ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយប្រទេសបារាំងដើម្បីទិញយន្តហោះប្រយុទ្ធធុន Rafale ៣៦គ្រឿង ក៏ប៉ុន្តែកិច្ចព្រមព្រៀងចុងក្រោយបង្អស់មិនទាន់បានសម្រេចនៅឡើយទេ។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃច័ន្ទនៅក្រោយលោកបានធ្វើការចរចាជាមួយលោកប្រធានាធិបតីបារាំង Francois Hollande ដែលកំពុងបំពេញទស្សនកិច្ច៣ថ្ងៃក្នុងក្រុង New Delhi។
លោក Modi បាននិយាយថា «លើកលែងតែចំណុចហិរញ្ញវត្ថុខ្លះៗ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងរដ្ឋាភិបាល។ យើងទាំងពីរនាក់ក៏បានយល់ព្រមដែរថានឹងដោះស្រាយបញ្ហាហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័ស។»
លោក Hollande បានពណ៌នាកិច្ចព្រមព្រៀងថាជា «ជំហានផ្តាច់ព្រាត់» មួយ។
ជាច្រើនឆ្នាំមកហើយប្រទេសបារាំងបានខំប្រឹងយ៉ាងខ្លាំងដើម្បីសម្រេចកិច្ចព្រមព្រៀងលក់អាវុធធំបំផុតក្នុងពិភពលោក។ តំបូងឡើយប្រទេសឥណ្ឌាបានគ្រោងទិញយន្តហោះប្រតិកម្មប្រយុទ្ធនេះចំនួន១២៦គ្រឿងក៏ប៉ុន្តែបានបន្ថយចំនួនមកនៅត្រឹមតែ៣៦គ្រឿងកាលពីឆ្នាំទៅមិញ។ ទោះជាយ៉ាងណាតម្លៃនៃយន្តហោះទាំងនេះមិនទាន់បានកំណត់ជាចុងក្រោយក៏ដោយក៏ក្រុមអ្នកធ្វើវិភាគការពារប្រទេសបានស្ទង់ប្រមាណថាអាចមានតម្លៃ៩ពាន់លានដុល្លារ។
ប្រទេសឥណ្ឌាចង់បានយន្តហោះប្រយុទ្ធទាំងនេះដើម្បីធ្វើឱ្យកងទ័ពអាកាសរបស់គេមានភាពទំនើប៕