ប្រទេសឥណ្ឌាពេលនេះមានអ្នកឆ្លងជំងឺកូវីដ១៩ កើនដល់ជាង២០លាននាក់ហើយ ខណៈដែលការឆ្លងនៃជំងឺដ៏មហន្តរាយក្នុងរលកទី២នេះ កំពុងបន្តហក់ឡើងគ្មានស្រាកស្រាន្ត និងបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះយ៉ាងធ្ងន់ធ្ងរនោះ។
ក្រសួងសុខាភិបាលឥណ្ឌាបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួនជាង៣៥៧.០០០នាក់បន្ថែមទៀតនៅថ្ងៃអង្គារដែលចូលដល់ថ្ងៃទី១៣ជាប់ៗគ្នា ដែលឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដ១៩យ៉ាងតិច៣សែននាក់ក្នុងមួយថ្ងៃ។ ឥណ្ឌាក៏បានប្រកាសផងដែរថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣.៤៤៩នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
បើតាមសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិកឲ្យដឹងថា ឥណ្ឌានៅពេលនេះមានករណីអ្នកឆ្លងជំងឺកូវីដច្រើនជាងគេទី២បន្ទាប់ពីប្រទេសអាមេរិក និងអ្នកស្លាប់សរុបចំនួន២២២.៤០៨នាក់ ដែលឈរលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។
លោក Rahul Gandhi (រ៉ាហុល គន្ធី)មេដឹកនាំគណបក្សសាមាជជាតិ ដែលជាគណបក្សប្រឆាំងក្នុងប្រទេសឥណ្ឌា បានបង្ហោះសារក្នុងបណ្តាញ Twitter កាលពីថ្ងៃអង្គារថា ភាពអសកម្មរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi «កំពុងសម្លាប់ជីវិតមនុស្សស្លូតត្រង់» នៅក្នុងប្រទេសឥណ្ឌា ហើយបានទទូចឲ្យមានការបិទខ្ទប់ប្រទេសទាំងស្រុង ដើម្បីទប់ទល់នឹងការរាតត្បាតឆ្លងនៃជំងឺនេះ។
ទន្ទឹមនឹងនេះដែរ អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀត កំពុងរួសរាន់បញ្ជូនជំនួយសង្គ្រោះបរិក្ខារពេទ្យ ដែលត្រូវការជាបន្ទាន់ទៅកាន់ប្រទេសឥណ្ឌា និងជួយក្នុងយុទ្ធនាការចាក់វាក់សាំងដល់ពលរដ្ឋឥណ្ឌាផងដែរ៕