មេដឹកនាំ​ឥណ្ឌា​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក Trump ក្នុង​សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ស្អែក

រូបភាព​ឯកសារ៖ នាយករដ្ឋមន្រ្តី​ឥណ្ឌា​លោក Narendra Modi ថ្លែង​នៅ St. Petersburg ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​០២ មិថុនា ២០១៧។

មេដឹកនាំ​ឥណ្ឌា​លោក Narendra Modi បាន​ធ្វើ​ដំណើរ​មក​ដល់​សហរដ្ឋ​អាមេរិក ដើម្បី​ជួប​ពិភាក្សា​ជា​លើក​ដំបូង​បង្អស់​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ចន្ទ​ស្អែក ក្នុង​គោល​បំណង​ដើម្បី​កសាង​ទំនាក់ទំនង​ដែល​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ទៅ​មុខ និង​ដោះស្រាយ​បញ្ហា​មិន​ស៊ី​សង្វាក់​គ្នា​ទាក់ទិន​នឹង​ការ​បញ្ហា​ប្រែប្រួល​អាកាសធាតុ។

ទំនាក់ទំនង​រវាង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​ធំ​ជាង​គេ​ពីរ​នៅ​លើ​ពិភពលោក​នេះ មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រោម​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Barack Obama ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​ស្វែង​រក​ការ​វិនិយោគ​បរទេស និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន​ជាមួយ​នឹង​បស្ចិម​ប្រទេស។

កន្លង​មក លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា​បាន​សន្យា​ថា នឹង​ធ្វើ​ការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក Trump ប៉ុន្តែ​ឧបសគ្គ​នានា​នឹង​កើត​ឡើង​ជាក់ជា​មិន​ខាន ពាក់ព័ន្ធ​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​ពាណិជ្ជកម្ម និង​ទិដ្ឋាការ​ធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​ណា​ដែល​ចង់​ធ្វើ​ការ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

ចំណែក​ឯ​លោក Trump វិញ បាន​ចោទ​ប្រកាន់​ប្រទេស​ឥណ្ឌា​ថា​បាន​ស្វះស្វែង​ទាញ​យក​ផល​ប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​អាកាសធាតុ ពេល​ដែល​លោក​បាន​ប្រកាស​ថា លោក​នឹង​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ នៅ​ក្នុង​ខែ​មិថុនា​នេះ។ ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​បដិសេធ​យ៉ាង​ដាច់​អហង្ការ៕