ប្រទេសឥណ្ឌាបានជួយសម្ពោធកំពង់ផែសមុទ្រមួយកន្លែងដែលគេទន្ទឹងរង់ចាំជាយូរមកហើយនៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីខែឧសភាកន្លងទៅនេះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌាប្រឹងប្រែងទប់ទល់នឹងឥទ្ធិពលកើនឡើងរបស់ប្រទេសចិនដែលជាគូប្រជែងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ស៊ីម៉ងត៍ចំនួន ១.០០០ តោនត្រូវបានដឹកជញ្ជូនជាលើកដំបូងពីទីក្រុង Kolkata នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី ៩ ខែឧសភាទៅដល់កំពង់ផែថ្មីមួយដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលឥណ្ឌាក្នុងទីក្រុង Sittwe នៃប្រទេសមីយ៉ាន់ម៉ា។
កំពង់ផែនៅក្រុង Sittwe នេះគឺជាសមិទ្ធផលដំណាក់កាលទីមួយនៃគម្រោងដឹកជញ្ជូនពហុវិធី Kaladan ដែលមានតម្លៃ ៤៨៤ លានដុល្លារ ដែលមានបំណងតភ្ជាប់ប្រទេសឥណ្ឌាជាមួយនឹងតំបន់ភាគឦសានដែលមិននៅជាប់សមុទ្ររបស់ខ្លួន ដោយឆ្លងកាត់រដ្ឋ Rakhine និងរដ្ឋ Chin នៅភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសបង់ក្លាដែស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងកំពង់ផែ ដឹកជញ្ជូន និងផ្លូវទឹកនៃប្រទេសឥណ្ឌាបានលើកឡើងថា កំពង់ផែក្រុង Sittwe គឺជាសញ្ញានៃ «យុគសម័យថ្មីមួយនៃការដឹកជញ្ជូន» ជាមួយប្រទេសមីយ៉ាន់ម៉ា និង «បើកផ្លូវសម្រាប់សក្តានុពលសេដ្ឋកិច្ចដ៏មហិមា» នៅទូទាំងតំបន់តាមរយៈការតភ្ជាប់តំបន់អាស៊ីខាងត្បូងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍។
នៅពេលបញ្ចប់ការសាងសង់ផ្លូវទឹកសម្រាប់ដឹកជញ្ជូនប្រវែង ១៥៨ គីឡូម៉ែត្រពីកំពង់ផែក្រុង Sittwe រហូតដល់ទន្លេ Kaladan និងផ្លូវគោកប្រវែង ២១០ គីឡូម៉ែត្រមួយទៀតភ្ជាប់ចូលទៅក្នុងប្រទេសឥណ្ឌាវិញ ក្រសួងបានថ្លែងថា ច្រកដឹកជញ្ជូននេះនឹងកាត់បន្ថយពេលវេលាដឹកជញ្ជូននិងការចំណាយរវាងទីក្រុង Kolkata និងរដ្ឋ Mizoram បានច្រើនជាងពាក់កណ្តាល។
លោក Avinash Paliwal គ្រូបង្រៀនជាន់ខ្ពស់នៃមហាវិទ្យាល័យ Oriental and African Studies នៃសាកលវិទ្យាល័យ University of London ក្នុងចក្រភពអង់គ្លេស បានប្រាប់ VOA ថា ឥណ្ឌានិងមីយ៉ាន់ម៉ាបានចាប់ដៃគ្នាលើគម្រោងនេះកាលពី ១៥ ឆ្នាំមុន ប៉ុន្តែតាមពិតគម្រោងនេះបានផ្តើមចេញពីគោលដៅនៃការបញ្ចូលសេដ្ឋកិច្ចឥណ្ឌាទៅក្នុងទីផ្សារដ៏មមាញឹកនៅអាស៊ីអាគ្នេយ៍ដែលមានតាំងពីទសវត្សរ៍ ១៩៦០ មកម្ល៉េះ។
លោកបានថ្លែងដូច្នេះថា៖ «នេះគឺជាបំណងប្រាថ្នាដ៏ធំ ដែលតែងតែមានដាក់បញ្ចូលក្នុងគោលនយោបាយសម្លឹងទៅទិសខាងកើត ឬបាញ់ឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ ហើយសព្វថ្ងៃនេះ វាគឺជាធាតុដ៏សំខាន់មួយនៃយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់ឥណ្ឌា និងដើម្បីប្រឆាំងនឹងចិន ដោយសារចិនក៏មានឥទ្ធិពលខ្លាំងផងដែរនៅក្នុងតំបន់»។
ការធ្វើឱ្យមានតុល្យភាពជាមួយនឹងឥទ្ធិពលរបស់ចិន
លោក Paliwal បានថ្លែងថា ប្រទេសឥណ្ឌាមានក្ដីបារម្ភខ្លាំងក្លាអំពីឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់ បើទោះបីជាខ្លួនមិនដែលបានវិនិយោគថវិកាច្រើនដើម្បីរុញច្រានឥទ្ធិពលនោះទៅវិញក៏ដោយ។ លោកបានបន្ថែមថា បើប្រៀបធៀបជាមួយប្រទេសចិន ឥណ្ឌាក៏បានធ្វើកិច្ចការតិចតួចក្នុងការជួយជ្រោមជ្រែងកងទ័ពឧទ្ទាមជនជាតិភាគតិចដែលគ្រប់គ្រងតំបន់ព្រំដែនដីគោកជាច្រើនរបស់មីយ៉ាន់ម៉ា រួមទាំងរដ្ឋ Rakhine និងរដ្ឋ Chin ផងដែរ។
បើទោះបីជាចិនបន្តគ្របដណ្តប់លើទំនាក់ទំនងជាមួយនឹងមីយ៉ាន់ម៉ាក៏ដោយ លោក Paliwal បានថ្លែងថា ការវិនិយោគរបស់ឥណ្ឌានៅកំពង់ផែក្រុង Sittwe យ៉ាងហោចណាស់ជួយឱ្យរបបយោធាមីយ៉ាន់ម៉ាដែលបានដណ្តើមអំណាចកាលពីឆ្នាំ ២០២១ ពេញចិត្តនឹងឥណ្ឌាដែរ។
លោកបានថ្លែងថា៖ «ចំណុចសំខាន់គឺថា ឥណ្ឌាចង់ធ្វើឱ្យប្រាកដថា ការប្រាស្រ័យទាក់ទងជាមួយរបបយោធាមីយ៉ាន់ម៉ានៅតែមាន ដោយសារពួកគេចាំបាច់ត្រូវដឹងថាចិនកំពុងធ្វើអ្វី។ បណ្តាញស៊ើបការណ៍សម្ងាត់ចាំបាច់ត្រូវតែរក្សាឱ្យនៅបើកចំហ។ ប្រសិនបើការចំណាយថវិកាមួយចំនួនក្នុងគម្រោង Kaladan អាចជួយពួកគេឱ្យរក្សាបាននូវបណ្តាញស៊ើបការណ៍សម្ងាត់នោះ នោះវាមិនមែនជាបញ្ហាសម្រាប់ពួកគេនោះទេ»។
អ្នកស្រី Sreeparna Banerjee សមាជិកជាន់ទាបនៃអង្គការស្រាវជ្រាវគោលនយោបាយ Observer Research Foundation ដែលមានមូលដ្ឋាននៅទីក្រុង Kolkata បានប្រាប់ VOA ថា ប្រសិនបើនិងនៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ ច្រកដឹកជញ្ជូននេះអាចជួយជំរុញយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ឥណ្ឌា។
អ្នកស្រីបានបញ្ជាក់ថា តាមរយៈការតភ្ជាប់តំបន់ភាគឦសាននៃប្រទេសឥណ្ឌាទៅនឹងសមុទ្រ ច្រកដឹកជញ្ជូននេះអាចជំរុញឱ្យមានការងារនិងកំណើនអាជីវកម្មក្នុងតំបន់ដែលមិនទាន់មានការអភិវឌ្ឍនៅក្នុងប្រទេស ជួយឥណ្ឌាទាញយកធនធានធម្មជាតិក្នុងប្រទេសមីយ៉ាន់ម៉ា និងពង្រឹងផ្លូវពាណិជ្ជកម្មតាមផ្លូវគោកនិងផ្លូវសមុទ្ររបស់ឥណ្ឌាជាមួយនឹងបណ្ដាប្រទេសផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែនៅតែប្រុងប្រយ័ត្នជាមួយនឹងប្រទេសចិន។
