ឥណ្ឌា​​ត្រូវ​បាន​សុំ​ឱ្យ​បញ្ឈប់​ការ​នាំ​ចេញ​អាវុធ​ទៅ​មីយ៉ាន់ម៉ា​ ដែល​ហែកហួរ​ដោយសារ​សង្គ្រាម

រូប​ឯកសារ៖ មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ចាកចេញ​​ពី​កន្លែង​ប្រារព្ធ​ពិធី​អបអរ​កងទ័ព​មីយ៉ាន់ម៉ា​នៅ​រដ្ឋធានី​ណៃពិដោ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៣។

ក្រុមដាក់​សម្ពាធ​មួយ​លើ​ប្រទេស​មីយ៉ាន់ម៉ា បាន​ស្នើសុំដល់​ប្រទេស​ឥណ្ឌាឱ្យ​បញ្ឈប់​ការលក់​អាវុធដល់​កងយោធា​នៃប្រទេស​មីយ៉ាន់ម៉ា ​ដែល​ខ្ទេចខ្ទាំដោយសារ​សង្គ្រាម ​ហើយ​បាន​សុំ​ដល់​ក្រុមសម្ព័ន្ធមិត្ត​លោក​ខាងលិច​ ឱ្យ​ចូលរួម​ជាមួយ​ការ​អំពាវនាវ​នេះ ដោយ​និយាយ​ចំៗដល់​ប្រទេស​ស៊ុយអែត​និង​សហរដ្ឋ​អាមេរិក។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បានបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​មួយ​របស់​លោកក្នុង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃទី​២២ ខែ​មិថុនា​ កន្លងទៅ។ ប្រទេស​ទាំង​ពីរ​នេះជា​សមាជិក​នៃសម្ព័ន្ធភាព​ Quad ​ជាមួយ​ប្រទេស​អូស្ត្រាលី​និង​ប្រទេស​ជប៉ុន ដែល​គេ​ឃើញ​ជា​ទូទៅ​ថា ​ជាការ​ធ្វើការ​ជា​មួយគ្នា​ ដើម្បីទប់ទល់​នឹងកំណើនឥទ្ធិពល​ចិន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ក្រុមដាក់​សម្ពាធនេះ ​ដែល​ជាក្រុមយុត្តិធម៌​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​និយាយ​ថា ការ​ស្រាវជ្រាវ​របស់​ពួក​គេ​ បាន​រក​ឃើញគ្រឿង​បន្លាស់​អាវុធផលិត​ក្នុង​ប្រទេស​ឥណ្ឌា​ ដែលមាន​ការ​រចនាម៉ូត​តាម​លំនាំ​ប្រទេស​ស៊ុយអែត ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ក្រោយរដ្ឋប្រហារ​យោធា​កាលពី​ឆ្នាំ២០២១​ដែល​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​ប្រទេស​នេះ។

ពួក​អ្នកជំនាញ​អង្គការ​សហប្រជាជាតិ​ បាន​ចោទប្រកាន់​ក្រុម​យោធា​មីយ៉ាន់ម៉ាថា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិ​ និង​ពីបទ​ឧក្រិដ្ឋកម្ម​សង្គ្រាមពីព្រោះ​ពួក​យោធា​នេះ​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមតស៊ូ​ប្រដាប់​អាវុធ​ បណ្តាល​ឱ្យ​ជនស៊ីវិល​រាប់​ពាន់​នាក់​ស្លាប់ និង​ធ្វើ​ឱ្យមនុស្ស​ជាង​១លាន​៥សែន​នាក់ខ្ចាត់​ព្រាត់​ពី​ផ្ទះ​សម្បែង​នៅ​ទូទាំង​ប្រទេស។

នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប​និង​ប្រទេស​ឯ​ទៀតៗ បានរាំង​ខ្ទប់​ការ​ផ្តល់អាវុធ​ឱ្យ​មីយ៉ាន់ម៉ា​ ប្រទេស​ឥណ្ឌា​ដែល​មាន​ព្រំដែន​១ពាន់៦រយ​គ.ម.​ជាប់​ជា​មួយ​មីយ៉ាន់ម៉ា
នៅ​តែ​ជាប្រទេសមួយ ដែល​ផ្តល់​អាវុធឱ្យ​របប​គ្រប់គ្រង​យោធា​នៃ​ប្រទេសនេះ។

អ្នកស្រី Yadanar Maung អ្នក​នាំពាក្យ​ក្រុម​ដាក់​សម្ពាធ «យុត្តិធម៌​ដើម្បី​មីយ៉ាន់ម៉ា» បាន​ថ្លែង​ប្រាប់​វីអូអេ​ ដូច្នេះ​ថា៖ «ការ​នាំចេញ​អាវុធ​ឥណ្ឌា​ និង​សម្ភារៈ​សម្រាប់​ប្រើ​ប្រាស់​ទាំង​ផ្នែក​ស៊ីវិល និង​យោធា​ព្រម​ទាំង​បច្ចេកវិទ្យា​នានា​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​សម្រាប់​យោធា​មីយ៉ាន់ម៉ា ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​មាន​លទ្ធភាព​បន្ត​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ»។


អ្នក​ស្រី​បន្ត​ថា​ ការ​នាំ​ចេញ​ដ៏​ធំមួយ​របស់​ឥណ្ឌា​នា​ពេល​ចុងក្រោយ​នេះ បាន​ជួយ​ជំរុញ​ដល់​ការ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​អ្នកស្រី​បាន​ជំរុញឲ្យក្រុម​សម្ព័ន្ធភាព​ Quad បង្កើន​និង​ចាប់​ផ្ដើម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ​ដើម្បី​បញ្ឈប់​ការ​គាំទ្រដ៏​គួរ​ស្អប់​ខ្ពើម​របស់​ឥណ្ឌា​ សម្រាប់​របប​យោធា​មីយ៉ាន់ម៉ា។

ផលិតក្នុងប្រទេស​ឥណ្ឌា

ក្រុម​ដាក់​សម្ពាធ «យុត្តិធម៌​សម្រាប់​មីយ៉ាន់ម៉ា» បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​ខ្លួន​ទៅ​លើ​កំណត់​ត្រា​នាំ​ចេញ​របស់​ឥណ្ឌា​បាន​រក​ឃើញការ​ផ្គត់​ផ្គង់មាន​តម្លៃ​ជាង​ ៥ លាន​ដុល្លារអាមេរិក ​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុន​រដ្ឋ​ឥណ្ឌា Bharat Electronics ទៅ​ឱ្យ​ក្រុម​យោធា​មីយ៉ាន់ម៉ា​ និង​ឈ្មួញអាវុធ​កណ្ដាល​របស់​ខ្លួន​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២ ដល់​ខែ​មេសា ឆ្នាំ ២០២៣។ ក្រុម​ដាក់​សម្ពាធ​និយាយ​ថា​ ការ​នាំចេញ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ឧបករណ៍​បំប្លែង​ថាមពល​ គ្រឿង​បន្លាស់​នាវា​កងទ័ព​ជើងទឹក ប្រព័ន្ធរ៉ាដា និង​វិទ្យុ​ទាក់ទងប្រើ​នៅ​លើ​សមរភូមិ​ផង​ដែរ។

ក្រុមដាក់​សម្ពាធ​ថ្លែង​ថា​ កំណត់​ត្រា​ទាំង​នោះ​ក៏​បង្ហាញ​ពី​ការ​ដឹកជញ្ជូន​កេស​ធំៗទំហំ​ ១២២ មីលីម៉ែត្រ​ ចំនួន​២០កេស​ ពី​ក្រុមហ៊ុន​រដ្ឋ Yantra India កាល​ពី​ខែ​តុលា ឆ្នាំ​មុន ដែល​កេស​ទាំង​នោះ​ទំនង​ជាមានដាក់​កាំភ្លើង​ធំ​ ​ដែល​ជា​ប្រភេទ​កាំភ្លើង​ ​ដែល​គេ​រាយការណ៍​ថា ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បាញ់​សំដៅ​ទៅលើ​ជន​ស៊ីវិល។

