ឥណ្ឌា​ប្រកាស​វិធានការ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ងើបស្ទុះ​ឡើង​វិញ

  • Anjana Pasricha

អ្នកជួញដូរ​កំពុង​បង្វិលលុយ​ឱ្យគ្នា​នៅផ្សារបោះ​ដុំបន្លែ​នៅតំបន់​Bangalore ប្រទេស​ឥណ្ឌា​ (រូបថត​ថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ​២០១៦)។

ប្រទេស​ឥណ្ឌា​គ្រោង​នឹង​ចំណាយ​ថវិការ​រាប់ពាន់​លានដុល្លារ​សម្រាប់​ស្តារ​វិស័យ​កសិកម្ម​ដោយ​បង្កើន​ការ​ចំណាយ​លើ​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ដើម្បី​បង្កើត​ការងារ​និង​ការ​បន្ថយ​ការ​យក​ពន្ធ​ក្នុង​គោល​បំណង​ដើម្បី​ជំរុញ​ឱ្យសេដ្ឋកិច្ច​ងើបស្ទុះ​ឡើងវិញ​បន្ទាប់​ពី​កំណើន​សេដ្ឋកិច្ច​មាន​ស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​នេះ។

កាលពី​ថ្ងៃ​ទី១​ខែកុម្ភៈ​នេះ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​លោក​ Nirmala Sitharaman បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សភា​ស្តីពី​ការលាត​ត្រដាងខ្ទង់​ថវិកាជាតិ​ប្រចាំឆ្នាំ​២០២០​ថា៖«នេះ​ជា​ថវិកា​សម្រាប់​បង្កើន​ប្រាក់​ចំណូល​និង​លទ្ធភាព​សរុប​ក្នុង​ការ​ទិញ។ យើងចង់​ធានាថា​ថវិកា​បាន​ដល់​ដៃ​របស់​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ដែល​មាន​មានជីវភាព​មធ្យម​និង​ជីវភាព​មធ្យម​កម្រិត​ទាប»។

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​សេដ្ឋវិទូ​ព្រមាន​ថា ចំណាត់ការ​បត់លឿន​បែបនេះ​ទំនង មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី៣​នៅ​តំបន់​អាស៊ី​មួយ​នេះ​(បន្ទាប់ពី​ចិន​និង​ជប៉ុន)។ លោក​ Santosh Mehrotra សាស្រ្តាចារ្យ​សេដ្ឋកិច្ច​នៃ​សាកល​វិទ្យាល័យ​Jawaharlal Nehru​ នៅ​ទីក្រុង​ញូវដែលី​បាន​ថ្លែង​ថា៖

«ខ្ញុំ​មើល​ឃើញ​ថា​សេដ្ឋកិច្ច​មិន​អាច​ងើប​ស្ទុះឡើង​ក្នុងរយៈពេល​១ឆ្នាំនេះ​ទេ វា​មិនអាច​ទៅ​រួច​ទេ​ហើយវាក៏​ជាការរំពឹង​ខ្លាំងពេក​ជា​ការវាយ​តម្លៃ​សុទិដ្ឋិនិយម​ពេក។ ស្ថានភាព​សេដ្ឋ​កិច្ចនៅ​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​នៅ​ឡើយ»។

ក្រុម​អ្នកវិភាគ​នយោបាយ​ថ្លែង​ថា ការ​ធ្វើ​ឱ្យសេដ្ឋកិច្ច​ងើបឡើង​វិញ​គឺ​មាន​សារៈ​សំខាន់​សម្រាប់​លោក​នាយក​រដ្ឋមន្ដ្រី Narendra Modi​ដែល​ចូល​កាន់តំណែង​តាំងពី៦​ឆ្នាំ​មុនដោយ​សន្យា​ធ្វើឱ្យ​សេដ្ឋកិច្ច​ឥណ្ឌា​កើន​ឡើង​ខ្ពស់ ហើយ​បាន​សន្យាបង្កើតការងារ​រាប់​លាន​ប៉ុន្តែ​លោក​កំពុង​រង​ការ​រិះគន់​លើ​ការ​ផ្តោត​លើ​កិច្ចការ​ជាតិនិយម​ហិណ្ឌូ​ក្នុង​អាណត្តិទី២​របស់លោក។

ប្រទេស​ឥណ្ឌា​ធ្លាប់​ជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កើន​ឡើង​លឿន​បំផុត​ក្នុង​ពិភពលោក រហូត​ដល់​ឆ្នាំ​២០១៩ សេដ្ឋកិច្ច​ឥណ្ឌា​បាន​ធ្លាក់​ចុះយ៉ាង​គំហុកមក​ស្ថិត​នៅ​ក្រោម​៥ភាគ​រយនៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ ការស្ទង់​មតិ​មួយ​របស់​រដ្ឋាភិបាល​ទស្សន៍​ទាយ​ថា សេដ្ឋកិច្ច​នឹងកើន​ឡើង​នៅ​ឆ្នាំក្រោយ​ពី​ចន្លោះ៦ទៅ៦,៥​ភាគរយ។

