យ៉ាងខ្លាំង​មួយនៅ​ពេល​ប្រទេស​នេះ​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង​ឱ្យ​មនុស្ស​វ័យ​ចំណាស់ៗ។

ការ​រារែក​ចាក់​វ៉ាក់សាំង​បាន​កត់សម្គាល់កម្មវិធី​ផ្តល់​វ៉ាក់សាំងនេះ​កន្លង​មក ក៏បានផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​នៅ​ពេល​នេះ ដោយ​ពលរដ្ឋ​វ័យ​ចំណាស់ៗ​បាន​តម្រង់​ជួរ​គ្នា​រង់ចាំ​យ៉ាង​អន្ទះសា​ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ ​ប្រទេស​ឥណ្ឌារង​គ្រោះ​ពី​ការ​រាតត្បាត​ខ្លាំង​បំផុតទី២​នៅ​ក្នុង​ពិភពលោក ​ហើយ​ពេល​នេះ​បានពង្រីក​ការ​ចាក់​វ៉ាក់សាំង​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​លើស​៦០ឆ្នាំ និង​អ្នក​មាន​អាយុ​លើស​ពី​៤៥ឆ្នាំ​ដែល​មាន​ជំងឺ​ជាក់លាក់​មួយ​ចំនួន​កាលពី​ដើម​ខែ​មីនា។​

ការ​ចាក់​វ៉ាក់សាំង​ពី​ដំបូង​ដែល​ចាក់​ជូន​បុគ្គលិក​ជួរ​មុខ និង​បុគ្គលិក​សុខាភិបាល​មាន​ល្បឿន​យឺត​ជាង​ការ​រំពឹងទុក​ដោយសារ​តែ​មនុស្ស​មួយ​ចំនួន​មិន​បាន​ទៅ​ចាក់​វ៉ាក់សាំង​នេះ​នោះ​ទេ។ ប៉ុន្តែ​ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូចជា Maharashtra និង Kerala នៅ​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ឱ្យមាន​ភាព​បន្ទាន់​ថ្មី​មួយ​ក្នុង​ការ​ទទួល​យក​វ៉ាក់សាំង។ នៅ​ក្នុង​កន្លែង​មួយ​ចំនួន វីរុស​បម្លែង​ខ្លួន​ប្រភេទ​ថ្មី​ដែល​អ្នក​វិទ្យាសាស្ត្រ​ខ្លាច​ថា ​អាច​នឹង​ឆ្លង​សាហាវ​ជាង​មុន​ បាន​ធ្វើ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង។

លោក K. Srinath Reddy ប្រធាន​មូលនិធិ​សុខភាព​សាធារណៈ​ឥណ្ឌា​បាន​ថ្លែង​ថា៖ «នៅ​ពេល​កម្មវិធី​ចាក់​វ៉ាក់សាំង​បាន​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែមករា ការ​គិត​បារម្ភ​ពី​ការ​គំរាមកំហែង​[ដោយ​កូវីដ]​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​គេ​យល់​ថា ការ​រាតត្បាត​ជិត​រលាយ​បាត់​ពី​ប្រទេស​ឥណ្ឌា​ទៅ​ហើយ។ ទើប​មាន​ការ​រក​ឃើញ​ថ្មីៗ​បំផុត​ថា ការ​រាតត្បាត​មិន​ទាន់​រលាយ​បាត់​នោះ​ទេ»។​

ប្រទេស​ឥណ្ឌា​បាន​ផ្តល់​វ៉ាក់សាំង​ជាង​១៦​លាន​វ៉ាក់សាំង​មក​ដល់​ពេល​នេះ ដែល​ធ្វើ​ឱ្យ​មាន​ការ​លើក​ជា​សំណួរ​ថា​ ហេតុអ្វី​បាន​ជា​ប្រទេស​ដែល​មាន​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​ដ៏​ច្រើន​នេះ​មិន​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​ខ្លួន​បាន​លឿន​ជាង​នេះ។

ក្រសួង​សុខាភិបាល​និយាយ​ថា ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាពលរដ្ឋ​គឺ​ជា​អាទិភាព​មួយ ហើយ​ខ្លួន​កំពុង​ជំរុញ​ឱ្យ​រដ្ឋ​នានា​មិន​ត្រូវ​បន្ថយ​កិច្ចខិតខំ​ប្រឹងប្រែង​នោះ​ទេ។ មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​ពង្រីក​យ៉ាង​ច្រើន​កាលពី​សប្តាហ៍​មុន​ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​នេះ។ គោលដៅ​គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ដល់​ពលរដ្ឋ៣០០​លាននាក់​នៅ​ត្រឹម​ខែ​សីហា។