អ្នកស្រី Banerjee បានថ្លែងដូច្នេះថា៖ «ខណៈដែលឥណ្ឌាសង្កត់ធ្ងន់លើផលប្រយោជន៍ផ្ទាល់ខ្លួន [ឥណ្ឌា] ក៏កំពុងព្យាយាមធ្វើឱ្យមានតុល្យភាពជាមួយនឹងឥទ្ធិពលរបស់ចិនផងដែរតាមរយៈការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយនឹងមីយ៉ាន់ម៉ានិងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា»។
អ្នកស្រីបានបន្ថែមថា៖ «ដូច្នេះ គម្រោង Kaladan ដើរតួជាយុទ្ធសាស្ត្រទប់ទល់នឹងឥទ្ធិពលគ្របដណ្ដប់របស់ចិននៅក្នុងតំបន់។ វាមិនត្រឹមតែពង្រឹងទំនាក់ទំនងរបស់ឥណ្ឌាជាមួយនឹងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការគាំទ្រដល់ការអភិវឌ្ឍរបស់មីយ៉ាន់ម៉ានិងជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ»។
លោក Hunter Marston បេក្ខជនថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) ដែលកំពុងសិក្សាអំពីប្រទេសមីយ៉ាន់ម៉ា បានប្រាប់ VOA ថា ឥណ្ឌាសង្ឃឹមថា កំពង់ផែរបស់ខ្លួននៅរដ្ឋ Rakhine នៅថ្ងៃណាមួយអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែដែលធំជាង និងជ្រៅជាងនេះដែលចិនកំពុងសាងសង់នៅទីក្រុង Kyaukphyu ដែលស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រនៃភាគអាគ្នេយ៍ទីក្រុង Sittwe ដែលនៅទីនោះគម្រោងច្រករបៀងសេដ្ឋកិច្ចរបស់ចិនផ្ទាល់ដែលឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ាបានភ្ជាប់ទៅដល់សមុទ្រ។
លោកបានថ្លែងដូច្នេះថា៖ «នោះជាគោលដៅពិតប្រាកដមួយ។ ឥណ្ឌាកំពុងព្យាយាមធ្វើរឿងនេះដើម្បីប្រជែងជាមួយចិន។ ប៉ុន្តែការធ្វើពាណិជ្ជកម្មរបស់ឥណ្ឌាជាមួយមីយ៉ាន់ម៉ាគឺតិចជាងការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយមីយ៉ាន់ម៉ា។ ខ្ញុំគិតថា ប្រទេសឥណ្ឌាមានសក្ដានុពលច្រើនសម្រាប់ធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចរីកចម្រើននៅពេលអនាគត ប៉ុន្តែបើយើងមើលមួយជ្រុងទៀត វារាងយឺតពេលក្នុងការតាមឱ្យទាន់ចិន»។
តួលេខរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយចិនបានកើនឡើងដល់ជាង ៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ហើយពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាជាមួយឥណ្ឌាក្នុងឆ្នាំ ២០២២ ដូចគ្នានេះមានចំនួនតែ ១,៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ជាងនេះទៀត ការវិនិយោគផ្ទាល់ពីបរទេសរបស់ឥណ្ឌានៅមីយ៉ាន់ម៉ាស្មើនឹងចំណែកតូចមួយរបស់ចិនប៉ុណ្ណោះ។
មិត្តរកតែប្រយោជន៍
លោក Marston បានថ្លែងថា បើទោះបីជាអ៊ីចឹងក៏ដោយ ប្រទេសមីយ៉ាន់ម៉ានៅតែអាចប្រើប្រាស់ការវិនិយោគរបស់ឥណ្ឌានៅក្នុងគម្រោង Kaladan ដើម្បីការពារប្រឆាំងនឹងប្រទេសចិន ដោយមានការប្រុងប្រយ័ត្នក្នុងការពឹងផ្អែកខ្លាំងលើប្រទេសណាមួយ ជាពិសេសចាប់តាំងពីពេលរដ្ឋប្រហារយោធាមកម៉្លេះ។
