ប្រទេសឥណ្ឌាបានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣១៤.៨៣៥ ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនឆ្លងខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ លើសប្រទេសណាៗទាំងអស់ ក្នុងអំឡុងពេលមួយឆ្នាំនៃការរាតត្បាតពីជំងឺនេះទូទាំងពិភពលោក។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិកមានការឆ្លងថ្មីចំនួន ៣០០.៣១០ ករណី ក្នុងមួយថ្ងៃ នៅថ្ងៃទី ២ ខែមករា។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។
ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនជាងគេលំដាប់លេខ ២ នៅលើពិភពលោក កំពុងប្រឈមនឹងការឆ្លងនៅរលកទី ២ ដែលបានជំរុញប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសនេះ ហៀបនឹងដួលរលំ ដោយមន្ទីរពេទ្យប្រឹងអស់សមត្ថភាព ហើយខ្វះអុកស៊ីសែន។ កង្វះអុកស៊ីសែនមានសភាពធ្ងន់ធ្ងរ ដែលនាំឲ្យតុលាការជាន់ខ្ពស់នៅរដ្ឋធានីញូវដែលី បញ្ជាឲ្យរដ្ឋាភិបាលបង្វែរអុកស៊ីសែនពីរោងចក្រទៅប្រើនៅមន្ទីរពេទ្យ។
ថ្ងៃព្រហស្បតិ៍ គឺជាថ្ងៃទី ៨ ជាប់ៗគ្នាដែលឥណ្ឌាបានផ្សព្វផ្សាយករណីឆ្លងវីរុសថ្មីចំនួនជាង ២០ ម៉ឺននាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសឡើងដល់ជាង ១៥ លាន ៩ សែននាក់ គឺនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានអ្នកឆ្លងចំនួន ៣១ លាន ៨ សែននាក់។
ក្រសួងសុខាភិបាលឥណ្ឌាក៏បានបង្ហាញថា មនុស្សចំនួន ២.១០៤នាក់ បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដែលបង្កើនចំនួនអ្នកស្លាប់សរុបដល់ ១៨៤.៦៥៧នាក់។
ដោយឡែក ការសិក្សាពីដំបូងៗ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយទស្សនាវដ្តីពេទ្យ New England of Medecine បង្ហាញថា វ៉ាក់សាំងចាក់ ២ ដូសដែលផលិតដោយក្រុមហ៊ុន Pfizer និង Moderna របស់អាមេរិក មិនមានហានិភ័យណាមួយលើស្ត្រីមានផ្ទៃពោះទេ៕