ការ​បោះឆ្នោត​សកល​ដ៏​ធំ​មួយ​របស់​ឥណ្ឌា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១១ ​ខែ​មេសា

  • Anjana ​Pasricha

លោក Sunil Arora ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត (រូប​កណ្តាល) ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។

ការ​បោះឆ្នោត​សកល​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី១១​ ខែ​មេសា ខាង​មុខ។ ​ការ​បោះ​ឆ្នោត​នេះ​នឹង​កំណត់​ថា​ ​តើ​លោក​នាយករដ្ឋមន្ត្រី​ Narendra Modi ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាងភ្លូកទឹក​ភ្លូក​ដី​កាល​ពី​៥ឆ្នាំ​មុន​ អាច​នឹង​បន្ត​កាន់​អំណាច​ក្នុង​អាណត្តិ​ទី២​ដែរ​ឬ​យ៉ាង​ណា។

ក្នុង​នាម​ជា​ប្រទេស​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ​អ្នក​បោះឆ្នោត​ប្រមាណ​ជា ​៩០០​ លាន​នាក់​ នឹង​មាន​សិទ្ធិ​ជ្រើស​រើស​សមាជិក​សភា​ជាន់​ទាបរបស់​ឥណ្ឌា​ចំនួន​ ៥៤៣ ​រូប។ ការ​បោះ​ឆ្នោតនេះ​នឹង​ធ្វើ​ឡើង​ជា​ ៧​ ដំណាក់​កាល ​រហូត​ដល់​ថ្ងៃ​ទី ​១៩ ខែ​ឧសភា​ ហើយ​សន្លឹក​ឆ្នោត​នឹង​ត្រូវ​រាប់​នៅ​ថ្ងៃ​ទី​ ២៣ ខែ​ឧសភា។

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (រូប​កណ្តាល) ចូលរួម​សមាជ​ជាតិ​របស់​គណបក្ស Bharatiya Janata រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

​ការ​បោះ​ឆ្នោត​នេះ​ធ្វើ​ឲ្យ​គណបក្ស Bharatiya Janata ​ដែល​ជា​គណបក្ស​ជាតិ​និយម​របស់​អ្នក​កាន់​សាសនា​ហិណ្ឌូ និង​មាន​និន្នាការ​ស្ដាំ​និយម​របស់​លោក​នាយករដ្ឋមន្ត្រី ​Modi ​ប្រជែង​នឹង​គណបក្ស​ Congress ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ ក៏​ដូច​ជា​ក្រុម​គណបក្ស​ថ្នាក់​តំបន់​ផ្សេងៗ​ទៀត​ ដែល​បាន​បង្កើត​ទៅ​ជា​សម្ព័ន្ធ​ដើម្បី​ប្រជែង​នឹង​លោក​នាយករដ្ឋមន្ត្រី ​Modi។

រហូត​មក​ដល់​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​បញ្ហា​សេដ្ឋកិច្ច​ដូចជា​បញ្ហា​អត់​ការងារ​ធ្វើ ​និង​ការ​ខឹង​សម្បា​របស់​កសិករ​បាន​ក្លាយ​ជា​ប្រធានបទសំខាន់​ នៅ​ក្នុង​របៀប​វារៈ​នៃ​ការ​បោះឆ្នោត។ ប៉ុន្តែ​បញ្ហា​សន្តិសុខ​ជាតិ និង​ភេរវកម្ម​ក៏​បាន​លេច​ឡើង​ជា​បញ្ហា​សម្រាប់​ធ្វើ​យុទ្ធនាការ ​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​យោធា​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ក្នុង​ពេល​ថ្មីៗ​នេះ​ ហើយ​បញ្ហា​នេះ​អាច​នឹង​ជួយ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ​Modi ​ដោយ​សារ​លោក​យល់​ថា ​លោក​ជា​មេដឹកនាំ​ដ៏​រឹង​មាំ​ម្នាក់។

ការស្ទង់​មតិ​នា​ពេល​ថ្មីៗ​បង្ហាញ​ថា ប្រជាប្រិយភាព​របស់​លោក​បាន​កើន​ឡើង​ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​បញ្ជា​ឲ្យ​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​ទៅ​លើ​ជំរំ​យោធាមួយ​ បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​តំបន់​កាស្មៀរ (Kashmir)។

ការ​ស្ទង់​មតិ​ជា​ច្រើន​ដែល​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ​បាន​បង្ហាញ​ថា ​ការ​ប្រកួតប្រជែង​នេះ​អាច​នឹង​មាន​ការ​ប្រកៀក​ប្រកិត​គ្នា​ ហើយ​គណបក្ស ​Bharatiya Janata​ របស់​លោក​នាយករដ្ឋមន្ត្រី ​Modi ​ដែល​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​រដ្ឋ​ កាល​ពី​ខែ​ធ្នូ អាច​មាន​ការ​លំបាក​ក្នុង​ការ​ឈ្នះ​ ខណៈ​ដែល​គណបក្ស​នេះ​កំពុង​វាយ​បក​ទៅ​លើ​ការ​លើក​ឡើង​ថា ​កំណើន​សេដ្ឋកិច្ច​មាន​កម្រិត​តិច​តួច។

នៅ​ក្នុង​ការ​បង្ហោះ​សារ​នៅ​ក្នុង​បណ្តាញ Twitter បន្ទាប់​ពី​មាន​ការ​ប្រកាស លោក​នាយករដ្ឋមន្ត្រី Modi បាន​សាទរ​ចំពោះ​ប្រជាធិបតេយ្យ​របស់​ឥណ្ឌា ​ដោយ​បាន​អំពាវនាវ​ឲ្យ​អ្នក​បោះឆ្នោត​លើក​ដំបូង​ចេញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន​គ្នា ហើយ​ព្យាយាម​ប្រើប្រាស់​សមិទ្ធផល​របស់​លោក​ដើម្បី​ទាក់​ទាញ​ពួក​គេ។ ​

លោក​បាន​និយាយ​ថា៖ «យើង​បាន​ចំណាយ​ពេល​ប្រាំ​ ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​ចាំ​បាច់​ជា​ច្រើន​ដែល​មិន​សម្រេច​បានអស់​រយៈ​ពេល ​៧០​ ឆ្នាំ​កន្លង​មក។ ឥឡូវ​នេះ វា​ជា​ពេល​វេលា​ក្នុង​ការ​បំពេញបន្ថែម​លើ​ភាព​ចាំ​បាច់​នោះ​ និង​បង្កើត​ប្រទេស​ឥណ្ឌា​ដែល​មាន​ភាព​រឹងមាំ​ រុងរឿង និង​មាន​សុវត្ថិភាព»។

នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ពី​ការ​បោះ​ឆ្នោត​នៅ​ពាក់​កណ្តាល​ខែ​មីនា ប្រធាន​គណៈ​កម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​លោក ​Sunil Arora ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​ដ៏​ធំ​មួយ ​ដែល​មាន​ចំនួន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​អឺរ៉ុប​ និង​អូស្ត្រាលី ​មាន​គណបក្ស​រាប់​សិប​ និង​មាន​បេក្ខជន​រាប់​រយ​នាក់​ចូល​រួម​ប្រកួត​ប្រជែង។

លោក ​Arora​ បាន​ថ្លែង​ថា៖ «នៅ​ពេលប្រទេស​ដែល​មាន​ឯករាជ្យ​នេះ​រៀបចំ​ការ​បោះឆ្នោត​របស់​ខ្លួន​ជា​លើក​ដំបូង​ មិន​មែន​គ្រប់​គ្នា​ជឿ​ជាក់​លើ​សមត្ថភាព​របស់​យើង​ក្នុង​ការ​អនុវត្ត​វា​នោះ​ទេ។ ប៉ុន្តែ​ឥណ្ឌា​បាន​ក្លាយ​ជា​ប្រទេស​ដែល​ត្រួសត្រាយ​ផ្លូវ​ខាង​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​ដល់ប្រទេស​ដែល​ទើប​តែ​ចាប់​ផ្តើម​មាន​លទ្ធិ​ប្រជាធិបតេយ្យ។ ទំហំ​និង​ភាព​ស្មុគស្មាញ​នៃ​ការ​បោះឆ្នោត​នេះ​បាន​កើន​ឡើង​ចាប់​តាំង​ពី​ពេល​នោះ​មក»។

លោក​ថ្លែង​ថា​ ឆ្នាំ​នេះ ​មណ្ឌល​បោះឆ្នោត​ចំនួន​១​លាន​កន្លែង​នឹង​ត្រូវ​គេ​បង្កើត​ឡើង​នៅ​ទូទាំង​ប្រទេស៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