ការគាបសង្កត់យ៉ាងឃោរឃៅរបស់របបយោធាមីយ៉ាន់ម៉ាលើការតស៊ូប្រដាប់អាវុធដែលកំពុងកើនឡើងកំពុងធ្វើឱ្យមីយ៉ាន់ម៉ាបាត់បង់សម្ព័ន្ធមិត្តបរទេសរបស់ខ្លួន ប៉ុន្តែឥណ្ឌានៅតែប្រកាន់ខ្ជាប់ជំហររបស់ខ្លួនជាមួយនឹងមីយ៉ាន់ម៉ា។ រួមជាមួយចិននិងរុស្ស៊ី ឥណ្ឌាបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែធ្នូឆ្នាំមុន ដែលសេចក្ដីសម្រេចនោះស្នើឱ្យមានការបញ្ចប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់។ ឥណ្ឌាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចផងដែរដែលនៅតែលក់អាវុធឱ្យមីយ៉ាន់ម៉ា បើទោះបីជាតិចជាងចិនឬក៏រុស្ស៊ីច្រើនក៏ដោយ។
លោក Marston បានថ្លែងដូច្នេះថា៖ «កិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ាមិនបានជួយអ្វីច្រើនដើម្បីទទួលបានការគាំទ្រនៅក្នុងប្រទេសនោះទេ ប៉ុន្តែរបបនេះកំពុងព្យាយាមពង្រឹងភាពជាដៃគូខាងក្រៅរបស់ខ្លួនឱ្យកាន់តែស៊ីជម្រៅ ជាពិសេសជាមួយប្រទេសដែលអនុញ្ញាតឱ្យខ្លួនអាចជៀសផុតការពឹងផ្អែកខ្លាំងពេកលើប្រទេសចិន ជាពិសេសលើការវិនិយោគបរទេស»។
អ្នកវិភាគនានាបាននិយាយថា ទោះបីជាមានថវិកាគ្រប់គ្រាន់ក៏ដោយ ក៏គម្រោង Kaladan អាចនឹងមិនងាយស្រួលក្នុងការបញ្ចប់បានលឿននោះទេ។
ការបះបោរដែលអូសបន្លាយជាយូរមកហើយបានប៉ះពាល់ដល់ទាំងមីយ៉ាន់ម៉ានិងឥណ្ឌា។ ការប្រយុទ្ធគ្នាគឺកាន់តែមានភាពខ្លាំងក្លាឡើងជាពិសេសនៅខាងមីយ៉ាន់ម៉ាចាប់តាំងពីពេលរដ្ឋប្រហារយោធាមក។
លោក Marston បាននិយាយថា អំពើហិង្សាដែលកំពុងបន្តនឹងក្លាយជា «ឧបសគ្គដ៏ធំ» មួយចំពោះការសាងសង់ផ្លូវដែលជាដំណាក់កាលចុងក្រោយក្នុងការបញ្ចប់គម្រោងច្រកដឹកជញ្ជូននៅភាគខាងជើងនៃទីក្រុង Sittwe នេះ។
លោក Paliwal បានយល់ស្របថា «ផ្លូវនោះនឹងមិនត្រូវបានសាងសង់នៅពេលណាមួយឆាប់ៗខាងមុខនេះទេ»។
អ្នកស្រី Banerjee បានលើកឡើងថា អ្នកស្រីមានសុទិដ្ឋិនិយមជាងនេះដោយសន្មតថាកិច្ចប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ាក្នុងការសម្រេចឱ្យបាននូវបទឈប់បាញ់ជាមួយក្រុមឧទ្ទាមសំខាន់ៗមួយចំនួននៅក្នុងប្រទេសទទួលបានផ្លែផ្កា និងថាឥណ្ឌាអាចផ្តល់ភាពកក់ក្តៅដល់រដ្ឋាភិបាលស្រមោលរបស់មីយ៉ាន់ម៉ាដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមឧទ្ទាមមួយចំនួន។
អ្នកស្រីបានបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើប្រទេសឥណ្ឌាអាចធ្វើអ្វីៗគ្រប់យ៉ាងត្រឹមត្រូវ ខ្ញុំគិតថា មានក្តីសង្ឃឹមដែលថាគម្រោង [ច្រកដឹកជញ្ជូន] នេះនឹងត្រូវបានបញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ប៉ុន្តែមិនមែនក្នុងពេលឥឡូវនេះទេ»៕