កសិករ​ឥណ្ឌា​ប៉ះទង្គិច​ជា​មួយ​ប៉ូលិស​នៅពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ថ្មី

  • Anjana ​Pasricha

ប៉ូលិស​ម្នាក់​ប្រឈម​មុខ​ជាមួយនឹង​កសិករ​ម្នាក់ ក្នុង​អំឡុងពេល​ដែល​មាន​ការ​​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​​កសិកម្ម​ថ្មី​មួយ​នៅ​ជាយ​​ក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​និង​បានប្រើ​កាណុង​បាញ់ទឹក​កាលពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​នៅពេល​ដែល​កសិករ​រាប់​ពាន់​នាក់​ពី​ភាគខាងជើង​ប្រទេស​ឥណ្ឌា​ហែ​ក្បួនធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នានា​ដែល​រដ្ឋាភិបាល​ថា​នឹងធ្វើ​ឲ្យ​មាន​បដិវត្តន៍​នៅ​ក្នុង​វិស័យ​កសិកម្ម។ ប៉ុន្តែ​ចំណែក​ឯ​ក្រុម​កសិករ​វិញ​ខ្លាច​ថា​ វា​នឹងធ្វើ​ឲ្យ​ពួកគេ​ងាយ​នឹង​រង​ការ​កេងប្រវ័ញ្ច​ពី​សហគ្រាស​ធំៗ។

ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ជាយក្រុង​ញូវដែលី​ ខណៈ​ដែល​កសិករ​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​រុញ​ច្រានរបាំង​បេតុង​ការពារ​ដែល​ដាក់​នៅ​ព្រំដែន​ទីក្រុង​ដើម្បី​រារាំង​អ្នក​ហែក្បួន។ កសិករ​ខ្លះ​ព្យាយាម​យក​របាំង​ចេញ​នៅពេល​កំពុង​បក់​ទង់ជ័យ​និង​ស្រែក​ពាក្យ​ស្លោក​នានា។

កសិករ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​លើត្រាក់ទ័រ​និង​ម៉ូតូរបស់​ពួកគេ​ពី​ភាគ​ខាងជើង​រដ្ឋ​Punjab ដែល​ជារដ្ឋ​កសិកម្ម ដោយ​សន្យា​ថា​នឹង​បោះ​ជំរំ​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​ឥណ្ឌា​រហូតទាល់​តែរដ្ឋាភិបាល​កែប្រែ​ច្បាប់​ថ្មី​នេះ។

កសិករ​បានប៉ះទង្គិច​ជា​មួយ​ប៉ូលិសនៅ​ក្នុង​បាតុកម្ម​ដែល​កើត​មាន​ឡើង​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មកនេះ។ នៅ​ថ្ងៃទី​មួយ ក្រុម​សន្តិសុខ​បាន​ប្រើ​កាណុង​បាញ់ទឹក​ទៅ​កាន់​ក្រុម​កសិករ​នៅពេល​ដែល​ពួកគេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​រដ្ឋ​ជិត​ខាង​គឺ​រដ្ឋ Haryana ដើម្បី​ទៅ​ដល់​ទីក្រុង​ញូវដែលី។

ជាច្រើន​ម៉ោង​ក្រោយ​ពីកសិករ​បាន​ទាមទារ​រកហេតុផល​ដែល​ហាម​មិនឲ្យ​ពួកគេ​ធ្វើ​បាតុកម្ម​ ប៉ូលិស​បាន​ប្រកាស​ថា​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូលទៅក្នុង​ទីក្រុង។

លោក Amarinder Singh​ ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ​ Punjabដែល​បានរិះគន់​ការ​ប្រើប្រាស់​អ្វី​ដែល​លោក​ហៅ​ថា​«កងកម្លាំង​ដ៏សាហាវ» បាន​និយាយ​ថា ​រដ្ឋាភិបាល​គួរ​តែ​ផ្តួចផ្តើម​«កិច្ច​ពិភាក្សា​ភ្លាមៗ​ដើម្បី​ដោះស្រាយ​កង្វល់​របស់​កសិករ​ទាក់ទិន​នឹង​ច្បាប់​កសិកម្ម​ថ្មី​ និង​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​លេច​ឡើង»។

ច្បាប់​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស ហើយ​ត្រូវបាន​អនុម័ត​កាលពី​ខែ​កញ្ញា​នេះ មាន​គោល​បំណង​កែប្រែ​ច្បាប់​ចាស់ៗ​រាប់​ទសវត្សរ៍​ ដែលអនុញ្ញាត​ឲ្យ​កសិករ​ភាគ​ច្រើន​លក់ផលិត​ផល​របស់​ពួកគេ​តាម​រយៈ​ផ្សារ​បោះ​ដុំ​របស់​រដ្ឋ​នៅ​ក្នុង​តម្លៃ​ដែល​បាន​កំណត់ដោយ​រដ្ឋាភិបាល ហើយ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ពួកគេ​ដើម្បី​លក់​ផលិត​ផល​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯកជន។

