រដ្ឋមន្ត្រីការពារប្រទេសឥណ្ឌាលោក Rajnath Singh និយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងញូវដែលី (New Delhi) ចង់បានដំណោះស្រាយសន្តិវិធីចំពោះជម្លោះព្រំដែនជាមួយចិន តែខ្លួនត្រៀមវិធីផ្សេងៗទាំងអស់ដើម្បីការពារបូរណភាពនិងដែនអធិបតេយ្យរបស់ខ្លួន។
ដោយអំពាវនាវឲ្យរដ្ឋាភិបាលចិនអនុវត្តការយោគយល់ថ្មីដើម្បីដកកងទ័ពរៀងខ្លួនចេញនោះ លោក Singh បាននិយាយថា៖ «យើងអាចចាប់ផ្តើមសង្គ្រាម តែការបញ្ចប់របស់វាមិនមែនស្ថិតនៅលើដៃយើងទេ»។
ភាពតានតឹងផ្នែកកងទ័ពរវាងប្រទេសទាំងពីរបានឈានដល់ខែទី៥ហើយ ដែលមានកងទ័ពដ៏ច្រើនរបស់ប្រទេសទាំងពីរដាក់ពង្រាយនៅលើភ្នំហិមាល័យដ៏ខ្ពស់ក្នុងតំបន់ Ladakh ដែលជាតំបន់យុទ្ធសាស្ត្រវាលខ្សាច់លើភ្នំដ៏ត្រជាក់ ដែលមានព្រំដែនជាប់នឹងដែនដីទីបេ។
ភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបង្ករឿងឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរ នៅប៉ុន្មានទសវត្សរ៍នេះ ហើយអំពាវនាវឲ្យមានការដកកងទ័ពចេញ។
ថ្លែងកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងសភាជាន់ខ្ពស់លោក Singh បញ្ជាក់ថា ចិនបានរំលោភកិច្ចព្រមព្រៀងទ្វេភាគីដោយប្រមូលផ្តុំកងទ័ពនិងគ្រឿងសព្វាវុធនៅតំបន់ប្រទាញប្រទង់គ្នាតាមបណ្តោយ«ខ្សែបន្ទាត់កាន់កាប់ជាក់ស្តែង» (Line of Actual Control) ក្នុងតំបន់ភ្នំហិមាល័យដែលចែកព្រំដែននៃប្រទេសទាំងពីរមិនទាន់ដាច់ស្រេចនោះ។ លោកបានស្តីបន្ទោសកងទ័ពចិនថាមិនអនុញាតឲ្យកងទ័ពឥណ្ឌាល្បាតក្នុងតំបន់ប្រពៃណីរបស់ខ្លួននោះ។
ប្រទេសចិនវិញបានស្តីបន្ទោសឥណ្ឌាអំពីការប្រឈមគ្នានេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin កាលពីថ្ងៃពុធ បានចោទឥណ្ឌាថាបានរំលោភកិច្ចព្រមព្រៀងទ្វេភាគីមុន។
សម្តីខ្លាំងៗទៅវិញទៅមករវាងប្រទេសទាំងពីរកើតឡើងមួយសប្តាហ៍ក្រោយពីរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរបានយល់ព្រមបន្ថយទ័ពនិងបន្ធូរបន្ថយភាពតានតឹងនៅក្នុងកិច្ចប្រជុំមួយនៅប្រទេសរុស្ស៊ី៕