ទាហានឥណ្ឌានិងចិនបានប៉ះទង្គិចគ្នាយ៉ាងតិចណាស់ពីរដងក្នុងឆ្នាំ ២០២២ នៅតាមព្រំដែនរវាងប្រទេសទាំងពីរនៅក្នុងតំបន់ភ្នំ Himalaya ដែលនៅទីនោះ ពួកគេស្ថិតក្នុងភាពមិនឈ្នះមិនចាញ់តាំងពីឆ្នាំ ២០២០ មក។ នេះបើតាមសេចក្តីរាយការណ៍ថ្មីៗដែលត្រូវបានលើកយកមកចែងនៅក្នុងការផ្តល់រង្វាន់ដោយកងទ័ពឥណ្ឌា។
ឧប្បត្តិហេតុទាំងនេះមានការវាយប្រយុទ្ធគ្នាដោយប្រើដៃ ហើយបានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលក្រុងញូវដែលីនិងក្រុងប៉េកាំងបានធ្វើកិច្ចចរចាខាងការទូតនិងខាងយោធាមួយចំនួន ដើម្បីដោះស្រាយជម្លោះយោធាដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរនៅក្នុងពេលជាច្រើនទសវត្សរ៍មកហើយ។
គ្មានរបាយការណ៍អំពីមនុស្សស្លាប់នៅក្នុងឧប្បត្តិហេតុទាំងនេះទេ។ មានទាហានឥណ្ឌាយ៉ាងតិចណាស់ ២០នាក់ និងទាហានចិនបួននាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានៅក្នុងតំបន់នោះ កាលពីពីរឆ្នាំមុន គឺនៅពាក់កណ្តាលឆ្នាំ ២០២០។
ការប៉ះទង្គិចគ្នាទាំងនេះកើតឡើងនៅក្នុងតំបន់ Ladakh នៃប្រទេសឥណ្ឌា ដែលជាការប៉ះទង្គិចគ្នាចុងក្រោយបង្អស់គេ ត្រូវបានគេដឹងនៅពេលនេះថា បានកើតមានក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយបង្ហាញថា ការតានតឹងនៅតាមព្រំដែននេះដែលគ្មានការកំណត់ជាក់លាក់ឱ្យបានគ្រប់គ្រាន់ បានបន្តកើតមានយូរជាងអ្វីដែលគេបានរាយការណ៍ពីពេលមុន។
កងទ័ពឥណ្ឌានិងចិនមិនបានឆ្លើយតបជាបន្ទាន់នឹងសំណើសុំអត្ថាធិប្បាយទេ។
ព័ត៌មានលម្អិតនៃការប៉ះទង្គិចគ្នាថ្មីៗបានលេចឡើង បន្ទាប់ពីកងទ័ពជើងគោកឥណ្ឌាផ្តល់មេដាយដល់ទាហានខ្លះ ដែលយោធាឥណ្ឌានិយាយថា បានទប់ទល់នឹងទាហានចិនដែលបានព្យាយាមចូលក្នុងដែនដីឥណ្ឌា នៅក្នុងឧប្បត្តិហេតុយ៉ាងតិចណាស់ពីរ កាលពីឆ្នាំ ២០២២។
សេចក្តីប្រកាសនៅពេលប្រគល់មេដាយនោះបានឱ្យដឹងថា នៅក្នុងឧប្បត្តិហេតុទី ១ កាលពីខែមករា ឆ្នាំ២០២២ «ទាហានមួយចំនួននៃកងទ័ពរំដោះរបស់ប្រជាជនចិនបានវាយប្រហារ» ប៉ុស្តិ៍មួយរបស់កងទ័ពឥណ្ឌាក្នុងតំបន់ Ladakh នាប៉ែកខាងកើតប្រទេស។
សេចក្តីប្រកាសនេះបានចែងថា នៅក្នុងការវាយប្រយុទ្ធគ្នាដោយប្រើដៃនោះ ទាហានឥណ្ឌាម្នាក់បានធ្វើឱ្យរបួសទាហានចិនយ៉ាងតិចបួននាក់ ហើយកញ្ឆក់បានកាំភ្លើងវែងពីទាហានចិន «ដោយបានបង្ខំពួកគេឱ្យត្រឡប់ទៅវិញ»។
នៅក្នុងឧប្បត្តិហេតុទី ២ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ទាហានឥណ្ឌាបានរុញច្រាន «ទាហានមួយក្រុមមានគ្នាពី ៤០ទៅ៥០នាក់» ដែលប្រឹងប្រែងចូលក្នុងដែនដីឥណ្ឌា។ ការប្រកាសមួយទៀតបាននិយាយថា អង្គភាពមួយនៃទាហានឥណ្ឌាបានវាយប្រហារនិងធ្វើឱ្យទាហានចិនរបួស«ដូច្នេះធ្វើឱ្យខកខានផែនការរបស់សត្រូវក្នុងការវាយយកប៉ុស្តិ៍នោះ»។
