ប្រទេសឥណ្ឌាបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៧៨.៧៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោងនៅថ្ងៃអាទិត្យនេះ។ នេះគឺជាតួលេខឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃនៅក្នុងពិភពលោក ចាប់តាំងពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នេះចាប់ផ្ដើមកើតមានមក និងស្របពេលដែលប្រទេសឥណ្ឌាកំពុងតែបន្ដបើកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ។
នេះគឺជាថ្ងៃទីបួនជាប់គ្នាហើយដែលឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ ចំនួនជាង ៧៥.០០០។
ឥណ្ឌាដែលមានប្រជាជនសរុបចំនួន ១ ពាន់ ៤ រយលាននាក់ បានក្លាយជាប្រទេសលំដាប់ទី ៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល ដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនបំផុត ដែលមានចំនួន ៣ លាន ៥ សែនករណី និងមានករណីស្លាប់ជាង ៦៣.០០០ ករណី។ នេះបើយោងតាមស្ថិតិផ្លូវការដែលផ្ដល់ដោយក្រសួងសុខាភិបាលរបស់ឥណ្ឌា៕