ប្រទេសឥណ្ឌា បានចាប់ផ្តើមរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដូសជំរុញដល់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះកាលពីថ្ងៃចន្ទ ទី១០ ខែមករា ខណៈដែលការឆ្លងជំងឺនេះ កំពុងតែកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែចុងក្រោយនេះ ដែលកើនឡើងដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុង (Omicron) ហើយទីក្រុងដែលកកកុញដូចជាទីក្រុងញូវដែលី និងទីក្រុង Mumbai បានដាក់ការរឹតត្បិតឡើងវិញដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃជំងឺរាតត្បាតនេះ។
ក្រុមបុគ្គលិកសុខាភិបាល និងក្រុមអ្នកធ្វើការជួរមុខ និងពលរដ្ឋវ័យចំណាស់ដែលមានជំងឺប្រចាំកាយ បានឈរតម្រង់ជួរចាក់វ៉ាក់សាំងកាលពីថ្ងៃចន្ទ ដើម្បីទទួលបាននូវអ្វីដែលឥណ្ឌា ហៅថា ជា«ការចាក់ថ្នាំបង្ការគ្រោះថ្នាក់ទុកជាមុន»។
លោក J.A. Jayalal ដែលបានធ្វើជាប្រធានសមាគមសុខាភិបាលឥណ្ឌារហូតដល់ខែធ្នូឆ្នាំមុន បានថ្លែងថា៖ «យើងបានបង្កើនការទាមទារឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញដល់បុគ្គលិកសុខាភិបាល និងក្រុមវេជ្ជបណ្ឌិតកាលពី៤ខែមុន។ រដ្ឋាភិបាលបានធ្វើការសម្រេចចិត្តយឺតបន្តិច ប៉ុន្តែយ៉ាងហោចណាស់ ឥឡូវនេះ ពួកគេ នឹងទទួលបានការការពារខ្លះ។ នេះ គឺជាការចាំបាច់ក្នុងការធានាថា យើងមានក្រុមគ្រូពេទ្យគ្រប់គ្រាន់ដើម្បីមើលថែអ្នកជំងឺ»។
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលអត្រានៃការឆ្លងជំងឺកូវីដ១៩នៅឥណ្ឌាកើនឡើងខ្លាំង ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលរាប់រយនាក់ បានឆ្លងវីរុសនេះ។ នេះ បើយោងតាមសេចក្តីរាយការណ៍នានារបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ការណ៍នេះ បាននាំឲ្យមានការព្រមានពីកង្វះខាតបុគ្គលិកនៅតាមមន្ទីរពេទ្យនានា។
ការសិក្សាដំបូងៗបានបង្ហាញថា វ៉ាក់សាំងដូសជំរុញប្រហែលអាចការពារបន្ថែមប្រឆាំងនឹងវីរុសបំប្លែងថ្មីអូមីក្រុងដែលងាយឆ្លងខ្ពស់ ហើយដែលនេះ បានជំរុញឲ្យបណ្តាប្រទេសជាច្រើនបង្កើនកម្មវិធីចាក់វ៉ាក់សាំងដូសជំរុញ។
នៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនជិត ១.៤០០ លាននាក់ មនុស្សពេញវ័យជិត២ភាគ៣ បានចាក់វ៉ាក់សាំងបានពេញលេញ ខណៈដែលជាង ៩០ ភាគរយ បានចាក់វ៉ាក់សាំងត្រឹមមួយដូស។ កាលពីសប្តាហ៍មុន កម្មវិធីចាក់វ៉ាក់សាំង ក៏ត្រូវបានផ្តល់ដល់ក្រុមមនុស្សដែលមានវ័យចន្លោះពី១៥ ដល់១៨ ឆ្នាំ ផងដែរ។
កម្មវិធីចាក់វ៉ាក់សាំងរបស់ឥណ្ឌា ត្រូវបានធ្វើឡើងរហ័សជាងមុន បន្ទាប់ពីប្រទេសនេះ មានមនុស្សបាត់បង់ជីវិតច្រើននៅក្នុងរលកទី២នៃជំងឺរាតត្បាតនេះ កាលពីពាក់កណ្តាលឆ្នាំមុន។ នៅពេលនោះ ក្រុមអាជ្ញាធរ បានរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការគ្រប់គ្រងវិបត្តិនេះ មិនបានល្អ។ មនុស្សភាគច្រើនពេលនោះ មិនត្រូវបានការពារ នៅពេលដែលវីរុសបំប្លែងខ្លួនដែលតា (Delta) ឆ្លងរីករាលដាលទូទាំងប្រទេស ខណៈមន្ទីរពេទ្យខ្វះអុកស៊ីហ្ស៊ែន និងគ្រែសម្រាកព្យាបាល។
