ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា មេបញ្ជាការយោធាកំពូលរបស់ប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃសុក្រថា ការប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយកងកម្លាំងចិននៅតំបន់ភ្នំហិមាល័យភាគខាងលិច អាចបង្កឱ្យមានជម្លោះកាន់តែធំឡើង សូម្បីតែក្រោយមេបញ្ជាការជាន់ខ្ពស់នៃភាគីទាំងពីរ បានជួបគ្នានៅជិតជួរមុខដើម្បីចរចាលើកទី៨ ក្តី។
លោក Bipin Rawat ប្រធានសេនាធិការការពារជាតិឥណ្ឌាបាននិយាយថា ស្ថានការណ៍មានភាពតានតឹងនៅ «ខ្សែបន្ទាត់កាន់កាប់ជាក់ស្តែង» (Line of Actual Control) នៅព្រំដែនភាគខាងកើតតំបន់ Ladakh ជាកន្លែងដែលកងទ័ពឥណ្ឌា និងចិនរាប់ពាន់នាក់ បានប្រឈមមុខដាក់គ្នារយៈពេលរាប់ខែមកហើយ។
ក្នុងសុន្ទរកថាតាមអ៊ិនធឺណែត លោក Rawat បានមានប្រសាសន៍ថា៖ «យើងនឹងមិនទទួលយកការផ្លាស់ប្តូរណាមួយនៃខ្សែបន្ទាត់កាន់កាប់ជាក់ស្តែងទេ»។
លោក Rawat បាននិយាយបន្តថា៖ «គិតពីសន្តិសុខទូទៅ ការប្រឈមមុខគ្នាតាមព្រំដែន ការរំលោភនិងសកម្មភាពយោធាដែលមិនមានការបង្កហេតុ អាចនាំឲ្យមានជម្លោះកាន់តែធំ ដែលស្ថានភាពមិនអាចមើលរំលងបានទេ»។
ការប្រយុទ្ធដោយផ្ទាល់ដៃយ៉ាងឃោរឃៅកាលពីខែមិថុនា បានធ្វើឱ្យទាហានឥណ្ឌាប្រមាណ២០នាក់ និងទាហានចិនដែលគេមិនដឹងចំនួនបានស្លាប់ ហើយវាបានបង្កើនភាពតានតឹងនិងបង្កការពង្រាយទ័ពជាច្រើននៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ចាប់តាំងពីពេលនោះមក ភាគីទាំងសងខាង បានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ តាមរយៈបណ្តាញការទូតនិងយោធា ប៉ុន្តែបានលទ្ធផលតិចតួច ដែលធ្វើឱ្យទាហានត្រូវប្រចាំការប្រឈមដាក់គ្នានៅតំបន់មានសីតុណ្ហភាពក្រោមសូន្យអង្សារសេ នៅក្នុងវាលព្រិលលើភ្នំនៅតំបន់ Ladakh នេះ។
ក្រុមមន្រ្តីនៅក្រុងញូវដេលីបាននិយាយថា មេបញ្ជាការជាន់ខ្ពស់ឥណ្ឌានិងចិន បានជួបប្រជុំនៅថ្ងៃសុក្រនៅតំបន់ Ladakh ដែលជាកិច្ចចរចាលើកទី៨ រវាងមេដឹកនាំយោធាចាប់តាំងពីវិបត្តិបានចាប់ផ្តើម៕