លោក​នាយករដ្ឋ​មន្ត្រី Narendra Modi ​បាន​ពណ៌នា​ច្បាប់​នេះថាជា​«ប្រវត្តិសាស្ត្រ» ហើយ​លោក​និយាយ​ថា​ច្បាប់​នេះ​នឹង​បង្កើន​ចំណូល​របស់​កសិករ​ ជំរុញ​ផលិត​ភាព​និងរំដោះ​កសិករ​ចេញ​ពី​ការ​ពឹង​ផ្អែក​លើ​ឈ្មួញ​កណ្តាល។ អ្នក​គាំទ្រ​ច្បាប់​នេះ​និយាយថា​វា​អាច​នឹងទាក់ទាញ​ការវិនិយោគ​ឯកជន​និង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​ឥណ្ឌា​កាន់តែ​ទំនើប។

ទោះ​យ៉ាង​ណា​កសិករ​ឥណ្ឌា​ដែល​ត្រូវបានការពារ​ពី​ទីផ្សារ​សេរី​ជា​យូរ​មក​ហើយ ភ័យ​ខ្លាច​ថា​ការ​ដក​ចេញ​នូវ​ការគ្រប់​គ្រង​របស់​រដ្ឋាភិបាល​នឹង​ផ្តល់​អំណាច​ចរចា​តិចតួច​ដល់​ពួកគេ​ជាមួយ​នឹង​សហគ្រាស​ធំៗ​ហើយ​បង្ខំ​ឲ្យ​ពួកគេ​លក់​ផលិត​ផល​ក្នុង​តម្លៃ​ទាប។ នៅពេល​ដែល​ពួកគេ​កំពុង​ទាមទារ​ឲ្យ​តម្លៃខ្ពស់​ជាង​មុន​សម្រាប់ផល​ដំណាំ​របស់​ពួកគេ ពួកគេ​បារម្ភ​ថា​ច្បាប់​ថ្មី​នេះ​នឹង​បន្ទាប​ចំណូល​របស់​អ្នក​នៅ​ជន​បទ​បន្ថែម​ទៀត។

​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ឥណ្ឌា​ ពឹង​ផ្អែក​លើ​កសិកម្ម​ ប៉ុន្តែ​វា​រួម​ចំណែក​តែ​១៧ភាគរយ​ប៉ុណ្ណោះ​ក្នុង​ផលិត​ផលក្នុង​ស្រុក​សរុប​ឥណ្ឌា។ កសិករ​ភាគ​ច្រើន​មាន​ដី​តូច​ ហើយ​មាន​ចំណូល​តិច​តួច​ ហើយ​ជាញឹកញាប់​ធ្លាក់​ក្នុង​បំណុល។

អ្នក​វិភាគ​ចំណីអាហារ​និង​គោលនយោបាយ​កសិកម្ម​ លោក Devinder Sharma បាន​និយាយ​ថា​ទំហំ​នៃ​ការ​តវ៉ា​បង្ហាញ​ថា​ កសិករ«មិន​យល់ស្រប»​ជាមួយ​ផែនការ​របស់​រដ្ឋាភិបាល។

លោក Sharma និយាយ​ថា៖«កសិករ​នៃ​ប្រទេស​ឥណ្ឌា​មិន​ត្រូវ​បាន​ពិគ្រោះ​យោបល់​អំពី​ច្បាប់​នេះ​ឡើយ»។

លោក​បន្តថា៖ «ជា​លទ្ធផល​ អ្នកដែល​សប្បាយ​រីករាយ​គឺ​វិស័យ​ឧស្សាហកម្ម​និង​ទីផ្សារ​ ខណៈ​ដែល​កសិករជឿ​ថា​ ច្បាប់នេះ​នឹង​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់ពួកគេ»។

កសិករ​និយាយ​ថា​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ដល់​រដ្ឋាភិបាល​ដកចេញ​កំណែទម្រង់​នេះ។ កសិករ​ជាច្រើន​បាន​ត្រៀមលក្ខណៈ​រួច​ជាស្រេចសម្រាប់​ដំណើរ​វែង​ឆ្ងាយ​ក្នុងយានជំនិះ​របស់​ពួកគេ​ដែល​មាន​ទៅ​ដោយ​ស្បៀង​អាហារ​និង​សូម្បី​តែ​ធុងហ្គាស​សម្រាប់​ចម្អិន​ម្ហូប៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