ឥណ្ឌា​ និង​បាគីស្ថាន​បន្ទោស​គ្នាទៅ​វិញ​ទៅ​មក បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ Kashmir

ផែន​ទី​បង្ហាញ​ពីតំបន់ Kashmir ដែល​គ្រប់គ្រង​ដោយ​បាគីស្ថាន។ ឥណ្ឌា​ និង​បាគីស្ថាន​បន្ទោស​គ្នាទៅ​វិញ​ទៅ​មក បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​នៅ Kashmir។

ប្រទេស​ឥណ្ឌា និង​បាគីស្ថាន កំពុង​បន្ទោស​គ្នា​ទៅវិញ​ទៅ​មក​ចំពោះ​ការ​ផ្ទុះ​អំពើ​ហិង្សា​ថ្មីៗ​នៅ​តំបន់​ Kashmir ​ដែល​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់​ ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាគីស្ថាន​បាន​ចោទ​ថា​ កង​កម្លាំង​ឥណ្ឌា​បាន​បាញ់​កាំ​ភ្លើង​ដោយ​គ្មាន​ការ​បង្ក​រឿង​ហេតុពី​សំណាក់​បាគីស្ថាន ដែល​បណ្តាល​ឲ្យ​ជន​ស៊ីវិលស្លាប់​យ៉ាង​ហោចណាស់​៤​នាក់ ​និង​ធ្វើ​ឲ្យ​៤​នាក់​ទៀត​រង​របួស។ ក្រសួង​ការ​បរទេស​បាន​កោះ​ហៅអគ្គ​ស្នង​ការ​ជាន់​ខ្ពស់​នៃ​ប្រទេស​ឥណ្ឌា​នៅ​ទីក្រុង​ Islamabad ហើយ​បាន​ដាក់​ពាក្យ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​មួយ​ទៅ​លើ​អ្វី​ដែល​បាគីស្ថាន​បាន​និយាយ​ថា ជា​ការ​បំពាន​លើ​ព្រំដែន​គោក និង​អាកាស។

បាគីស្ថាន​បាន​និយាយ​ថា កង​ទ័ព​របស់​ខ្លួន​បាន​បាញ់ទម្លាក់យន្តហោះ​គ្មាន​មនុស្ស​បើកឈ្លប​យក​ការណ៍​មួយ​របស់​ឥណ្ឌា​កាល​ពី​ថ្ងៃពុធ ដែល​ចូល​ក្នុង​ដែន​អាកាស​បាគីស្ថាន​ដោយ​ខុស​ច្បាប់។ យោធា​ឥណ្ឌា​បាន​បដិសេធ​ការ​ចោទ​ប្រកាន់នេះ។

ប្រទេស​ឥណ្ឌា​ក៏​បាន​និយាយ​ផង​ដែរ​ថា បាញ់​ឆ្លង​ព្រំដែន​របស់​កង​កម្លាំង​បាគីស្ថានកាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​បាន​បណ្តាល​ឲ្យអ្នក​ភូមិ​របួស​យ៉ាង​តិច​៣​នាក់។ រឿង​ហេតុ​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពីមាន​ការ​បាញ់គ្នា​នៅ​តំបន់​ Kashmir កាល​ពី​ថ្ងៃ​ពុធ​ ​ដែល​ឥណ្ឌា​និយាយ​ថា​ បាន​សម្លាប់​ស្ត្រី​ម្នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​២​នាក់​រង​របួស។

រដ្ឋាភិបាល​ឥណ្ឌា​បាន​ដាក់​ពាក្យ​តវ៉ា​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​បាគីស្ថាន​លើ​អ្វី​ដែល​ខ្លួន​បាន​ហៅ​ថា ​ជា​ការ​បំពាន​លើ​បទ​ឈប់​បាញ់​គ្នាម្តង​ហើយ​ម្តង​ទៀត៕