ឥណ្ឌា​បើក​ឲ្យ​ប្រើប្រាស់​ស្ពាន​​វែង​បំផុត​​នៅ​ភាគឦសាន​ប្រទេស​ដើម្បី​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ការពារ​ជាតិ​​ជិត​ព្រំដែន​ចិន​​

  • Anjana Pasricha

ទិដ្ឋភាព​ស្ពាន Dhola Sadiya

​ប្រទេស​ឥណ្ឌា​បាន​បើក​ឲ្យ​ប្រើប្រាស់​ស្ពាន​ដ៏​វែង​បំផុត​របស់​ខ្លួន​ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល​ភាគ​ឦសាន​ប្រទេស​ដើម្បី​ពង្រឹង​ហេដ្ឋារចនា​សម្ព័ន្ធ​ការពារ​ជាតិ​របស់​ខ្លួន​ដែល​នៅ​ជិត​ព្រំ​ដែន​មាន​ជម្លោះ​ជាមួយ​ចិន។

​‌ស្ពាន​នោះ​គឺ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​បាន​បង្កើន​ល្បឿន​ក្នុង​ការ​សម្រប​សម្រួល​ដំណើរ​ការ​កងកម្លាំង​ប្រដាប់​អាវុធ​និង​កាំភ្លើង​ធំ​ទៅ​រដ្ឋ​ Arunachal Pradesh ដែល​ប្រទេស​ចិន​បាន​ទាមទារ​ជា​របស់​ខ្លួន។​

ស្ពាន ​Dhola Sadiya ដែល​មាន​ប្រវែង​៩.១៥​គីឡូម៉ែត​ឆ្លង​កាត់​ទន្លេ ​Brahmaputra ​នឹង​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ហិមាល័យ​កាន់​តែ​ងាយ​ស្រួល​និង​លឿង​ជាង​មុន​ ដែល​ប្រទេស​ចិន​បាន​ចាត់​ទុក​រដ្ឋ​នេះ​ថា​ជា​តំបន់​ទីបេ​ខាងត្បូង។

ស្ពាន​នោះ​ត្រូវ​បាន​សាងសង់​ឡើង​ដើម្បី​ទ្រទ្រង់​នឹង​ទម្ងន់​រថក្រោះ​សង្រ្គាម​ដែល​មាន​ទម្ងន់​ដល់​ទៅ ​៦០​តោន។​

ថ្ងៃ​បើក​សម្ភោធ​គម្រោង​នេះ​គឺ​នៅ​ចំ​ថ្ងៃ​ដែល​លោកនាយក​រដ្ឋមន្រ្តីNarendra Modi ​បាន​ឡើង​កាន់​ដំណែង​បាន​រយៈពេល​បី​ឆ្នាំ​នោះ​ លោក​នាយក​រដ្ឋមន្រ្តី​មិន​បាន​ផ្តោត​គោល​បំណង​សំខាន់​ទៅ​លើ​ការ​ការពារ​ជាតិ​ទេ ប៉ុន្តែ​លោក​បាន​ផ្តោត​លើ​គម្រោងដែល​មាន​ប្រយោជន៍​ដល់​វិស័យ​សេដ្ឋកិច្ច។ វា​ក៏​ជា​គម្រោង​ដែល​អាច​តភ្ជាប់ជាមួយ​តំបន់​ដាច់ស្រយាល​ឲ្យ​ប្រសើរ​ជាមុន​ ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​តំបន់​នោះ​មាន​សភាពយ៉ាប់យឺន​ខ្លាំង​ជា​យូរ​មកហើយ។

លោក​បាន​និយាយ​ថា ស្ពាន​នេះ​នឹង​អាច​ពន្លឿន​ការ​អភិវឌ្ឍ​ទាំង​ក្នុង​រដ្ឋ ​Arunachal Pradesh​ និង​រដ្ឋ​ Assam ហើយ​អាច​ជួយ​ឲ្យ​កសិករ​រាប់​ពាន់​នាក់​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មី​បាន​។ លោក Modi និយាយ​ថា៖ «វា​មិន​ត្រឹម​តែ​សន្សំ​ពេល​វេលា​និង​ថវិកា​ប៉ុណ្ណោះ​ទេ វា​នឹង​នាំ​យើង​ទៅ​កាន់​បដិវត្តន៍​សេដ្ឋកិច្ច»។

ចាប់​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​ក្នុង​ឆ្នាំ​២០១៤​មក​ រដ្ឋាភិបាល​របស់​លោក​ Modi ​បានកំណត់​យក​អាទិភាព​នៃ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដើម្បីជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច។​

អាទិភាព​នេះ​រួម​មាន​ដូចជា​គម្រោង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​តំបន់​ព្រំ​ដែន​នៅ​រដ្ឋ​ឦសាន​ ដែល​រដ្ឋាភិបាល​លោក​និយាយ​ថា​ជាការ​ចាំ​បាច់​ក្នុង​ការ​ពង្រឹង​វិស័យ​ការពារ​ជាតិ​របស់​ឥណ្ឌា។​

គោល​នយោបាយ​នេះ​បានបង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្រ្ត​របស់​ឥណ្ឌា ដែល​ប្រទេស​នេះ​មិន​មាន​ការ​កែ​លម្អ​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​តំបន់​អស់​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​ហើយ។ ពួក​គេ​បាន​ជឿថា​ ការ​ធ្វើ​ឲ្យតំបន់​ទាំង​នោះរីក​ចម្រើន​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​កងទ័ព​ចិន​ក្នុង​ការ​ចូល​ក្នុង​ប្រទេស​ឥណ្ឌា។ ប្រទេស​ឥណ្ឌា​និង​ប្រទេស​ចិន​បាន​ប្រយុទ្ធ​គ្នា​ក្នុង​សង្រ្គាម​ខ្លី​មួយ​កាល​ពី​ឆ្នាំ​១៩៦២។ ទោះ​បី​ជា​មាន​ការ​ចរចា​ដ៏​អូស​បន្លាយអស់​ជាច្រើនឆ្នាំ​ក៏​ដោយ​ ក៏​តំបន់​ព្រំដែន​របស់​ពួក​គេ​មួយ​ចំនួន​នៅ​តែ​មាន​ជម្លោះ​នៅ​ឡើយ។

