ប្រទេស​ឥណ្ឌា​មាន​ករណី​ជំងឺកូវីដ​ថ្មី​ប្រចាំ​ថ្ងៃ​ជាង​៨ម៉ឺន

បុគ្គលិកសុខាភិបាលឥណ្ឌាម្នាក់កំពុងយកសំណាកពីមន្ត្រីប៉ូលិសម្នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្ត Chennai ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២១។

ក្រសួង​សុខាភិបាល​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​បាន​រាយ​ការណ៍​ថា​ មាន​ការឆ្លង​ថ្មី​នៃជំងឺ​កូវីដ ​ចំនួន​ ៨១.៤៦៦​ ករណី ​ក្នុង​រយៈ​ពេល​ ២៤ ​ម៉ោង។ ​នេះជា​តួលេខ​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ ក្នុង​រយៈ​ពេល ​៦ ​ខែ​កន្លង​មក។

​ករណី​ឆ្លង​ថ្មី​នេះ​មាន​ច្រើន​ជាង​គេ​នៅ​រដ្ឋ​ Maharashtra ​នៅ​ភាគ​ខាងលិច​ គឺ​មាន ​៤៣.១៨៣ ​នាក់។​ប្រទេស​ឥណ្ឌា​មាន​ករណីឆ្លង​ជំងឺកូវីដ ​១២,៣​ លាន​ករណី។​ មានតែ​សហ​រដ្ឋ​អាមេរិក​និង​ប្រេស៊ីល​ទេ​ ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​ឥណ្ឌា។​

ស.រ.អា.​ មាន ​៣០,៥​ លាន​ករណី​ និង​ប្រេស៊ីល​មាន​ ១២,៨ ​លានករណី។ នោះបើ​យោង​តាម​មជ្ឈមណ្ឌល​តាមដាន​វីរុស​កូរ៉ូណា​របស់​សាកលវិទ្យាល័យ ​Johns Hopkins (Johns Hopkins Coronavirus Resource Center)។​ របាយការណ៍​របស់​មជ្ឈមណ្ឌល​តាមដាន​វីរុស​កូរ៉ូណា​របស់សាកល​វិទ្យាល័យ Johns Hopkins​ ឲ្យ​ដឹងថា​ នៅ​ទូទាំង​ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​ ១២៩,៦ ​លាន​នាក់។​

នៅក្នុង​ទីក្រុង​ធំ​បំផុត​នៅ​ប្រេស៊ីល ​ផ្នូរ​ខ្មោច​ចាស់​ត្រូវ​គេ​គាស់ ​ដើម្បី​បញ្ចុះ​សាកសពជនរង​គ្រោះ​ថ្មី​បំផុត​នៃ​វីរុស​នេះ។

រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ស.រ.អា. បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ Moderna ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដាក់​វ៉ាក់សាំង​កូវីដ​ចំណុះ​ ១៥ ​ដូស​ ក្នុង​កូន​ដប ​ដែល​ក្រុមហ៊ុន​ឱសថ​នេះ​បាន​ដាក់​ត្រឹម​តែ​ ១០​ ដូស​ប៉ុណ្ណោះ​កន្លង​មក។​

ក្រុមហ៊ុន ​Moderna ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ​ដប​ថ្នាំ​ចំណុះ ​«១៥​ដូស ​នឹង​ចាប់​ផ្តើម​ដឹក​ជញ្ជូន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ»៕