ការ​ចាក់​វ៉ាក់សាំង​នេះ​ធ្វើ​ឡើង​ដោយ​ឥត​គិត​ថ្លៃ​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​មាន​តម្លៃ​៣,៤០​ដុល្លារ​សម្រាប់​ការ​ចាក់​មួយ​លើក​នៅ​មន្ទីរពេទ្យ​ឯកជន។

លោក Vinod Paul សមាជិក​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​ផ្លាស់ប្តូរ​ឥណ្ឌា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃទី០៣ ខែមីនា​ថា៖ «ការ​កើន​ឡើង​តិច​តួចវិញ​នៃ​ករណី​ឆ្លងជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ។ យើង​មិន​អាច​ចាត់​ទុក​រឿង​នេះ​ថា​ជា បញ្ហា​តិចតួច​នោះ​ទេ»។​

លោក Narendra Modi នាយករដ្ឋមន្ត្រី​ឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដំបូង​ដែល​បាន​ចាក់​វ៉ាក់សាំង​នៅ​ដើម​ខែ​មីនា។ នៅ​ក្នុង​ការ​បង្ហោះ​សារ​តាម​បណ្តាញ Twitter មួយ លោក​បាន​ជំរុញ​ឱ្យ​មនុស្សម្នា​ទៅ​ចាក់​វ៉ាក់សាំង​ដែរ។ លោក​បាន​សរសេរ​ថា៖ «ចូរ​យើង​រួម​គ្នា​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​មិន​មាន​ជំងឺ​កូវីដ១៩»។

លោក Reddy បាន​ថ្លែងថា៖ «នៅ​ក្នុង​ប្រទេស​ឥណ្ឌា មាននិន្នាការដើរ​តាម​អ្នក​នយោបាយយ៉ាង​ខ្លាំង ហើយ​នៅ​ពេល​ដែល​អ្នក​ដឹកនាំ​ចាក់​វ៉ាក់សាំង វា​នឹង​ក្លាយ​ជា​ភ្លើង​ខៀវ​សម្រាប់​ធ្វើ​តាម​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នោះ​ដែរ»។​

លោកModi និង​មេដឹកនាំ​ផ្សេង​ទៀត​បាន​ចាក់​វ៉ាក់សាំង​ដែល​ត្រូវ​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​ និង​ជា​វ៉ាក់សាំង​ដែល​មនុស្ស​មួយ​ចំនួន​រារែក​នឹង​ចាក់​ដោយសារ​តែ​មិន​ទាន់​មាន​លទ្ធផល​ចុង​ក្រោយពីប្រសិទ្ធភាព។ វ៉ាក់សាំង Covaxin គឺ​ជា​វ៉ាក់សាំង​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​ពីរ​ដែល​កំពុង​ត្រូវ​បាន​ផ្តល់​ជូន​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​

ប៉ុន្តែ​អ្នក​ជំនាញ​សង្ឃឹម​ថា ទិន្នន័យ​បណ្តោះអាសន្ន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​០៣ ខែ​មីនានិង​បាន​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​ជាង​៨០%​នោះ ​នឹង​បង្កើន​ការ​ទុក​ចិត្ត​លើ​វ៉ាក់សាំង​នេះ និង​ពង្រីក​ផែនការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ក្រុមហ៊ុន​ដែល​ផលិត​វ៉ាក់សាំង​នេះ​ក៏​បាន​ប្រកាស​ថា ទិន្នន័យ​បឋម​បង្ហាញ​ថា វា​ក៏​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​កូវីដ១៩​បម្លែង​ខ្លួន​ប្រភេទ​ថ្មីនានា​ផង​ដែរ។​

លោក Arvind Kumar នាយក​វិទ្យាស្ថាន​វះកាត់​ដើម​ទ្រូង​នៅ​មន្ទីរពេទ្យ Medanta ក្នុង​ក្រុង Gurugram បាន​និយាយថា៖ «វាជា​រឿង​ចាំបាច់ខ្លាំង​ណាស់​ដែលយើង​នឹង​មិន​ធ្វើ​ឱ្យ​ឥណ្ឌា​ដើរ​តាម​ផ្លូវ​របស់​អឺរ៉ុប​នោះ​ទេ ដែល​នៅ​ទីនោះ​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​បិទ​សកម្មភាព​សង្គម​ជា​លើក​ទី២​ បន្ទាប់​ពី​មាន​ភាព​ជោគជ័យ​នៅ​ដំណាក់កាល​ដំបូង»៕