ឥណ្ឌា​ព្យាយាម​ចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ខណៈ​ប្រទេស​នេះ​មាន​អ្នកឆ្លង​សរុប​លើស​១៨លាន​នាក់

រូបឯកសារ៖ មនុស្ស​តម្រង់​ជួរ​ដើម្បី​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​មជ្ឈមណ្ឌល​ចាក់វ៉ាក់សាំង​នៅ​ទីក្រុង Mumbai នៃ​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​ឥណ្ឌា​ដើម្បី​ចាប់ផ្តើម​ចុះឈ្មោះ​ប្រជាជន​របស់​ខ្លួន​ចំនួន​១ពាន់ ៤រយ​លាន​នាក់​សម្រាប់​ចាក់វ៉ាក់សាំង​កូវីដ១៩ ​បាន​ជួបឧបសគ្គកាលពី​ថ្ងៃពុធ​ ខណៈ​ដែល​ប្រទេស​នេះ​ កំពុង​ប្រឈម​នឹង​ទម្ងន់​កំណើន​ការឆ្លង​រលក​ទី២យ៉ាងខ្លាំង។

រដ្ឋាភិបាល​បាន​បើក​គេហទំព័រ​សម្រាប់​ប្រជាជន​ឥណ្ឌា​ទាំងអស់​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ ​ដើម្បី​ចុះឈ្មោះ​សម្រាប់​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សៅរ៍។ ទោះយ៉ាងណា​មនុស្សជា​ច្រើន​ បាន​ចូល​មើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នេះ​ដោយ​ត្អូញ​ត្អែរ​ថា គេហទំព័រ​នេះ ​បានគាំង​ ឬពួកគេមិន​អាច​ធ្វើការ​ណាត់​ជួប​បាន។

បញ្ហា​គេហទំព័រ​នេះ​ កើត​ឡើង​នៅពេល​ដែល​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​៣៧​ម៉ឺន​ ៩ពាន់ ​២៥៧​ករណី ​កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី២៩ ខែមេសា​នេះ ក្នុងនោះ​ មាន​អ្នក​ស្លាប់​៣.៦៤៥​ នាក់​ដែល​ជា​កំណត់ត្រា​មួយ​ទៀត​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​មួយ​ថ្ងៃ។ តួលេខ​ថ្មី​ បាន​បង្កើន​ចំនួន​អ្នក​ឆ្លង​សរុប​ដល់​ជាង​១៨​លាន ​៣​សែន​នាក់អ្នកស្លាប់ ​ចំនួន​២០ម៉ឺន​ ៤ពាន់​៨៣២​នាក់។ នេះបើយោង​តាម​សាកលវិទ្យាល័យ Johns Hopkins

រលក​ឆ្លង​ទី២ បាន​ជំរុញ​ប្រព័ន្ធ​ថែរក្សាសុខភាព​របស់​ឥណ្ឌា​ដល់​ដំណាក់​កាល​ជិត​ដួល​រលំ​ ដោយ​មន្ទីរពេទ្យ​ប្រឹងអស់​សមត្ថភាព​និង​កង្វះ​អុកស៊ីសែន​ខ្លាំង​ដែល​ធ្វើឱ្យ​ស្ថានភាព​កាន់​តែ​អស់សង្ឃឹម។ ឧទ្យាន​និង​កន្លែង​ចតរថយន្ត​ជាច្រើន​ត្រូវបាន​ប្តូរទៅ​ជាកន្លែង​បូជា​សព​បណ្តោះ​អាសន្ន​ដើម្បី​បូជាសព​ទាំងយប់​ទាំង​ថ្ងៃ៕