ឥណ្ឌា៖ ទំនាក់ទំនង​ធម្មតា​ជាមួយ​ចិន​អាស្រ័យ​លើ​ការដោះស្រាយ​ជម្លោះ​ព្រំដែន

  • Anjana ​Pasricha

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឥណ្ឌា​លោក Rajnath Singh (ពីឆ្វេងទីបី) ចូលរួម​កិច្ចប្រជុំ​ជាមួយ​សមភាគី​ចិន​លោក Li Shangfu (ពីស្តាំទីបី) អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​អង្គការ​សហ​ប្រតិបត្តិការ​សៀងហៃ នៅ​ទីក្រុង​ញូវដេលី នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣។

ប្រទេស​ឥណ្ឌា ​និង​ចិន​បាន​ខ្វែង​គំនិត​គ្នា​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ​ខែ​មេសា​ ស្តីពី​សារៈ​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ​នូវ​សន្តិភាព​នៅ​តាម​ព្រំដែន​ដែល​មាន​ជម្លោះ​ដើម្បី​អភិវឌ្ឍ​ទំនាក់​ទំនង​ទ្វេភាគី។​ រដ្ឋាភិបាល​រៀងៗ​ខ្លួន​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះថា ​ឥណ្ឌា​បាន​ហៅ​ការ​ស្តារ​ឡើង​វិញ​បែប​នេះថា​ជា​គន្លឹះ​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ ​រីឯចិនវិញមើល​ឃើញ​ថា​ ស្ថានភាព​ព្រំដែន​មាន​ស្ថិរភាព​ប្រសើរ​ឡើង​ច្រើន។​

ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឥណ្ឌា​លោក​ Rajnath Singh ​និង​សមភាគី​ចិន គឺ​លោក ​Li Shangfu​ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវដែលី​ នៅ​ខាងក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​របស់​អង្គការ​សហ​ប្រតិបត្តិ​ការ​សៀងហៃ​ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ។

នេះគឺ​ជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ ចាប់តាំង​ពី​ភាពតាន​តឹង​បាន​កើន​ឡើង​ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តាម​ព្រំដែន​ក្នុង​ឆ្នាំ ២០២០​ ដែល​បាន​សម្លាប់​ទាហាន​ឥណ្ឌា ​២០​ នាក់​ និង​ចិន​៤​ នាក់។​ កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​ត្រូវ​បាន​ឃ្លាំ​មើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ថា​ តើ​អន្តរ​កម្ម​កម្រិត​ខ្ពស់​នឹង​ជួយ​ភ្ជាប់​អ្វី​ដែល​គេ​ហៅ​ថា «ឱន​ភាព​ទំនុក​ចិត្ត»​រវាង​ប្រទេស​ទាំង​ពីរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការពារ​ជាតិ​ឥណ្ឌាបាន​និយាយ​ថា​ លោក​ Singh ​បាន«បង្ហាញ​យ៉ាង​ច្បាស់​ថា ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ឥណ្ឌា ​និង​ចិន​គឺ​អាស្រ័យ​លើលទ្ធផល​នៃ​សន្តិភាព ​និង​ភាព​ស្ងប់ស្ងាត់​នៅ​តាម​ព្រំដែន»។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ឥណ្ឌា ​លោក​ Singh ​បាន​រំឭក​ឡើង​វិញ​ថា​ «ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាប់​បាន​បំផ្លាញ​មូលដ្ឋាន​ទាំង​មូល​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ និង​ការ​មិន​ប្រយុទ្ធ​គ្នានៅតាមព្រំដែន​នឹង​ឈាន​ទៅដល់​ការ​បន្ថយ​ភាពតាន​តឹង»។​

ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា ​លោក ​Li​ បាន​ពណ៌នា​ស្ថាន​ភាព​នៅ​តាម​ព្រំដែន​ថា ​«ជា​ទូទៅ​មាន​ស្ថិរភាព»។​ សេចក្តី​ថ្លែង​ការណ៍​របស់​ចិន​បាន​និយាយ​ថា៖ ​«ភាគី​ទាំងពីរ​គួរតែ​គិត​គូរ​វែង​ឆ្ងាយ​ កាន់​ជំហរ​សមស្រប​លើ​បញ្ហា​ព្រំដែនក្នុង​ទំនាក់​ទំនង​ទ្វេភាគី​របស់​យើង ​និង​ជំរុញ​ការ​ធ្វើ​ឱ្យ​ស្ថានភាព​ព្រំដែន​មាន​សភាព​ធម្មតា​ឡើងវិញ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។​

លោក​ Li ​បាន​និយាយ​ថា ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាងដ៏​សំខាន់​ ភាគីទាំង​ពីរ​គួរ​តែ​មើល​ទំនាក់​ទំនង​ទ្វេភាគី​ និង​ការ​អភិវឌ្ឍ​ទៅ​វិញ​ទៅ​មក​ដោយ​គិត​ពី​«ទស្សនៈ​ទូលំទូលាយ ​យូរ​អង្វែង​ និង​ជា​យុទ្ធសាស្ត្រ​ ហើយ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​បន្ត​បង្កើន​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​យោធា​ប្រទេស​ទាំង​ពីរ»។​

ឥណ្ឌា​ចោទ​ចិន​ថា​បាន​ទន្ទ្រាន ចូល​ក្នុង​ទឹកដី​ខ្លួន​ដោយ​រំលោភ​បំពាន​លើ​កិច្ច​ព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​តាំង​ពី​ទសវត្សរ៍​១៩៩០ ​មក។ ​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​បន្ទោស​រដ្ឋាភិបាល​ក្រុង​ញូវដែលី​អំពី​ការ​បំពាន​នេះ។ ​ចាប់​តាំងពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ឆ្នាំ ២០២០​ នោះ​ការ​ចរចា​ចំនួន​១៨​ដង​រវាង​មេ​បញ្ជាការ​យោធា​នៃ​ប្រទេស​ទាំងពីរ​បាន​បរាជ័យ​មិន​អាច​លុប​បំបាត់​ភាព​តាន​តឹង​ ដោយ​កិច្ច​ចរចា​ចុង​ក្រោយ​បាន​បញ្ចប់​ក្នុង​សប្តាហ៍ចុងក្រោយនៃខែមេសា ដោយ​គ្មាន​ដំណោះ​ស្រាយ។

អ្នកវិភាគ​ទីក្រុង​ញូវដែលីបាន​និយាយ​ថា ​ការ​ស្តារ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវចំណាយ​ពេល​យូរ។​

លោក Manoj Joshi​ អ្នក​ជំនាញ​នៅ​មូលនិធិ​ស្រាវជ្រាវ​ Observer ​ក្នុង​ទីក្រុង​ញូវដែលី​ បាន​និយាយ​ថា៖​ «ស្រមោល​នៃ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ឆ្នាំ ២០២០​ គឺ​មិន​អាច​បាត់​ទៅ​ឆាប់ៗ​នោះ​ទេ។​ ការ​ជឿ​ទុក​ចិត្ត​គ្នា​ត្រូវ​បាត់​បង់​ ហើយអ្នក​មិន​អាច​ស្ដារ​វា​ឡើង​វិញ​តាម​រយៈ​ការ​ចរចា​ និង​ការ​ប្រជុំ​នោះ​ទេ»។​ លោក​បាន​និយាយ​បន្ថែម​ថា៖​ «ភាព​ធម្មតា​នៃ​ទំនាក់​ទំនង​នឹង​មិន​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​នេះ​ទេ ​ពីព្រោះ​ឥណ្ឌា​មិន​ប្រាកដ​ថា​ តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ធ្វើ​អី្វ»។​

លោក​បាន​លើក​ពី​ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​កើត​ឡើង​រវាង​ទាហាន​ឥណ្ឌា ​និង​ទាហាន​ចិន​កាលពី​ខែ​ធ្នូ​នៅ ​រដ្ឋ​ Arunachal Pradesh ដែល​ទីក្រុង​ញូវដែលី​បាន​ចោទ​ប្រកាន់​ថា កងទ័ព​ចិន​បាន​ព្យាយាម​រំលោភ​លើ​ខ្សែ​បន្ទាត់​នៃ​ការ​គ្រប់គ្រង​ជាក់ស្តែង​ ដែល​ជា​ព្រំដែន​ប្រវែង​ជិត​៣៥០០​គីឡូម៉ែត្រ​នៅ​លើ​ភ្នំ​ហេមពាន្ត។​

ខណៈ​ប្រទេស​ទាំងពីរ​បាន​ដក​ទាហាន​ចេញ​ពី​តំបន់​ជម្លោះ​មួយ​ចំនួន​ ប្រទេស​ទាំង​ពីរ​នៅតែ​ដាក់​ពង្រាយ​ទាហាន​ប្រមាណ​៦ម៉ឺន​នាក់ ​និង​សព្វាវុធ​ទំនើបៗ​នៅ​តាម​ព្រំដែន។​ ពួកគេ​ក៏កំពុង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​យ៉ាង​ឆាប់​រហ័ស​ រួមទាំង​ផ្លូវ​ថ្នល់ ​និង​ចំណត​ឧទ្ធម្ភាគ​ចក្រ​នៅ​លើ​ភ្នំ។​ អ្នក​វិភាគ​បាន​ព្រមាន​អំពី​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទាហាន​ដែល​ជា​រឿយៗ​ឈរជើង​នៅចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពី​គ្នាតែប៉ុណ្ណោះ៕

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