កម្ពុជាធ្វើតេស្តរកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀតកាលពីថ្ងៃច័ន្ទ ដោយធ្វើឲ្យចំនួនអ្នកឆ្លងជំងឺនេះសរុបក្នុងប្រទេសកើនដល់២២៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា បានឲ្យដឹងថា អ្នកឆ្លងកូវីដចុងក្រោយគេនេះ គឺជាបុរសជនជាតិឥណ្ឌាអាយុ៣២ឆ្នាំ ម្នាក់ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ីនិងបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងមុននឹងមកដល់រាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យ។
ការរកឃើញនេះ កើតមានឡើងក្រោយពីអាជ្ញាធរកម្ពុជា កាលពីថ្ងៃសៅរ៍ បានប្រកាសផ្អាកជាបណ្តោះអាសន្ននូវជើងយន្តហោះពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១ ខែសីហាឆ្នាំ២០២០ទៅ ដោយលើកឡើងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីមន្ត្រីកម្ពុជារកឃើញករណីឆ្លងថ្មីចុងក្រោយបំផុតភាគច្រើនក្នុងចំណោមពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរពីឬឆ្លងកាត់ប្រទេសទាំងពីរ។
ប្រទេសឥណ្ឌានៅពេលនេះក៏ជាប្រទេសអាស៊ីដែលមានចំនួនអ្នកឆ្លងច្រើនជាងគេផងដែររហូតជិត១,៥លាននាក់ ដែលជាលំដាប់ទី៣ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល នេះបើតាមតួលេខពីសាកលវិទ្យាល័យ Johns Hopkins។
បច្ចុប្បន្ននេះ បុរសជនជាតិឥណ្ឌារូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងរាជធានីភ្នំពេញ។
រហូតមកដល់ពេលនេះ ក្នុងចំណោមអ្នកឆ្លងកូវីដទាំង២២៦នាក់ មាន១៤៧នាក់ បានជាសះស្បើយ៕