ឥណ្ឌានិងរុស្ស៊ីបញ្ជាក់ឡើងវិញពីទំនាក់ទំនងល្អ និងពិភាក្សាលើវិស័យពាណិជ្ជកម្ម និងយុទ្ធសាស្ត្រដែលកាន់តែរីកចម្រើន

  • Anjana ​Pasricha

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេស​ឥណ្ឌាលោក Subrahmanyam Jaishankar ត្រៀម​ធ្វើ​សន្និសីទសារព័ត៌មានរួម​គ្នា​មួយ​ នៅទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​ឥណ្ឌា​និង​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​ធ្នូ​កន្លង​ទៅ​ បាន​បញ្ជាក់​ឡើង​វិញ​ពីមិត្តភាព​ដ៏​រឹង​មាំ​របស់​ពួក​គេ​ និង​បាន​ពិភាក្សាចំណងយុទ្ធសាស្ត្រ​និង​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែស៊ី​ជម្រៅ​ថែម​ទៀត​ នៅ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​មួយរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា​លោក​ Subrahmanyam Jaishankar ទៅ​កាន់​រដ្ឋធានី​មូស្គូ​ នៃ​ប្រទេស​រុស្ស៊ី​។​ ​

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌារូប​នេះ​បាន​និយាយ​នៅ​ក្នុង​អំឡុង​ពេលនៃ​កិច្ចប្រជុំ​មួយ ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​ធ្នូ​ថា​ ​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មាន​ភាព​ចម្រើន​ទៅ​មុខលើ​វិស័យ​ពាណិជ្ជកម្ម​ ដែល​ពេល​នេះ​មាន​ទំហំ​ទឹក​ប្រាក់​លើស ៥០ ​ពាន់​លានដុល្លារ​អាមេរិក។​

លោក​ថ្លែង​ដូចនេះ​ថា៖​ «យើង​ជឿជាក់​ថា​ នេះ​ជា​អ្វី​ដែល​គ្រាន់​តែជា​ការចាប់​ផ្តើម​បង្ហាញ​ឱ្យ​ឃើញ​តែ​ប៉ុណ្ណោះ»។ ​

ប្រទេស​ឥណ្ឌា​បាន​លេចធ្លោ​ជាដៃគូ​សេដ្ឋកិច្ចដ៏​សំខាន់របស់​ប្រទេស​រុស្ស៊ី​ ដោយ​សារ​ខ្លួន​បានបង្កើនការ​នាំចូលប្រេងឆៅរបស់​រុស្ស៊ី​មកកាន់​ប្រទេស​ខ្លួន ដោយ​មិន​អើពើ​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បស្ចិមប្រទេស ដែលត្រូវ​បាន​ធ្វើ​ឡើងចាប់​តាំង​ពីឆ្នាំ​ ២០២២ ​មក​ ជុំវិញការ​ចូល​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។​

​រដ្ឋាភិបាលក្រុង​ញូវដែលី​ ដែល​បាន​ប្រកាន់​ជំហរ​អព្យាក្រឹតលើ​ជម្លោះក្នុង​ប្រទេស​អ៊ុយក្រែន​នោះ​ នៅ​តែ​រក្សា​ចំណង​មេត្រីភាព​ជាមួយរដ្ឋាភិបាល​ក្រុង​មូស្គូ​ ​ដោយបាន​លើក​ឡើង​ពីចំណង​មិត្តភាព​ដែល​មាន​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ជាមួយសម្ព័ន្ធមិត្តចាស់​វស្សា​មួយ​នេះ។​

លោក​ ​Putin​ ត្រូវ​បានស្រង់​សម្តី​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ Tass ​របស់​រុស្ស៊ី​ ដែល​បាន​ស្រង់​សម្តីក្នុង​កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ចុះ​ផ្សាយថា​ ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេសរុស្ស៊ី​និង​ឥណ្ឌា​ កំពុង​រីកចម្រើន​ទៅ​មុខក្នុង​ឆ្នាំ​ទី​ ២ ​ជាប់ៗ​គ្នា​ ជា​ពិសេសដោយ​សារក្នុង​វិស័យ​ប្រេង​ឆៅ​និង​បច្ចេកវិទ្យា។ ​នេះ​បើ​យោង​លើ​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន​ Tass។ ​

លោក Putin ក៏​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ឥណ្ឌាលោក​ Narendra Modi មក​ធ្វើ​ទស្សនកិច្ច​ក្នុង​រដ្ឋធានី​មូស្គូ​ផង​ដែរ។​ ​

​សារព័ត៌មាន​ Tass ​របស់រុស្ស៊ីបាន​ដកស្រង់​សម្តី​លោក Putin ថា៖ «យើងនឹង​មាន​លទ្ធភាពពិភាក្សា​គ្នា​លើបញ្ហា​ថ្មីៗ​ទាំង​អស់​ និយាយពី​ការ​ប្រមើល​មើលដល់​ការ​អភិវឌ្ឍន៍​ទំនាក់ទំនង​រវាងរុស្ស៊ី​និង​ឥណ្ឌា​ផង​ដែរ‍»។​

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ពិភាក្សាគ្នាជាមួយ​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌាលោក Subrahmanyam Jaishankar នៅ​វិមានរដ្ឋាភិបាលរុស្ស៊ី ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។ (Alexei Nikolsky, Sputnik, Kremlin Pool Photo via AP)

ឥណ្ឌា​និង​រុស្ស៊ី​តែង​បានរៀប​ចំ​កិច្ចប្រជុំ​កំពូលប្រចាំ​ឆ្នាំជា​ច្រើន​ដង​ក្នុង​រយៈពេល​២​ទសវត្សរ៍​កន្លង​ទៅ​ ប៉ុន្តែមិនទាន់​បាន​រៀប​ចំ​មួយ​នៅ​ឡើយ​ទេ​ ចាប់​ទាំង​ពីសង្គ្រាម​ផ្ទុះ​ឡើង​នៅ​អ៊ុយក្រែន​មក។​

​រដ្ឋាភិបាល​ក្រុង​ញូវដែលីមិន​បានផ្តល់​ហេតុផល​ផ្លូវការ​ណា​មួយ​ឡើយ​ជុំវិញ​រឿងនេះ​ ប៉ុន្តែ​អ្នក​វិភាគមើល​ឃើញ​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រយ័ត្ន​ប្រយែងរបស់ឥណ្ឌា ស្រប​ពេល​ដែល​ទំនាក់ទំនង​របស់​ខ្លួន​កំពុង​កើន​ឡើង​ជាមួយប្រទេស​លោក​ខាង​លិច​ផង​ដែរ​នោះ។ លោក Modi បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន និង​បាន​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden ដែល​ត្រូវ​បាន​គេ​មើល​ឃើញជា​ការ​ផ្តល់​សន្ទុះ​ទៅមុខ​មួយនៅ​ក្នុង​ភាព​ជា​ដៃគូ​ដល់​ប្រទេស​ទាំង​ពីរ។​

​លោក​ Manoj Joshi អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មូលនិធិ​ Observer Research Foundation ក្នុង​រដ្ឋធានី​ញូវដែលី ថ្លែង​ដូច​នេះ​ថា៖​ «ប្រទេស​ឥណ្ឌា​បាន​ជៀស​វាង​ការ​រៀប​ចំ​កិច្ចប្រជុំ​កំពូល​ជាមួយ​រុស្ស៊ី​ ពី​ព្រោះ​ខ្លួន​មិនចង់​ឱ្យ​គេ​មើល​ឃើញ​ថា​ ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ីខ្លាំង​ពេក​នោះ។ ទន្ទឹម​នឹង​នេះ​ដែរ​ ​វា​ក៏​ជា​សារសំខាន់​មួយ​ដែរ​ ​ដើម្បី​បង្ហាញ​រុស្ស៊ីនិង​ពិភពលោក​ថា​ យើង​មិន​បាន​បោះបង់​រុស្ស៊ី​ចោលនោះ​ទេ។​ ​ដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ទៅ​កាន់រដ្ឋធានី​មូស្គូ ជា​ការ​សង្កត់​ធ្ងន់​មួយ​ថា​ យើង​នៅ​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​រុស្ស៊ី ប៉ុន្តែ​ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ ខ្លួន​បាន​ជៀសវាង​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​កម្រិត​ខ្ពស់​ ដែល​កើត​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​មួយ។

កិច្ចប្រជុំរបស់​លោក ​Putin ជាមួយ​លោក Jaishankar ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រឿង​សំខាន់​ ពី​ព្រោះ​ជាទូទៅ​លោក Putin ​មិន​ជួប​ប្រជុំ​ជាមួយថ្នាក់​រដ្ឋមន្ត្រី​ការបរទេស ដែល​ធ្វើ​ទស្សនកិច្ច​ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ។​ ​ក្រុម​អ្នក​វិភាគ​ថា​ នេះការប្រឹងប្រែង​មួយ​ ដើម្បី​បង្ហាញ​ថា​ ​រុស្ស៊ីមិន​នៅ​ឯកោ​តែ​ឯង​នោះ​ទេ។​