ខណៈដែលចំនួនឆ្លងនេះ បានកើនឡើងម្តងទៀត ក្រុមអាជ្ញាធរបានថ្លែងថា ពួកគេត្រៀមខ្លួនបានប្រសើរជាងមុនក្នុងការប្រយុទ្ធប្រឆាំងនឹងរលកទី៣នៃការឆ្លងជំងឺរាតត្បាតនេះ ដោយមានឧបករណ៍អុកស៊ីហ្ស៊ែនច្រើនជាងមុន ហើយមានគ្រែមន្ទីរពេទ្យត្រៀមសម្រាប់ទប់ទល់នឹងរលកថ្មីនេះ។
ការឆ្លងភាគច្រើនលើកនេះ ត្រូវបានរាយការណ៍ថា មានសភាពស្រាលជាងមុន ដែលធ្វើឲ្យមានសុទិដ្ឋិនិយមជាងមុន។
លោក Arvind Kejriwal អភិបាលក្រុងញូវដែលី បានថ្លែងកាលពីថ្ងៃអាទិត្យថា៖ «ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ គឺជារឿងគួរឲ្យបារម្ភ ប៉ុន្តែយើងមិនត្រូវស្លន់ស្លោនោះទេ។ មនុស្សតិចណាស់ដែលត្រូវចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ»។
អំឡុងមួយសប្តាហ៍ចុងក្រោយនេះ ខណៈដែលចំនួនឆ្លងបានកើនឡើងខ្ពស់ ទីក្រុងឆ្លងខ្លាំងបំផុតដូចជាញូវដែលី Mumbai និង Kolkata បានដាក់ការរឹតត្បិតឡើងវិញ។ រោងកុន កន្លែងហាត់ប្រាណ សាលារៀន និងមហាវិទ្យាល័យនានាដែលទើបបើកឡើងវិញកាលពីប៉ុន្មានខែមុន ឥឡូវនេះ ត្រូវបានបិទទ្វារឡើងវិញ ហើយព្រឹត្តិការណ៍ធំៗ ត្រូវបានលុបចោល។ ទីក្រុងញូវដែលី ក៏បានចេញនូវបម្រាមគោចរសម្រាប់ពេលចុងសប្តាហ៍ផងដែរ។
ទោះជាយ៉ាងនេះក្តី ក្រុមអាជ្ញាធរបានប្រកាសថា ពួកគេនឹងធ្វើការបោះឆ្នោតដើម្បីជ្រើសរើសអាជ្ញាធរគ្រប់គ្រងនៅមូលដ្ឋាន ដែលនឹងចាប់ផ្តើមនៅខែកុម្ភៈ នៅក្នុងរដ្ឋចំនួន៥ រួមបញ្ចូលទាំងរដ្ឋដ៏មានប្រជាជនច្រើនបំផុតរបស់ប្រទេស គឺរដ្ឋ Uttar Pradesh ផងដែរ។
ប៉ុន្តែ គណៈកម្មាធិការរៀបចំការបោះឆ្នោត បានហាមឃាត់ជាបណ្តោះអាសន្ននូវការប្រមូលផ្តុំខាងនយោបាយធំៗ ដែលកាលពីឆ្នាំមុន បានរងការរិះគន់យ៉ាងខ្លាំង ដោយសារតែការអនុញ្ញាតឲ្យមានការប្រមូលផ្តុំទ្រង់ទ្រាយធំ ក្នុងអំឡុងពេលបោះឆ្នោតក្នុងតំបន់ សូម្បីតែក្នុងពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំងនៅក្នុងប្រទេស។ ការប្រមូលផ្តុំនេះ ត្រូវបានអ្នកជំនាញសុខភាពសាធារណៈចាត់ទុកថា ជាព្រឹត្តិការណ៍ចម្លងវីរុសខ្លាំងក្លា។
កាលពីថ្ងៃចន្ទ ឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លងថ្មី ១៧៩.៧២៣ ករណី។ ឥណ្ឌា គឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតទី២នៅក្នុងពិភពលោកដោយសារជំងឺរាតត្បាតនេះ។ ឥណ្ឌាមកដល់ពេលនេះ បានរកឃើញការឆ្លង ៣៥ លានករណីរួចមកហើយ ហើយមានមនុស្សសា្លប់ប្រមាណ ៤៨៤. ០០០ នាក់ ប៉ុន្តែ មនុស្សជាច្រើនជឿថា ចំនួនពិតនៃការស្លាប់មានច្រើនជាងនេះឆ្ងាយ៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា