ឥណ្ឌា​ប្រាប់​ពលរដ្ឋ​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​«ឱកាស​ការងារ​ឆបោក»​នៅ​កម្ពុជា

រូបឯកសារ៖ ប៉ូលិសចរាចរណ៍ប្រតិបត្តិការនៅលើដងផ្លូវមួយក្បែររថយន្តដែលដឹកជនសង្ស័យនៃបទល្មើសឆបោកតាមអនឡាញ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៣។

ស្ថានទូត​ឥណ្ឌា​និង​អាជ្ញាធរ​កម្ពុជា​បាន​ជួយ​សង្គ្រោះ​ជន​ជាតិ​ឥណ្ឌា​ចំនួន​ ៦៧ ​នាក់​ ដែល​ជាប់​អន្ទាក់​របស់​ភ្នាក់ងារ​ក្លែង​ក្លាយ​ ដែល​បាន​ទាញ​ឱ្យ​ពួកគេ​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​អគារ​ដែល​ប្រព្រឹត្ត​ «ឧ​ក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត» ​នៅ​ប្រទេស​កម្ពុជា។ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា។

បើ​តាម​ស្ថាន​ទូត​ឥណ្ឌា​ ​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​នោះ​ធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី ​២២ ​ខែ​កញ្ញា ​ឆ្នាំ ​២០២៤ ​ហើយ​ជន​ជាតិ​ឥណ្ឌា​ទាំង​នោះ​ត្រូវ​បាន​សង្គ្រោះ​ចេញ​ពី​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ។ ​ពួក​គេ​ត្រូវ​បាន​ស្ថានទូត ​និង​អាជ្ញាធរ​កម្ពុជា​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្ត​បន្ទាប់​ គិត​ចាប់​តាំង​ពី​ថ្ងៃ​ ៣០​ ខែ​កញ្ញា។​

ស្ថាន​ទូត​ឥណ្ឌា​បញ្ជាក់​ថា៖​ «បន្ទាប់​ពី​ស្ថាន​ទូត​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​មហា​ផ្ទៃ​កម្ពុជា ​ជន​ជាតិ​ឥណ្ឌា​ចំនួន ​៦៧ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ការ​ឆបោក​ការងារ​ ហើយ​មនុស្ស​ចំនួន​ ២៨ ​នាក់​ចុង​ក្រោយ​ មន្ត្រី​ស្ថានទូត​បាន​ទៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប។ ​សុវត្ថិ​ភាព​របស់​អ្នក​គឺ​ជា​អាទិភាព​របស់​យើង»។​

ស្ថានទូត​ឥណ្ឌា​បាន​ណែនាំ​ពលរដ្ឋ​ឥណ្ឌា​ឱ្យ​ប្រុង​ប្រយ័ត្ត​ខ្ពស់​ចំពោះ​ការ​ស្វែង​រក​ការងារ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ​និង​នៅ​កម្ពុជា​ ព្រោះ​មាន​ការ​ផ្តល់​ការងារ​បោក​ប្រាស់​តាម​រយៈ​ភ្នាក់​ងារ​ក្លែង​ក្លាយ​ ដែល​បាន​លួង​លោម​ពលរដ្ឋ​ទាំង​នោះ​ឱ្យ​ទៅ​បម្រើ​ការ​នៅ​អគារ​ ឬ​កន្លែង​ដែល​មាន​ប្រតិបត្តិ​ការ​ឆបោក​តាម​បណ្តាញ​អ៊ីនធឺណិត។​

ស្ថានទូត​នេះ​បាន​បន្ថែម​ថា៖ ​«ស្ថានទូត​ឥណ្ឌា​នៅ​តែ​បន្តតាម​ដាន​ស្ថាន​ការណ៍​យ៉ាង​ដិត​ដល់ ​និង​នៅ​តែ​ប្តេជ្ញា​ជួយ​ជន​ជាតិ​របស់​យើង​ដែល​ជាប់​អន្ទាក់​ក្នុង​ឧក្រិដ្ឋ​កម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ​ទន្ទឹម​នឹង​នេះ​ ​ជនជាតិ​ឥណ្ឌា​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ​ក្នុង​ការ​ចាប់​យក​ឱកាស​ការ​ងារ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេង​ទៀត ​តាម​រយៈ​ភ្នាក់ងារ​ដែល​គួរ​ឱ្យ​សង្ស័យ​ និង​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម»។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក​ អំ សំអាត​ ប្រាប់​វីអូអេ​ថា​ អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​មាត់​រដ្ឋាភិបាល​កម្ពុជា ​ហើយ​រំខាន​ដល់​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ ការ​វិនិយោគ ​និង​ការ​ពង្រឹង​សន្តិសុខ​ជាដើម។​ ដូច្នេះ​ លោក​យល់​ឃើញ​ថា​ ​បញ្ហា​នេះ​ទាម​ទារ​ឱ្យ​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​ ជា​ពិសេស​កុំ​លើក​លែង​ចំពោះ​អ្នក​ពាក់​ព័ន្ធ ​ក្នុង​ការ​ប្រព្រឹត្ត​សកម្ម​ភាព​ឆបោក​ទាំង​នោះ។

លោក​ថ្លែង​ថា៖​ «ចំណុច​ទាំង​អស់​នេះ​ គឺ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​កម្ពុជា​ត្រូវ​ពង្រឹង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ចាត់​វិធាន​ការ​ទប់ស្កាត់​ទៅ​លើ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ការ​ជួញ​ដូរ​មនុស្ស​ ឬ​ក៏​ហ្គេម​អនឡាញ​ជា​ដើម​ ដើម្បី​ធ្វើ​ម៉េច​កុំ​ឱ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​គេច​ផុត​ពី​ការ​រិះ​គន់​របស់​សហ​គមន៍​អន្តរជាតិ​ ក៏​ដូច​ជា​បង្កើន​ឡើង​វិញ​ភ្ញៀវ​ទេសចរ​ ឬ​អ្នក​វិនិយោគ​សម្រាប់​កម្ពុជា​យើង»។​

បើ​តាម​លោក​ អំ សំអាត​ អាជ្ញាធរ​ត្រូវ​ត្រួត​ពិនិត្យ​រាល់​អគារ​ទាំង​ឡាយ​ណា​ដែល​មាន​ការ​សង្ស័យ​ថា​ ​ធ្វើ​ប្រតិ​បត្តិការ​ឆបោក​តាម​អនឡាញ​ ហើយ​អ្នក​ផ្តល់​ព័ត៌មាន​អំពី​បទ​ល្មើស​បច្ចេក​វិទ្យា​នោះ​ត្រូវ​ទទួល​បាន​ការ​ការពារ​ពី​អាជ្ញាធរ​ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​ និង​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា។​

ស្ថានទូត​ឥណ្ឌា​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចុះ​ថ្ងៃទី​២ ​ខែ​តុលា​ថា ​ពលរដ្ឋ​ឥណ្ឌា​ទាំង​ ៦៧ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ​ បន្ទាប់​ពី​ស្ថានទូត​ និង​មន្ត្រី​នគរបាល​កម្ពុជា​ទទួល​បាន​តម្រុយ​ជាក់​លាក់​ជា​ច្រើន​ នាំ​ទៅ​ដល់​ការ​បើក​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ។​

វីអូអេ​បាន​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​លោក​ ឆាយ គឹមខឿន​ និង​អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​ប៉ោយប៉ែត​លោក​ គាត ហ៊ុល​ ប៉ុន្តែ​មិន​ទាន់​អាច​ទាក់​ទង​បាន​នៅ​ឡើយ​ទេ។​

វីអូអេ​ក៏​បាន​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពីស្ថានទូត​ឥណ្ឌា​នៅ​ទីក្រុង​ភ្នំពេញ​ តាម​សារ​អ៊ីមែល​ តែ​គ្មាន​ការ​ឆ្លើយ​តប។​

អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​អ្នក​ស្រី​ ជូ ប៊ុនអេង ​ប្រាប់​វីអូអេ​ថា ​អ្នកស្រី​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​ករណី​សង្គ្រោះ​ជន​ជាតិ​ឥណ្ឌា​កាល​ពី​ពេល​ថ្មីៗ​នោះ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​អ្នក​ស្រី​ថា ​កម្ពុជា​តែងតែ​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​ និង​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​ឆ្លើយ​តប​នឹង​រឿង​នេះ​ជា​ប្រចាំ។ ​អ្នកស្រី​ទទួល​ស្គាល់​ថា​ ការ​ទប់ស្កាត់​បទ​ល្មើស​បច្ចេក​វិទ្យា​នេះ​ជា​កិច្ច​ការ​លំបាក​មួយ​ នៅ​ពេល​បច្ចេក​វិទ្យា​ព័ត៌មាន​កាន់​តែ​រីក​ចម្រើន​នោះ។​

អ្នកស្រី​ថ្លែង​ថា៖ ​«រឿង​ជាច្រើន​ដែល​ជន​បរទេស​មក​ធ្វើ​បទ​ល្មើស​នៅ​កម្ពុជា​ហ្នឹង​គឺ​យើង​តែង​តែ​បង្ក្រាប ​ឬ​មួយ​បញ្ជូន​ទៅ​ប្រទេស​គេ​វិញ ​ដោយ​ទុក​មុខ​ឱ្យ​គេ​ខ្លាំង​ណាស់​ ដោយ​គិត​ថា​ វាជា​កិត្តិ​យស​របស់​ប្រទេស​មួយៗ ​ហើយ​គ្មាន​ប្រទេស​ណា ​ដែល​ចង់​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ទៅ​ធ្វើ​បទ​ល្មើស​នៅ​ប្រទេស​គេ​ទេ»។​

អ្នកស្រី​បន្ថែម​ថា៖ ​«ឥទ្ធិពល​នៃ​ភាព​រីកចម្រើន​របស់​បច្ចេក​វិទ្យា​ហ្នឹង​គឺ​យើង​ទប់អត់​ឈ្នះ​ទេ ​ហើយ​ក៏​វា​សាយ​ភាយ​មក​រង​គ្រោះ​ដល់​ប្រទេស​តូច​តាច ​ដែល​យើង​មិន​មែន​ជា​អ្នក​ជំនាញ​ផ្នែក​បច្ចេក​វិទ្យា​ហ្នឹង​ទេ។​ យើង​គ្រាន់​តែ​ជាអ្នក​ប្រើប្រាស់»។​

គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០២២ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ស្ថាន​ទូត​ឥណ្ឌា​បាន​សម្រប​សម្រួល​ក្នុង​ការ​ធ្វើ​មាតុ​ភូមិ​និវត្តន៍​ជន​ជាតិ​ឥណ្ឌា​ជាង​១​ពាន់​នាក់​ទៅ​ប្រទេស​កំណើត​វិញ ​ដោយ​ក្នុង​នោះ ​គិត​ត្រឹម​រយៈ​ពេល​ ៩ ​ខែ ​ឆ្នាំ ​២០២៤​ ជន​ជាតិ​ឥណ្ឌា​ជិត​ ៧៧០ ​នាក់​ត្រូវ​បាន​ជួយ​សង្គ្រោះ។ ​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា។​

កាល​ពី​ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​ ជនជាតិ​ឥណ្ឌា​ចំនួន​ ៦០ ​នាក់​ក៏​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​កាស៊ីណូ​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះ​សីហនុ ​និង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា​វិញ​ដោយ​សុវត្ថិភាព។ ​ករណី​នា​ពេល​នោះ ​អាជ្ញាធរ​កម្ពុជា​ថា​ ជន​បរទេស​ទាំង​នោះ​មិន​ពេញ​ចិត្ត​នឹង​ការងារ​ ប៉ុន្តែ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ថា​ ជន​ជាតិ​ឥណ្ឌា​ទាំង​នោះ​រង​គ្រោះ​ដោយ​អំពើ​ឆបោក​ការងារ។​