លោក Joshi​ បន្ថែម​ទៀត​ថា៖​ «នេះ​ជាសេចក្តី​ថ្លែងការណ៍​មួយ​ស្តី​ពីសារសំខាន់ពាក់ព័ន្ធ​របស់​ឥណ្ឌា​ចំពោះ​ប្រទេស​រុស្ស៊ី។ ​ឥណ្ឌា​ជា​ប្រទេស​ដ៏​ធំ​មួយ​ និងកំពុង​រីក​ចម្រើនផ្នែក​សេដ្ឋកិច្ច។ ការ​បង្ហាញ​ថា ​រុស្ស៊ី​មាន​ទំនាក់​ទំនង​ល្អជាមួយ​ឥណ្ឌា​ គឺ​មាន​សារសំខាន់​សម្រាប់រុស្ស៊ី​ ក្នុង​តំណាក់កាល​នេះ​ ខណៈពេលដែល​រុស្ស៊ី​កំពុង​ទាល់ច្រកនោះ។

រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោក Jaishankar ​ដែល​បានធ្វើ​ទស្សនកិច្ច​រយៈពេល​ ៥ ​ថ្ងៃ​ទៅកាន់រដ្ឋធានី​មូស្គូ​ ​ក៏​បាន​ជួបប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក ​Sergey Lavrov ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​ ២៧ ខែ​ធ្នូ​កន្លង​ទៅ។

នៅ​ក្នុង​សន្នីសីទ​សារព័ត៌មាន​រួមមួយ​ ​លោក Lavrov និយាយ​ថា​ ​ប្រមុខការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពិភាក្សា​គ្នាលើទិដ្ឋភាព​នៃ​កិច្ច​សហប្រតិបត្តិការបច្ចេកវិទ្យា​យោធា​ ដែល​ក្នុង​នោះរួម​មានការផលិតប្រភេទ​អាវុធ​ទំនើបរួម​គ្នា​ផង​ដែរ»។ ​

រុស្ស៊ីធ្លាប់​ជាប្រទេស​ផ្គត់ផ្គង់​អាវុធ​ដ៏​សំខាន់​ដល់ឥណ្ឌា​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្នុង​ពេល​កន្លង​ទៅ​ ហើយ​រដ្ឋាភិបាល​ក្រុង​ញូវដែលី​ (New Delhi)​ ​ពេល​នេះ​នៅតែ​នាំចូល​ឧបករណ៍​យោធាប្រមាណ​ ២ភាគ​៣​ ពីប្រទេស​រុស្ស៊ី​ចូលមក​ក្នុងប្រទេស​របស់ខ្លួន បើ​ទោះ​បីជា​ខ្លួន​ព្យាយាម​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ចម្រុះ ក្នុង​ការ​ទិញ​ឧបករណ៍​យោធា​ពី​ប្រភព​ផ្សេងៗ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ​ក៏​ដោយ។

អ្នក​វិភាគ​លើក​ឡើង​ថា​ ប្រទេស​ឥណ្ឌា​នៅ​តែ​ពឹង​ផ្អែក​លើ​រុស្ស៊ី​នៅ​ឡើយ​ ​នៅ​ក្នុង​វិស័យការពារ​ជាតិ​និង​ប្រេង​ឥន្ធនៈ។

ដោយ​ហៅ​រុស្ស៊ីថាជា​ដៃ​គូដែល​«មាន​តម្លៃនិងទុក​ចិត្ត​បាន» លោក Jaishankar​ និយាយ​ថា​ ចំណង​ទាក់ទង​រវាង​ប្រទេស​ទាំង​ពីរ គឺ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ស្របគ្នា​និងផលប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ»។​

ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងមួយ​ចំនួន​ ពាក់ព័ន្ធ​នឹងការ​សាងសង់ទី​តាំង​ផលិតអគ្គិសនីនៅ​រោងចក្រអគ្គិសនីនុយក្លេអ៊ែរ​ Kudankulam ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ​ដោយ​មាន​ជំនួយ​ពី​រុស្ស៊ី​ផង​ដែរ។​

ក្នុង​អំឡុង​ពេលនៃ​ដំណើរ​ទស្សនកិច្ច​នោះ​ លោក Jaishankar ​បាន​ហៅ​ទំនាក់ទំនងរបស់​ឥណ្ឌា​ជាមួយ​រុស្ស៊ី​ថា​ «ជា​ទំនាក់ទំនង​ដែលរឹងមាំ​មិនប្រែល​ប្រួល​តែមួយគត់​ នៅ​ក្នុង​នយោបាយ​ពិភពលោក»។​ ​ ​

នៅ​ក្នុង​ជំនួប​មួយ​ជាមួយពលរដ្ឋ​ឥណ្ឌារស់​នៅ​ក្នុង​រដ្ឋធានី​មូស្គូ​កាល​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ធ្នូ​កន្លង​ទៅ​ លោក​Jaishankar​ និយាយ​ថា​ ជា​ទូទៅ វិស័យ​ការពារ​ជាតិ​ នុយក្លេអ៊ែរ​ និង​អវកាស​ ជា​កិច្ច​សហការ​ដែល​ធ្វើ​ជាមួយ​តែ​ប្រទេស​ ដែល​យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​តែ​ប៉ុណ្ណោះ»៕

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