ឥណ្ឌា​និង​បារាំង​អំពាវនាវ​ឲ្យ​មាន​បច្ចេកវិទ្យា​សូឡា​តម្លៃ​សមរម្យ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ

លោក​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi (រូប​ស្តាំ) ស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង នៅ​ក្នុង​សម្ព័ន្ធ​សូឡា​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​សន្យា​ផ្តល់​ទឹក​ប្រាក់​ចំនួន​ជាង​៨៥០​លាន​ដុល្លារ​សម្រាប់​គម្រោង​ថាមពល​ព្រះអាទិត្យ​នានា​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើប​តែ​រីកលូតលាស់ ខណៈ​ដែល​ប្រទេស​ឥណ្ឌា​និង​បារាំង​បាន​អំពាវនាវ​ឲ្យ​មាន​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ទើប​តែ​រីកលូតលាស់ នៅ​ក្នុង​សន្និសីទ​ដំបូង​បង្អស់​របស់​សម្ព័ន្ធ​ថាមពល​ព្រះអាទិត្យ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា ISA ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង ញូវដេលី។ ​

សម្ព័ន្ធមិត្ត​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​ប្រទេស​ទាំង​ពីរ​កាល​ពី​ពីរ​ឆ្នាំ​មុន​ នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់បន្សំ​នៃ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាកាសធាតុ​ទីក្រុង​ប៉ារីស ដើម្បី​បង្កើន​ការ​ប្រើប្រាស់​ថាមពល​ព្រះអាទិត្យ​និង​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​ការ​ផ្លាស់ប្ដូរ​អាកាសធាតុ។ ​

មេដឹកនាំ​ប្រទេស​រាប់សិប​ដោយ​រួម​ទាំង​ប្រទេស​ជាច្រើន​មក​ពី​ទ្វីប​អាហ្វ្រិក​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ឥណ្ឌា ហើយ​បាន​សង្កត់ធ្ងន់​ទៅ​លើ​តម្រូវការ​នៃ​ការ​ទទួល​បាន​បច្ចេកវិទ្យា​ថាមពល​ព្រះអាទិត្យ​និង​ហិរញ្ញវត្ថុ​ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះខាត​ថាមពល​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ដែល​សម្បូរ​ទៅ​ដោយ​ថាមពល​ព្រះអាទិត្យ​នោះ​ទេ។ ​

ដោយ​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​កម្ចី​និង​ប្រាក់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​គម្រោង​ថាមពល​ព្រះអាទិត្យ​នានា​ត្រឹម​ឆ្នាំ​២០២២ លោក Macron បាន​គូសបញ្ជាក់​ទៅ​លើ​តម្រូវការ​នៃ​ការ​ដោះស្រាយ​ឧបសគ្គ​នានា​ក្នុង​ការ​បង្កើន​ថាមពល​ស្អាត។​ លោក​បាន​មាន​ប្រសាសន៍​ថា «យើង​មាន​ផែនដី​តែ​មួយ ហើយ​យើង​រស់នៅ​ជាមួយ​គ្នា»៕