សេចក្តីប្រកាសផ្តល់មេដាយទាំងនេះក៏បានឱ្យដឹងដែរថា កងអង្គភាពនៃកងទ័ពប្រទេសទាំងពីរបានស្ថិតក្នុងភាពមិនឈ្នះមិនចាញ់រយៈពេលពីរថ្ងៃនៅក្នុងតំបន់មួយដែលមិនត្រូវបានកំណត់ឱ្យច្បាស់លាស់ កាលពីឆ្នាំ ២០២២។
ការពិភាក្សាខាងយោធានិងខាងការទូតរវាងប្រទេសទាំងពីរដែលមានអាវុធនុយក្លេអ៊ែរដើម្បីដោះស្រាយភាពមិនឈ្នះមិនចាញ់នេះ ដែលបានចាប់ផ្តើមធ្វើកាលពីពាក់កណ្តាលឆ្នាំ ២០២០ មិនបានធ្វើឱ្យមានដំណោះស្រាយចុងក្រោយនៅឡើយទេ។
ជម្លោះព្រំដែនរវាងឥណ្ឌានិងចិនបានកើតមានតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ ហើយភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមរយៈពេលខ្លីមួយ តែមានការបង្ហូរឈាមច្រើនកាលពីឆ្នាំ ១៩៦២។
នៅក្នុងព្រឹត្តិការណ៍មួយដាច់ដោយឡែក ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ឥណ្ឌាអាចបន្ធូរការពិនិត្យវិនិច្ឆយរបស់ខ្លួនលើវិនិយោគចិន ប្រសិនបើព្រំដែននៃប្រទេសទាំងពីរនេះនៅមានសន្តិភាព។ មន្ត្រីឥណ្ឌាជាន់ខ្ពស់ម្នាក់បាននិយាយដូច្នេះ នៅក្នុងសញ្ញាទី ១ ថា ការពិនិត្យវិនិច្ឆយនេះដែលមានរយៈពេលបួនឆ្នាំ អាចត្រូវលុបចោល។
លោក Rajesh Kumar Singh អ្នកការិយាធិបតេយ្យជាន់ខ្ពស់ខាងគោលនយោបាយឧស្សាហកម្ម បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែមករានៅក្នុងការប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅ Davos ប្រទេសស្វីសថា ភាពតានតឹងខាងព្រំដែន ដែលនាំឱ្យទំនាក់ទំនងរវាងប្រទេសអាស៊ីទាំងពីរដែលមានអាវុធនុយក្លេអ៊ែររអាក់រអួលនោះ បានធូរស្រាលដែលអាចនាំឱ្យមានការកែលម្អដល់ចំណងទាក់ទងគ្នាខាងការបណ្តាក់ទុន។
កាលពីឆ្នាំ ២០២០ ឥណ្ឌាបានបន្តឹងការពិនិត្យវិនិច្ឆយលើវិនិយោគរបស់ក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសជិតខាងមានព្រំដែនជាប់ជាមួយខ្លួន ដោយបន្ថែមការត្រួតពិនិត្យខាងសន្តិសុខ។ ចំណាត់ការនេះត្រូវបានចាត់ទុកថាជាការសងសឹកអំពីការប៉ះទង្គិចគ្នារវាងទាហានចិននិងឥណ្ឌានៅតាមព្រំដែនមានជម្លោះរបស់ពួកគេ ដែលមានប្រវែង៣៨០០ គីឡូម៉ែត្រ ក្នុងតំបន់ Himalaya ដែលបានសម្លាប់ទាហានឥណ្ឌាយ៉ាងតិច ២០នាក់ និងទាហានចិនបួននាក់ ដែលជាជម្លោះខាងយោធាដ៏អាក្រក់បំផុតរបស់ពួកគេក្នុងពេលជាច្រើនទសវត្សរ៍មកនេះ។
ភាពតានតឹងទាំងនេះបានបង្អាក់វិនិយោគមានទឹកប្រាក់រាប់ពាន់លានដុល្លារវាងប្រទេសទាំងពីរ ដែលមានប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