ក្រុម​ដដែល​បាន​បន្ថែម​ថា យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ Panjiva ដែល​ធ្វើ​ការ​តាម​ដាន​លើ​ប្រវត្តិ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម បាន​បង្ហាញ​ថា ឈ្នួន​បំផ្ទុះ​ឬកិប​គ្រាប់​ចំនួន​រាប់​ពាន់​ ត្រូវ​បាន​ដឹក​ចេញ​តាម​នាវា​ពី​ក្រុម​ហ៊ុន​ឥណ្ឌា​ឈ្មោះ Sandeep Metalcraft ទៅ​កាន់​ក្រុម​ឈ្មួញ​អាវុធ​យោធា​មីយ៉ាន់ម៉ា នៅ​ឆ្នាំ​ ២០១៩ ឆ្នាំ​២០២០​ និង​ ឆ្នាំ​២០២២។

ក្រុមហ៊ុន Panjiva ប្រមូល​និង​ចែកចាយ​ទិន្នន័យ​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ពី​ប្រទេស​ចំនួន ១៧ ដែល​បូក​រួមទាំង​ឥណ្ឌា​ផង​ដែរ​ ដោយ​ប្រើ​ប្រាស់​កំណត់​ត្រា​ដែល​ចេញ​ដោយ​រដ្ឋាភិបាល។ ទោះបី​ជា កំណត់​ត្រា​ដឹកជញ្ជូន​ឆ្នាំ ២០២០​ និង​ ២០២២ មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​នៃ​កិបគ្រាប់​ផ្ទុះ​ក៏​ដោយ​ ក៏​ ក្រុម​ដាក់​សម្ពាធ «យុត្តិធម៌​សម្រាប់​មីយ៉ាន់ម៉ា» ថ្លែង​ថា​ ការ​ដឹក​ជញ្ជូន​កាល​ពី​ឆ្នាំ ២០១៩ គឺ​ជា​ប្រភេទ​កិបគ្រាប់​ម៉ាក៤៤៧ ដែល​ប្រើ​សម្រាប់​កាំភ្លើងវែង​ Carl Gustaf ៨៤ មីលីម៉ែត្រ ដែល​ជា​ប្រភេទ​កាំភ្លើង​លី​លើ​ស្មា ត្រូវ​បាន​រចនា​ និងផលិត​ជា​លើក​ដំបូង​ដោយ​ប្រទេស​ស៊ុយអែត។ ​ក្រុម​ដាក់​សម្ពាធ​នេះនិយាយ​ថា ខ្លួន​ជឿជាក់​ថា​ ឈ្នួន​ផ្ទុះ​ឬកិបគ្រាប់ដែល​ដឹក​មក​ឱ្យ​ក្រុម​យោធា​មីយ៉ាន់ម៉ា​បន្ទាប់​នោះ​ គឺ​ជា​ប្រភេទដូច​គ្នា​នេះ។ ​

រូប​ឯកសារ៖ បុគ្គលិក​នៃ​ក្រុមហ៊ុន​ផលិត​អាវុធ​ស៊ុយអែត​ SAAB បង្ហាញ​កាំភ្លើង​ធំ Carl-Gustaf ៨៥​មីលីម៉ែត្រ នៅ​ការ​តាំង​ពិព័រណ៍​យោធា​មួយ​នៅ​រដ្ឋធានី​ញូវដែលី​ ប្រទេស​ឥណ្ឌា កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២២ ក្រុមហ៊ុន​យក្ស​របស់​ស៊ុយអែត ឈ្មោះ Saab បាន​ប្រកាស​ពី​ផែនការ​សាងសង់​រោងចក្រ​ផលិត​កាំភ្លើង Carl Gustaf នៅ​ប្រទេស​ឥណ្ឌា ព្រម​ទាំង​បាន​គ្រោង​ដាក់​ដំណើរ​ការ​រោងចក្រនេះ​នៅ​ឆ្នាំ​ ២០២៤ ខាង​មុខនេះ​ទៀត​ផង​។

ខណៈ​ដែល​ការ​នាំ​ចេញ​របស់​ឥណ្ឌា​នៅ​តែ​បន្ត​ ក្រុម​ដាក់​សម្ពាធ «យុត្តិធម៌​សម្រាប់​មីយ៉ាន់ម៉ា» មាន​ការ​ព្រួយ​បារម្ភ​ថា កាំភ្លើង​ឬ​ ​កិប​គ្រាប់ ​ដែល​ក្រុមហ៊ុន​នេះ​នឹង​ផលិត​ឡើង អាច​នឹង​ធ្លាក់​ទៅ​ដល់​ដៃ​របស់​ពួក​យោធា​មីយ៉ាន់ម៉ា។

