ក្រសួងសុខាភិបាលឥណ្ឌាបានឲ្យដឹងនៅថ្ងៃពុធម្សិលមិញថា ប្រទេសនេះមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយកើនដល់៤.៥២៩នាក់ ដែលជាចំនួនអ្នកស្លាប់លើស៤.៥០០នាក់ក្នុងមួយថ្ងៃដំបូងរបស់ឥណ្ឌា ហើយក៏ជាចំនួនស្លាប់ក្នុងមួយថ្ងៃច្រើនជាងគេក្នុងប្រទេសមួយដែលពិភពលោកមិនធ្លាប់មាន។
មកដល់ពេលនេះ ឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបទាំងអស់ចំនួនជាង២៨៣.០០០នាក់ និងមានអ្នកឆ្លងដោយសារជំងឺនេះសរុបជាង២៥,៤លាននាក់ ដែលស្ថិតក្នុងលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។
ការកើនឡើងនូវចំនួនអ្នកឆ្លងថ្មីដោយគំហុកនៃជំងឺកូវីដ១៩ នៅឥណ្ឌា ដែលមានប្រជាជនច្រើនបំផុតទី២នៅក្នុងពិភពលោកនោះ បានបង្កើតឲ្យមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ ដោយមន្ទីរពេទ្យនានា ពោរពេញដោយអ្នកជំងឺដែលហួសពីសមត្ថភាពពួកគេអាចទទួលបាន ស្របពេលដែលមានការខ្វះខាតជាខ្លាំងនូវម៉ាស៊ីនអុកស៊ីហ្សែនសម្រាប់ជួយដល់អ្នកជំងឺនោះ។
ទន្ទឹមនឹងនោះដែរ ទីតាំងបណ្តោះអាសន្នជាច្រើនកន្លែងសម្រាប់ដុតសាកសពអ្នកជំងឺកូវីដ១៩ ត្រូវបានបង្កើតឡើង និងរវល់គ្មានទំនេរដៃក្នុងការដុតសាកសពអ្នកស្លាប់ទាំងនោះទេ៕