ប្រភពព័ត៌មានបីក្នុងរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ប្រទេសឥណ្ឌាទំនងជាមិនបន្តនាំចេញវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំទេ យ៉ាងហោចណាស់រហូតដល់ខែតុលា ខណៈប្រទេសនេះរក្សាទុកវ៉ាក់សាំងសម្រាប់ចាក់ក្នុងស្រុក។ នេះជាការពន្យារពេលយូរជាងការរំពឹងទុកដែលធ្វើឱ្យខ្វះការផ្គត់ផ្គង់វ៉ាក់សាំងតាមកម្មវិធី COVAXសកល កាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយប្រឈមនឹងកំណើនឆ្លងវីរុសកូរ៉ូណាច្រើនបំផុតក្នុងពិភពលោក ប្រទេសឥណ្ឌាបានឈប់នាំវ៉ាក់សាំងចេញកាលពីមួយខែមុនបន្ទាប់ពីបានបរិច្ចាគឬលក់ជាង៦៦លានដូស។
ការផ្លាស់ប្តូរនេះបានធ្វើឲ្យប្រទេសនានា រួមមានប្រទេសបង់ក្លាដែស នេប៉ាល់ ស្រីលង្ការ និងប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកខ្នះខ្នែងរកការផ្គត់ផ្គង់វ៉ាក់សាំងជំនួស។
អង្គការសុខភាពពិភពលោកដែលជាអ្នកដឹកនាំកម្មវិធី COVAX នៅថ្ងៃច័ន្ទបានអំពាវនាវឱ្យអ្នកផលិតវ៉ាក់សាំងនៅខាងក្រៅប្រទេសឥណ្ឌាជំរុញការផ្គត់ផ្គង់ទៅកម្មវិធីនេះដោយសារកង្វះការនាំវ៉ាក់សាំងចេញពីប្រទេសឥណ្ឌា។
ប្រភពដែលបាននិយាយជាមួយ Reuters ដោយមិនបញ្ចេញឈ្មោះព្រោះមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីគម្រោងនេះ បាននិយាយថា ឥឡូវនេះការចាក់វ៉ាក់សាំងនៅប្រទេសឥណ្ឌាគឺជាអាទិភាព ខណៈប្រទេសនេះមានការឆ្លងសរុបចំនួនជាង២៥លានករណី និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃកើនដល់កម្រិតខ្ពស់បំផុត៕