ករណីស្លាប់ដោយសារជំងឺកូវីដ១៩នៅឥណ្ឌាបានកើនលើសពីបីសែននាក់នៅថ្ងៃច័ន្ទនេះ នៅពេលដែលឥណ្ឌាព្យាយាមគ្រប់គ្រងការឆ្លងរាលដាលទ្រង់ទ្រាយធំ។ រីឯប្រទេសជប៉ុនបានបើកមជ្ឈមណ្ឌលវ៉ាក់សាំងទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេលពីរខែមុនការចាប់ផ្ដើមកីឡាអូឡាំពិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏សាហាវនៅក្នុងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងៗទៀត បានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងពិភពលោកកើនឡើងដល់ជាង៣លាន៤សែននាក់ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាសហរដ្ឋអាមេរិក អង់គ្លេស និងអ៊ីស្រាអែល បានបន្ធូរបន្ថយការឹតត្បិតក៏ដោយ។
ករណីឆ្លងថ្មីប្រចាំថ្ងៃបានថយចុះនៅតាមទីក្រុងធំៗក្នុងប្រទេសឥណ្ឌា ប៉ុន្តែករណីឆ្លងនិងករណីស្លាប់ បានបំបែកកំណត់ត្រាច្រើនបំផុតក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដែលធ្វើឲ្យមន្ទីរពេទ្យខ្វះខាតគ្រែទទួលអ្នកជំងឺ ខ្វះខ្យល់អុកស៊ីសែន និងថ្នាំសង្កូវសំខាន់ៗ។
អ្នកជំនាញជាច្រើនជឿថា ចំនួនករណីឆ្លងនៅក្នុងប្រទេសឥណ្ឌាមានច្រើនជាងនេះឆ្ងាយណាស់ ដោយសារនៅពេលដែលវីរុសកូរ៉ូណាឆ្លងរាលដាលទៅកាន់ទីជនបទ ជាកន្លែងដែលពលរដ្ឋភាគច្រើននៃចំនួនប្រជាពលរដ្ឋសរុប១ពាន់៣រយលាននាក់រស់នៅ ហើយកន្លែងព្យាបាលជំងឺ និងការកត់ត្រាតួលេខនៅមានកម្រិត។
ប្រទេសឥណ្ឌាបានចាក់វ៉ាក់សាំងឲ្យប្រជាជនប្រមាណជិត ២០០ លានដូស ប៉ុន្តែអ្នកជំនាញថា កម្មវិធីចាក់វ៉ាក់សំាងត្រូវពន្លឿនដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺនេះឲ្យមានប្រសិទ្ធិភាព៕