លោក​ Dipankar Banerjee ​អតីត​ឧត្តមសេនីយ៍​និង​អ្នកវិភាគ​សន្តិសុខ​ឥណ្ឌា​និយាយ​ថា កាល​ពី​មុន​យើង​ធ្លាប់​គិត​ថា​ «ការ​សាង​សង់​ផ្លូវ​ធ្វើ​ដំណើរ​នឹង​ធ្វើ​ឲ្យ​យើង​ខិត​កាន់​តែ​ជិត​ទៅ​ព្រំដែន ហើយ​ផ្លូវ​នោះ​ប្រហែល​ជា​អាច​ប្រើក្នុង​គោល​បំណង​វាយ​លុក​ដោយ​ភាគី​ទាំង​សង​ខាង។ ដូច្នេះ​ហើយ​ការ​សាងសង់​ផ្លូវ​មាន​ឧបសគ្គ​មួយ​ចំនួន»។​

នៅ​ឆ្នាំ​ក្រោយ​នេះ​ ប្រទេស​ឥណ្ឌា​សង្ឃឹម​ថា​នឹង​អាច​បញ្ចប់​គម្រោង​ផ្លូវ​មួយ​ខ្សែ​ដែល​មាន​ពីរ​គន្លង​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​និង​ជា​តំបន់​ព្រំដែន​យុទ្ធសាស្រ្ត​ក្នុង​រដ្ឋ ​Arunachal Pradesh ​ដែល​តំបន់​នោះ​គ្រឿងយុទ្ធភ័ណ្ឌ​ទាំង​អស់​អាច​ដឹក​ទៅ​ដល់ដោយ​ឧទ្ធម្ភាគចក្រ​ប៉ុណ្ណោះ។ ការ​សាងសង់​ផ្លូវ​នៅ​តាម​ជម្រាល​ភ្នំ​ហិមាល័យ​ គឺ​ជាបញ្ហា​ប្រឈម​ផ្នែក​វិស្វកម្ម​ ដែល​រួម​មាន​ទាំងការ​លំបាក​ក្នុង​ការ​ដឹក​ជញ្ជូន​ឧបករណ៍​សាង​សង់​ផ្លូវ​តាម​ឧទ្ធម្ភាគចក្រ។​

គម្រោង​ផ្សេង​ទៀត​គឺ​ផ្តោត​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​មូលដ្ឋាន​សម្រាប់​យន្តហោះ​ធន់ធ្ងន់​ចុះ​ចត។ អ្នក​វិភាគ​ឥណ្ឌា​មួយ​ចំនួន​និយាយ​ថា​ គម្រោង​ទាំង​នេះ​នឹង​លុបបំបាត់​ចន្លោះ​ប្រហោង​ទាក់​ទងនឹង​បណ្តាញ​ដឹក​ជញ្ជូន​ខ្នាត​ធំ​ដែល​ប្រទេស​ចិន​បាន​សាង​សង់​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ជិត​ព្រំដែន​នោះ។ លោក​ Banerjee និយាយ​ថា៖ «ប្រទេស​ចិន​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​កាន់​តែ​ប្រសើរ​ជាង​មុន​ច្រើន​ ហើយ​វា​គឺ​ជា​បញ្ហា​ធំមួយ»។

កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ លោក​ Rajnath Singh ​បាន​អំពាវនាវ​ដល់​កងទ័ព​ដែល​នៅ​យាម​តាម​ព្រំដែន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សកម្មភាព​បំពាន​របស់​ចិន។ លោក ​Singh ​និយាយ​ថា៖ «យើង​ចង់​បាន​សន្តិភាព​ ប៉ុន្តែ​ជា​សន្តិភាព​ដោយ​កិត្តិយស។ យើង​ត្រូវ​តែ​មាន​លទ្ធភាព​រារាំងអ្នក​ណា​ដែល​គិត​ថា​យើង​ទន់​ខ្សោយ»។

ចំណង​ទាក់ទង​របស់​ប្រទេស​ទាំង​ពីរ​នេះ​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

កាល​ពី​ខែ​មេសា​ ប្រទេស​ចិន​បាន​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​សាសនា​នៃ​តំបន់​ទីបេ គឺ​សម្តេច​សង្ឃ​ Dalai Lama ​ទៅ​កាន់​រដ្ឋ ​Arunachal Pradesh​ ហើយ​ចិន​ក៏​បាន​ព្រមាន​ថា​ការ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ជម្លោះ​ដែល​ខ្លួន​បាន​ទាមទារ​នេះ​នឹង​បំផ្លាញ​ចំណង​ទាក់​ទងរវាង​ប្រទេស​ទាំង​ពីរ។ ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​អនុ​រដ្ឋ​មន្រ្តី​ការពារជាតិ​លោក​ Kiren Rijiu ​និយាយ​ថា​ «រដ្ឋ​ Arunachal Pradesh ជា​ផ្នែក​មួយ​របស់​ប្រទេស​ឥណ្ឌា ហើយ​វា​មិន​មាន​ថ្ងៃ​ផ្លាស់​ប្តូរ​ឡើយ»៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