​ផលិតផល​ក្នុង​ស្រុក​សរុប​ឬ GDP របស់​ឥណ្ឌា​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​៦ឆ្នាំ​នេះ​ហើយ​ការ​រីក​លូត​លាស់ក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រុះ​ចម្បង​ផ្សេងៗ​ក៏​មាន​ការ​ថយ​ចុះ​ផង​ដែរ។ កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ​សារពើពន្ធ​២០១៩​របស់​ឥណ្ឌា​គិតពី​ខែមេសា ឆ្នាំ២០១៩​ ដល់​ខែ​មីនា​ឆ្នាំ២០២០ ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ស្ថិត​ក្រោម​៥ភាគរយ។ ទិន្នន័យ​ដែលមាន​គឺមានតែ​ត្រីមាស​ចុង​ក្រោយ គិត​ពី​ខែកក្កដា​ ដល់ខែកញ្ញា​ឆ្នាំ២០១៩​ មាន​កំណើន​៤,៥ភាគ​រយ។

ការធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ការចាយ​វាយ​របស់​ប្រជាជន១,៣​ពាន់លាន​នាក់​ដែល​កំពុង​ស៊ូ​ទ្រាំ​នឹង​ប្រាក់​ចំណូល​ដែល​តិច​ទៅៗ​ហើយ​ការ​អត់ការងារ​ធ្វើកំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ឥណ្ឌា​ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ប្រើប្រាស់​ក្នុង​ស្រុក ខុស​ពី​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​ដែល​សេដ្ឋកិច្ច​ពឹងផ្អែក​លើការនាំ​ចេញ។

រដ្ឋាភិបាល​ថា​នឹងចំណាយ​ថវិកា​ប្រមាណ​៤០ពាន់លាន​ដុល្លារ​លើ​វិធានការ​នានា​ដែលអាច​ធ្វើ​ឱ្យ​ប្រាក់​ចំណូល​ប្រជាជន​នៅ​តាម​តំបន់​ជនបទ​មានភាព​ប្រសើរ​ឡើង។ រដ្ឋាភិបាល​ថា​នឹងជួយ​កសិករ​បំពាក់​ឧបករណ៍​បំលែង​ថាមពល​ព្រះអាទិត្យ​និងបង្កើត​ឃ្លាំង​ក្លាសេ​ទំនិញ ដើម្បី​ផ្ទុក​ទំនិញ​ដែល​ងាយ​ស្អុយរលួយ​ដូចជា​ផ្លែឈើ​ និង​បន្លែ​ដែល​កសិករ​ជា​ញឹកញាប់​បង្ខំចិត្ត​លក់​ក្នុង​តម្លៃទាប។

ទោះ​បី​ជា​វិស័យ​កសិកម្ម​រួម​ចំណែក​ត្រឹម​១៥ភាគរយ​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ក៏​ដោយ វិស័យ​នេះ​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​២ភាគ​៣​នៅ​ក្នុង​ប្រទេស។

ការកាត់​បន្ថយ​ពន្ធសម្រាប់​ពលរដ្ឋ​ក៏​ជា​វិធីសាស្រ្ត​ទាក់ទាញ​ឲ្យ​អ្នកទិញ​ដូរចាយវាយ​ប្រាក់​កាស​ទៅ​លើ​ទិញ​រថយន្ត​ និងផ្ទះ​សម្បែង​ផងដែរ។ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​ជំរុញ​ឲ្យ​មាន​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​ដើម្បី​បង្កើត​ការងារ​ដល់​អ្នក​ដែល​អត់​មាន​ការ​ងារ​ធ្វើ។ អត្រា​អ្នក​អត់​ការ​ងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ជាង​៤ទសវត្សរ៍​ចុង​ក្រោយ​នេះ។

កំណើន​សេដ្ឋកិច្ច​យឺត​បែប​នេះ​ក៏​ជា​ការដាក់​សម្ពាធ​បន្ថែម​លើ​លោកនាយក​រដ្ឋ​មន្ត្រី​Modi ស្របពេល​ដែលរដ្ឋា​ភិបាល​លោកប្រឈម​នឹង​ការ​រិះគន់​ពីសំណាក់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ក្លា​បំផុត​តាំង​ពី​លោក​ចូល​កាន់​តំណែង។
ការប្រឆាំង​តវ៉ាកាន់​តែរីករាល​ដាល​ដោយសារ​តែច្បាប់​សញ្ជាតិថ្មី​ដែល​ក្រុម​អ្នក​រិះគន់បាន​រិះគន់​យ៉ាង​ខ្លាំង​ថា​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​គ្នា ពី​ព្រោះ​ច្បាប់​នោះ​មិន​ផ្តល់​សញ្ជាតិ​ដល់អ្នក​កាន់​សាសនា​ឥស្លាម​ដែល​ធ្វើ​អន្តោ​ប្រវេសន៍​ពីប្រទេស​ប៉ាគីស្ថាន អាហ្វានីស្ថាន​ និង​បង់ក្លាដេស​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​ ព្រមានថា​ភាព​ចលាចល​ដែលកើត​មានកាល​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះអាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភ្លេច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ស្ថាន​ភាពសេដ្ឋកិច្ចដែល​កំពុង​ចុះ​អន់ថយ​នេះ៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី