ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​រដ្ឋ​ចំនួន​៥​របស់​ឥណ្ឌា​នឹង​កំណត់​ពី​ប្រជាប្រិយភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី Modi


អ្នក​គាំទ្រ​របស់​គណបក្ស​ Bharatiya Janata Party ឬ BJP អបអរ​នូវ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន​មួយ ក្នុង​ក្រុងAhmadabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
អ្នក​គាំទ្រ​របស់​គណបក្ស​ Bharatiya Janata Party ឬ BJP អបអរ​នូវ​ជ័យ​ជម្នះ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​មូលដ្ឋាន​មួយ ក្នុង​ក្រុងAhmadabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុង​ពេល​ឆាប់ៗ ប្រទេស​ឥណ្ឌា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​តាម​រដ្ឋ​នានា​ដើម្បី​​ស្ទង់​មើល​ប្រជាប្រិយភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី Narendra Modi បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​រូបិយប័ណ្ណ​ដ៏​ចម្រូងចម្រាស​មួយ។ នាយក​រដ្ឋ​មន្រ្តី Narendra Modi បាន​ធ្វើ​បម្រាម​រូបិយប័ណ្ណ​ ដើម្បី​បោះជំហាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ប៉ុន្តែ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្វះ​ខាត​សាច់​ប្រាក់​នៅ​ក្នុង​ប្រទេស​នេះ។ ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ចំនួន​ប្រាំ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី០៤ ខែកុម្ភៈ​ ហើយ​នឹង​ត្រូវ​ចំណាយ​ពេល​ជាង​មួយ​ខែ​សម្រាប់​ការរៀបចំ។ រដ្ឋ​ទាំង​ប្រាំ​នោះ​រួម​មាន​រដ្ឋ Punjab រដ្ឋ Uttar Pradesh រដ្ឋ Uttarakhand រដ្ឋ Manipur និង​រដ្ឋ Goa។

នៅពេល​ប្រកាស​ព័ត៌មាន​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី០៤ ខែមករា​ លោក Nasim Zaidi ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​បាន​និយាយ​ថា «អ្នក​បោះឆ្នោត​ជាង​១៦០លាន​នាក់​នឹង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នេះ។ នេះ​ជា​ទំហំនៃ​ការ​បោះឆ្នោត​ពេល​នេះ»។

ការ​បោះឆ្នោត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​អាណត្តិ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហើយ​នឹង​កំណត់​ថា​តើ​ការ​បោះជំហាន​ដ៏​លឿន​របស់​លោក​ក្នុង​ការ​បោះចោល​រូបិយប័ណ្ណ​ចំនួន​៨៦ភាគរយ​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត​ ឬ​ថា​តើ​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​អ្នក​គាំទ្រ​ដែល​មាន​ជីវភាព​ក្រីក្រ​រាប់​លាន​នាក់ និង​ដែល​រងគ្រោះ​ដោយ​ការ​ខ្វះ​សាច់​ប្រាក់។ ពួកគេ​នៅ​តែ​ជួប​បញ្ហា​ខ្វះ​ខាត​សាច់​ប្រាក់​នេះ។ ​

រដ្ឋ Uttar Pradesh ជា​រដ្ឋ​សំខាន់

រដ្ឋសំខាន់បំផុតសម្រាប់លោក Modi គឺរដ្ឋ Uttar Pradesh ដែលជាតំបន់មានប្រជាជនច្រើនបំផុតរបស់ប្រទេសមួយនេះ។ នៅទីនេះ គណបក្ស Bharatiya Janata Party ឬ BJP របស់លោកសង្ឃឹមថា នឹងអាចដណ្ដើមបានការគាំទ្រពីគណបក្សផ្សេងៗក្នុងតំបន់។

លោកស្រី​ Neerja Chowdhury ដែល​ជា​អ្នក​វិភាគ​នយោបាយ​នៅ​ក្នុង​ក្រុង​ញូវដេលី​និយាយ​ថា ការ​បោះឆ្នោត​នឹង​កំណត់​ល្បឿននៃ​ដំណើរការ​សម្រាប់​ការ​បោះឆ្នោត​សកល​ក្នុង​ឆ្នាំ២០១៩។ លោកស្រី​និយាយ​ថា «ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្រ្តី​ឈ្នះ​ក្នុង​រដ្ឋ Uttar Pradesh វា​នឹង​បង្ហាញ​សញ្ញា​នៃ​ស្ថិរភាព​នយោបាយ​សម្រាប់​អ្នក​វិនិយោគ​ ហើយ​អាច​នឹង​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់​ចុះ​ផង​ដែរ។

ប៉ុន្តែ​លោកស្រី​ព្រមាន​ថា​ នឹង​មាន​ឥទ្ធិពល​អវិជ្ជមាន​កើត​ឡើង​បើ​លោក​ចាញ់។ លោក​ស្រី​បាន​និយាយ​ថា «បើ​អញ្ចឹង​មែន​នោះ លោក​នឹង​ស្ថិត​នៅ​លើ​ជម្រាល​ដ៏​រអិល​មួយ។ អាច​នឹង​មាន​ការ​ប្រឆាំង​ចេញ​ពី​ក្នុង​គណបក្ស​លោក​ផង​ដែរ ហើយ​ប្រាកដ​ណាស់​វា​នឹង​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​បាន​ចិត្ត»។

ការ​បោះ​ជំហាន​ចំណាត់​ការ​លើ​បញ្ហា​រូបិយប័ណ្ណ​ដ៏​ប្រថុយប្រថាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី

ការ​បោះជំហាន​ចំណាត់​ការ​ដ៏​ប្រថុយប្រថាន​បែប​នយោបាយ​ និង​ដាច់​ណាត់​របស់​លោក​នាយក​រដ្ឋមន្រ្តី Modi ចំពោះ​ការ​ហាមឃាត់​ក្រដាស​ប្រាក់​ដែល​មាន​តម្លៃ​ខ្ពស់​ដើម្បី​ចាត់​វិធានការ​លើ​សាច់​ប្រាក់​ខុស​ច្បាប់​ត្រូវ​ទទួល​បានការ​គាំទ្រ​ដោយ​ក្រុម​ទីប្រឹក្សា​ដែល​ទុក​ចិត្ត​តែ​ប៉ុន្មាន​នាក់​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​របាយការណ៍​នានា។

ជា​ដំបូង​វិធានការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ពី​វណ្ណៈ​ក្រីក្រ និង​វណ្ណៈ​កណ្តាល​ ដែល​យល់​ថា​វា​ជា​ជំហាន​ដ៏​ក្លាហាន​របស់​មេដឹកនាំ​ដ៏​ខ្លាំង​មួយ​រូប​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុករលួយ។ នេះ​ជា​ការ​សន្យា​មួយ​ដែល​ជួយ​ឲ្យ​លោក​ទទួល​បាន​ជ័យជម្នះ​កាលពី​ឆ្នាំ២០១៤។

ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ប្រជាប្រិយភាព​ ដោយសារ​តែ​វិធានការ​នេះ​ត្រូវ​បាន​អនុវត្ត​មិន​បាន​ល្អ។ អស់​រយៈពេល​ជាច្រើន​សប្តាហ៍ មនុស្ស​ម្នា​តម្រង់​ជួរ​គ្នា​ដើម្បី​រង់ចាំ​ក្រដាសប្រាក់​ថ្មី​ ខណៈ​ដែល​មនុស្ស​ជាច្រើន​បាន​បាត់បង់​ការងារ​ដោយ​សារ​តែ​ការ​ខ្វះ​សាច់​ប្រាក់​ដែល​ធ្វើ​ឲ្យ​វិស័យ​ក្រៅ​ផ្លូវ​ការ​មួយ​ចំនួន​ដែល​ផ្តល់​ការងារ​ដល់​ពួកគេ​មាន​ការ​យឺតយ៉ាវ។

តំបន់​ជនបទ​ទទួល​រងគ្រោះ​ពី​ការ​កែប្រែ​រូបិយប័ណ្ណ​នេះ​ខ្លាំង​ជាង​គេ

បញ្ហា​សាច់​ប្រាក់​នេះ​បាន​ធ្វើ​ឲ្យ​តំបន់​ជន​បទ និង​តំបន់​ដាច់​ស្រយាល​ទទួល​រង​គ្រោះ​ខ្លាំង​ជាង​គេ ដែល​មាន​ប្រជាពលរដ្ឋ​ឥណ្ឌា​ប្រមាណ​ជា​២ភាគ៣​រស់នៅ​ទី​នោះ និង​ជា​កន្លែង​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត។

ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ ជាក់​ស្តែង​ក្នុង​រដ្ឋ Uttar Pradesh នឹង​ជួយ​ឲ្យ​គណបក្ស BJP បង្កើន​ចំនួន​សមាជិក​នៅ​ក្នុង​សភា​ជាន់​ខ្ពស់​ផង​ដែរ។ នេះ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច។ គណបក្ស​ BJP បាន​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​អនុម័ត​ច្បាប់​ ដោយសារ​តែ​ខ្លួន​ជា​ក្រុម​សំឡេង​ភាគ​តិច​នៅ​ក្នុង​សភា​ជាន់​ខ្ពស់។​

គណៈកម្មាធិការ​បោះឆ្នោត​ក៏​បាន​ប្រកាស​ពី​វិធានការ​ថ្មី​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​ស្រ្តី និងជន​ពិការ​ចូលរួម​បោះឆ្នោត​។ គណៈកម្មាធិការ​នេះ​និយាយ​ថា ខ្លួន​នឹង​ផ្តល់​រទេះ​រុញ​ជន​ពិការ​ និង​ទុក​ច្រក​សម្រាប់​រុញ​រទេះ​នៅ​កន្លែង​បោះឆ្នោត ជ្រើសរើស​បុគ្គលិក​បម្រើការ​ជា​ស្រ្តី និង​ផ្តល់​កន្លែង​ដាច់​ដោយ​ឡែក​ដល់​ពួកគេ​ ករណី​ស្រ្តី​មិន​ចង់​ឡូកឡំ​ជាមួយ​នឹង​មនុស្ស​ប្រុស៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG