ក្រសួងការបរទេសឥណ្ឌា៖ លោក Modi ទទួលបានការអញ្ជើញរបស់លោកត្រាំឲ្យចូលរួមសន្និសីទកំពូល G-7

រូបឯកសារ៖ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីអាមេរិកលោក Donald Trump គ្រវីដៃទៅកាន់ហ្វូងមនុស្សនៅក្នុងកីឡដ្ឋាន Sardar Patel ក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានទទួលការអញ្ជើញពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ឲ្យចូលរួមសន្និសីទកំពូលរបស់ក្រុមប្រទេស៧ដែលសេដ្ឋកិច្ចជឿនលឿនជាងគេបំផុតហៅកាត់ G-7 ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌាកាលពីថ្ងៃអង្គារម្សិលមិញ។

ក្រសួងការបរទេសឥណ្ឌាបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកម៉ូឌី បានប្រាប់លោកប្រធានាធិបតីត្រាំក្នុងការនិយាយទូរស័ព្ទថា រដ្ឋាភិបាលក្រុងញូដែលីនឹងមានការសប្បាយរីករាយធ្វើការជាមួយសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀតដើម្បីធ្វើឲ្យប្រាកដថា សន្និសីទកំពូលG-7 នោះ នឹងទទួលបានជោគជ័យ។

លោកប្រធានាធិបតីត្រាំ បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោក បានពន្យាពេលសន្និសីទកំពូលនោះរហូតដល់ខែកញ្ញាដែលកាលពីដំបូងបានគ្រោងធ្វើនៅចុងខែមិថុនានៅជំរំ Camp David កន្លែងឈប់សម្រាករបស់ប្រធានាធិបតីនៅរដ្ឋម៉ារីឡេនក្បែររដ្ឋធានីវ៉ាស៊ីនតោន ហើយថា លោកប្រធានាធិបតីចង់អញ្ជើញប្រទេសអូស្រ្តាលី រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌាឲ្យចូលរួមសន្និសីទកំពូលនោះដែរ។

លោកប្រធានាធិបតីត្រាំបានបង្ហាញនូវចំណង់ចំណូលចិត្តរបស់លោកដើម្បីពង្រីកការចូលរូមហួសពីសមាជិករបស់ក្រុមដែលមានសេដ្ឋកិច្ចជឿនលឿនបំផុតរបស់ពិភពលោកទៀត។

ក្រសួងការបរទេសឥណ្ឌាបានប្រាប់ឲ្យដឹងទៀតថា «ក្នុងបរិបទនេះ លោកប្រធានាធិបតីត្រាំបានអញ្ជើញលោកនាយករដ្ឋមន្រ្តីម៉ូឌីឲ្យចូលរួមសន្និសីទកំពូល G-7 ដែលនឹងត្រូវធ្វើនៅក្នុងសហរដ្ឋអាមេរិក»។

សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា មេដឹកនាំទាំង២ បានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេស ទាំង២ ភាពមិនចាញ់មិនឈ្នះរវាងឥណ្ឌានិងចិននៅតាមព្រំដែន ហើយនឹងតម្រូវការនៃការធ្វើកំណែទម្រង់ក្នុងអង្គការសុខភាពពិភពលោក (WHO)៕