ប្រទេសឥណ្ឌា និងចិននឹងដោះស្រាយជម្លោះនៅតាមព្រំដែនរបស់ពួកគេដោយ «សន្តិវិធី»។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ គឺក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីមេបញ្ជាការយោធានៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នារកដំណោះស្រាយសម្រាប់ជម្លោះនៅតំបន់ជួរភ្នំហិមាល័យដែលអូសបន្លាយអស់រយៈពេលមួយខែកន្លងមកនេះ។
ការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរនៅភាគខាងកើតតំបន់ Ladakh ដែលជាតំបន់ជាប់ព្រំដែនជាមួយនឹងប្រទេសចិន បានចាប់ផ្ដើមនៅពេលដែលទាហានយាមល្បាតនៃប្រទេសទាំងពីរប្រឈមមុខដាក់គ្នាកាលពីដើមខែឧសភា។
ប្រទេសចិនគឺជាអ្នកគ្រប់គ្រងការធ្វើដំណើរចេញចូលទៅកាន់ចំណុចយុទ្ធសាស្ត្រមួយចំនួននៅតាមព្រំដែនរវាងប្រទេសទាំងពីរនៃតំបន់ជួរភ្នំហិមាល័យនេះ។
ទោះបីជាមន្ត្រីឥណ្ឌាបាននិយាយថា ទាហានចិនបានចូលក្នុងដែនដីដែលគ្រប់គ្រងដោយឥណ្ឌា និងបានដំឡើងតង់ និងប៉ុស្តិ៍យាមល្បាតនៅទីតាំង ៣ កន្លែងក៏ដោយ ក៏ប្រទេសចិនបានបដិសេធថា ខ្លួនមិនបានរំលោភ «ខ្សែបន្ទាត់គ្រប់គ្រងពិតប្រាកដ» ដែលជាខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរ នោះទេ និងបានបញ្ជាក់ថា តំបន់នោះមានស្ថិរភាព។
ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានពង្រាយទាហានបន្ថែម និងដំឡើងកាំភ្លើងធំ និងអាវុធនានានៅតំបន់ជួរភ្នំហិមាល័យនោះ។
ក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «ភាគីទាំងពីរបានយល់ព្រមដោះស្រាយបញ្ហានៅតាមព្រំដែននេះដោយសន្តិវិធី ស្របទៅតាមកិច្ចព្រមព្រៀងទ្វេភាគីនានា និងរក្សាសម្រាប់ពេលអនាគតនូវកិច្ចព្រមព្រៀងរវាងមេដឹកនាំនៃប្រទេសទាំងពីរដែលថា សន្តិភាព និងស្ថិរភាពនៅតំបន់ព្រំដែនរវាងឥណ្ឌានិងចិនគឺសំខាន់សម្រាប់ដំណើរវិវឌ្ឍជាទូទៅនៃទំនាក់ទំនងទ្វេភាគី»៕