អ្នកស្រី​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ក្រុមហ៊ុន Saab ផលិត​កាំភ្លើង​នៅ​ប្រទេស​ឥណ្ឌា គ្មាន​អ្វី​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​កាំភ្លើង​ទាំងនោះ​ទេ។ អាច​មាន​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​ ឬ​អ្នកប្រើ​ប្រាស់​ ដែល​ចេញ​ដោយ​ប្រទេស​ស៊ុយអែត ឬក្រុម​ហ៊ុន Saab ផ្ទាល់​ ប៉ុន្តែ​ មក​ទល់​នឹង​ពេល​នេះ យើង​មិន​ទាន់​ឃើញ​មាន​លក្ខខណ្ឌ​បែប​នេះ​នៅ​ឡើយ​ទេ។ ដូច្នេះ​ យើង​មិន​ទាន់​ដឹង​ថា​នឹង​មាន​លក្ខខណ្ឌ​អ្វី ឬ​មាន​លក្ខខណ្ឌ​តម្រូវ​ ដែល​ហាមមិន​ឲ្យ​លក់​អាវុធ​នេះ​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ឬ​យ៉ាង​ណា​នោះ​ឡើយ»។

អ្នក​ស្រី​បន្ថែម​ថា ទោះ​បី​ជា​លក្ខខណ្ឌ​បែប​នេះ​អាច​មាន​ក៏​ដោយ ក៏​គ្មាន​វិធីសាស្ត្រ​ជាក់ស្ដែង​ណា​អាច​ធានា​បាន​ថា​ កាំភ្លើង​ទាំង​នោះ​នឹង​មិន​ត្រូវ​បាន​នាំចេញ​នោះ​ទេ។ អ្នកស្រី​អំពាវនាវ​ឲ្យ​ប្រទេស​ស៊ុយអែត​ ព្យួរ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ និង​កិច្ចព្រម​ព្រៀង​ផលិត​អាវុធជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​នៅ​ឥណ្ឌា។ ទាំង​ក្រុមហ៊ុន Saab និង​ក្រសួងការបរទេស​ស៊ុយអែត មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​វីអូអេ ដែល​ស្នើសុំ​ការ​អត្ថាធិប្បាយ​អំពី​ករណី​នេះ​ទេ។

ទាំង​ក្រុមហ៊ុន Bharat ក្រុមហ៊ុន Sandeep ក្រុមហ៊ុន​ Yantra និង​ក្រសួង​ការបរទេស​ឥណ្ឌា ក៏​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​បស់​វីអូអេ​ដូចគ្នា​ដែរ។

បញ្ឈប់ការ​នាំចេញ​អាវុធ

ការ​ដឹកជញ្ជូន​តាម​នាវា​ពី​ក្រុម​ហ៊ុន Bharat ក្រុមហ៊ុន Sandeep និងក្រុមហ៊ុន Yantra មិន​មែន​ជា​ការ​នាំ​ចេញ​អាវុធ​ឥណ្ឌា​ទៅ​មីយ៉ាន់ម៉ា ជា​លើក​ចុងក្រោយ​នោះ​ទេ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

នៅ​ក្នុង​របាយការណ៍​មួយ​កាល​ពី​ខែ​មុន លោក​ Tom Andrews អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​បញ្ហា​សិទ្ធិ​មនុស្សក្នុង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា ការ​នាំចេញ​របស់​ឥណ្ឌា​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​បន្ទាប់​ពី​រដ្ឋ​ប្រហារ​យោធា​ មាន​ទឹក​ប្រាក់​សរុប​យ៉ាង​ហោច​ណាស់​ក៏ ៥១ លាន​ដុល្លារ​អាមេរិក​ផង​ដែរ។

នៅ​ក្នុង​របាយការណ៍​នោះ លោក Andrews បាន​ថ្លែង​ថា ប្រទេស​ឥណ្ឌា​មិន​អាច​មាន​លេស​ថា​ ខ្លួន​មិន​បាន​ដឹង​ពី​លទ្ធភាព​នៃ​ឧក្រិដ្ឋកម្ម​សង្គ្រាម​របស់​យោធា​មីយ៉ាន់ម៉ា​នោះ​ទេ ហើយ​ថា​ ការ​នាំ​ចេញ​ទាំង​នោះ​ ទំនង​ជា​រំលោភ​ទៅ​លើ​កាតព្វកិច្ច​របស់​ទីក្រុង​ញូវដែលី ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​គ្រប់គ្រង​អាវុធ Wassenaar Agreement​ ។​ សន្ធិសញ្ញាមិន​មាន​លក្ខណៈតាម​ផ្លូវច្បាប់​នេះ​ តម្រូវ​ឲ្យ​សមាជិក​ដែល​មានប្រទេស​ឥណ្ឌា​ផង​ដែរ​នោះ​ ត្រូវ​ធ្វើ​ការ​រារាំង​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់ ​«ដែល​មាន​អកប្បកិរិយា​បង្ក​ការព្រួយ​បារម្ភ​ធ្ងន់​ធ្ងរ»។

លោក Andrews សរសេរ​ថា៖ «ដូច្នេះ​ ប្រទេស​ឥណ្ឌា​គួរ​តែ​ដឹង​ថា អាវុធ​ដែល​ខ្លួន​បាន​ផ្ដល់​ទៅ​ឲ្យ​យោធា​មីយ៉ាន់ម៉ានោះ​ ទំនង​ជាត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស​អន្តរជាតិ»។

លោក​បន្តទៀត​ថា៖ «វា​ជា​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា ប្រសិន​បើ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​រដ្ឋ​ឥណ្ឌា​ បញ្ឈប់​ការ​លក់​អាវុធ​ និង​សម្ភារៈ​ពាក់​ព័ន្ធ​ទៅ​ឲ្យ​យោធា​មីយ៉ាន់ម៉ា ហើយ​រដ្ឋាភិបាល​ឥណ្ឌា​ឈប់​ផ្ដល់​សិទ្ធិ​ដល់​ការ​ដឹក​ជញ្ជូន​អាវុធ​ទាំង​អស់​នោះ»។

លោក Ian Storey អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​អាស៊ី​អាគ្នេយ៍ ក្នុង​ប្រទស​សិង្ហបុរី ​ដែល​បាន​តាមដាន​អំពី​ទំនាក់​ទំនង​តំបន់​នេះ​ជាមួយប្រទេស​មហា​អំណាច​នានា​ និយាយ​ថា​ ​លោក​មើល​ឃើញ​លទ្ធភាព​តិច​តួច​ប៉ុណ្ណោះ​ ក្នុង​ការ​បញ្ឈប់​ការ​នាំ​ចេញ​អាវុធ​ទៅ​មីយ៉ាន់ម៉ា។

លោក​ថ្លែង​ប្រាប់​វីអូអេដូច្នេះ​ថា៖ «សម្រាប់​ប្រទេស​ឥណ្ឌា ការ​លក់​អាវុធ​ទៅ​ឲ្យ​មីយ៉ាន់ម៉ា ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជាវិធី​ដើម្បី​ឈរ​នៅ​ខាង​ភាព​ត្រឹម​ត្រូវ​របស់​ពួក​យោធា​ ហើយ​ទប់​មីយ៉ាន់ម៉ា​កុំ​ឲ្យ​ពឹង​ផ្អែក​ជ្រុល​ហួស​ទៅ​លើ​ចិននិង​រុស្ស៊ី»។

លោក​បន្ត​ថា៖ «ដៃគូ​សម្ព័ន្ធភាព​ Quad របស់​ទីក្រុង​ញូវដែលី​ អាច​ធ្វើ​បាន​តិច​តួច​ប៉ុណ្ណោះ​ក្នុង​ការ​រារាំង​មិន​ឲ្យ​មាន​ការ​នាំ​អាវុធ​ពី​ឥណ្ឌា​ទៅ​កាន់​មីយ៉ាន់ម៉ា។ ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ ​គោល​នយោបាយ​របស់​ឥណ្ឌា​ចំពោះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន គឺ​ទីក្រុង​ញូវ​ដែលី​ ធ្វើ​សកម្មភាព​ដើម្បី​ទាញ​យក​អ្វី​ដែល​ជា​ផល​ប្រយោជន៍​ជាតិ​របស់​ខ្លួន មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ដទៃ​នោះ​ទេ»។

ការ​អំពាវនាវ​ដល់​ប្រទេស​ទាំង​អស់

ប្រទេស​ឥណ្ឌា​ថ្មីៗ​នេះ បាន​ពង្រីក​ការ​បញ្ជា​ទិញ​អាវុធ​ និង​ប្រេងកាត​ពី​រុស្ស៊ី និង​បាន​បោះ​ឆ្នោត​អនុប្បវាទ​នៅ​អង្គការ​សហប្រជាតិ ​ស្តី​ពី​ការផ្កោល​ទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ឥណ្ឌា​ក៏​ចូលរួម​ជាមួយ​ប្រទេស​ចិន​និង​រុស្ស៊ី​ផង​ដែរ​ ក្នុង​ការ​មិន​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ទាមទារ​ឲ្យ​មានការ​បញ្ចប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០២២។

ក្រុម​ដាក់​សម្ពាធ «យុត្តិធម៌​សម្រាប់​មីយ៉ាន់ម៉ា» បាន​បង្ហាញ​ការ​រក​ឃើញ​ចុងក្រោយ​របស់​ខ្លួន អំពី​ការ​នាំ​ចេញ​អាវុធ​របស់​ឥណ្ឌា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​សប្ដាហ៍​មុន គឺ​មុន​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក Modi ទៅ​កាន់​សហរដ្ឋ​អាមេរិក។ ក្រុមនេះ​ជំរុញ​ឲ្យរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បង្ខំ​រដ្ឋាភិបាល​ក្រុង​ញូវដែលី ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ពួក​យោធា​មីយ៉ាន់ម៉ា និង​ស្នើ​ឲ្យ​ដាក់​សម្ពាធ​តាម​រយៈ​ការ​ដាក់​លក្ខខណ្ឌ​នានា​ ទៅ​លើ​ការ​ផ្ដល់​ជំនួយ​យោធា​របស់​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​ប្រទេស​ឥណ្ឌា​ផង​ដែរ។

វីអូអេ​បានសួរ​ទៅ​កាន់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ថា​តើ​អាមេរិក​នឹង​លើក​បញ្ហា​នាំចេញ​អាវុធ​ក្នុង​អំឡុង​ពេល​លោក Modi ធ្វើ​ទស្សនកិច្ចនៅ​សហរដ្ឋ​អាមេរិក​ឬ​យ៉ាង​ណា។

ការិយាល័យ​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​អាមេរិក ​បាន​ថ្លែង​តាមរយៈ​សារ​អេឡិចត្រូនិចអ៊ីមែលថា «សហរដ្ឋ​អាមេរិក​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថានការណ៍​ ដែល​កាន់​តែ​អាក្រក់​ទៅ​ ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា» នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Modi មកកាន់​សហរដ្ឋអាមេរិក ​ប៉ុន្តែ​ក្រសួង​មិន​បាន​ឆ្លើយ​ឲ្យ​ចំ​ទៅ​នឹង​សំនួរ​នោះ​ទេ។

ការិយាល័យ​ព័ត៌មាន​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​ និង ប្រទេស​ទាំង​អស់​ បិទ​ខ្ទប់​ការ​នាំ​ចេញ​អាវុធ​ទៅកាន់​មីយ៉ាន់ម៉ា ហើយ​ថា​ការ​បញ្ឈប់​លំហូរ​នាំចេញ​អាវុធ​នេះ «មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ក្នុង​ការ​ទប់ស្កាត់​ការ​កើត​ឡើង​វិញ​ នូវ​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​ប្រជាជន​ភូមា ដែល​ជា​ឈ្មោះ​មួយ​ទៀត​ ដែល​គេ​ប្រើសម្រាប់ប្រទេស​មីយ៉ាន់ម៉ា៕

ប្រែសម្រួល​ដោយ នៀម ឆេង