ខណៈមានការបន្តបណ្តេញចេញពលរដ្ឋពីតំបន់អង្គរ អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលថ្មីៗនេះ បានបង្ហាញក្តីបារម្ភកាន់តែខ្លាំង ហើយបានស្នើរដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ការបណ្តេញចេញនោះជាបន្ទាន់។ នេះបើតាមអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអ្នកការពារសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។
បើតាមការបង្ហោះសារខ្លីមួយតាមបណ្តាញសង្គមហ្វេសប៊ុករបស់អង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃអង្គារ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិបានបង្ហាញទុក្ខកង្វល់កាន់តែច្រើនឡើងទៅនឹង «ការបណ្តេញចេញដោយបង្ខំដែលកំពុងបន្តកើតមាន និងការតាំងលំនៅដ្ឋានថ្មីរបស់ពលរដ្ឋប្រមាណជា ៤ ម៉ឺននាក់ដែលចេញពីផ្ទះសម្បែង និងដីរបស់ពួកនៅអង្គរ ប្រទេសកម្ពុជា»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ភាពចម្រូងចម្រាសជុំវិញការបណ្តេញពលរដ្ឋចេញពីតំបន់អង្គរនោះកើតឡើង នៅពេលភាគីពាក់ព័ន្ធមិនបានរៀបចំទីតាំងថ្មីឲ្យមានភាពល្អប្រសើរ ហើយក៏មិនបានគិតដល់ផលអាក្រក់ដែលកើតមានលើការរកប្រាក់ចំណូលរបស់ពលរដ្ឋដែលធ្លាប់រស់នៅតំបន់អង្គរ ហើយត្រូវបានបង្ខំទៅរស់នៅទីតាំងថ្មីដែលមិនទាន់មានទីផ្សារ ឬសាលារៀន និងឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។
លោក អំ សំអាត ថ្លែងថា៖ «ទោះបីកន្លងមក យើងឃើញរាជរដ្ឋាភិបាលនិងអាជ្ញាធរអប្សរាមានការដោះស្រាយមានការចូលរួមផ្តល់កិច្ចគាំពារសង្គមទៅដល់ពលរដ្ឋដែលចាកចេញពីតំបន់អង្គរទៅតាំងទីលំនៅនៅតំបន់រុនតាឯក ក៏នៅតែជួបនៅបញ្ហារហូតមកដល់បច្ចុប្បន្នដែរ។ អាហ្នឹងដោយសារតែយើងមិនបានរៀបចំគិតគូរឲ្យបានល្អិតល្អន់ជាមុននូវហេដ្ឋរចនាសម្ព័ន្ធ ការងារផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានចាកចេញ»។
កាលពីឆ្នាំ ២០២៣ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានរកឃើញការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរលើពលរដ្ឋរាប់ពាន់គ្រួសារនៅតំបន់អង្គរ ដែលត្រូវបានបណ្តេញចេញ តាមអ្វីដែលអាជ្ញាធរកម្ពុជា ថាជាការការពារឋានៈបេតិកភណ្ឌពិភពលោករបស់សួនប្រាង្គប្រាសាទបុរាណអង្គរក្នុងខេត្តសៀមរាប។
បើតាមលោក អំ សំអាត ប្រជាពលរដ្ឋនៅតំបន់អង្គរនៅបន្តចាកចេញទៅតាំងលំនៅដ្ឋាននៅទីតាំងថ្មី ហើយកំពុងប្រឈមនឹងស្ថានភាពលំបាកទាំងខាងសង្គម និងសេដ្ឋកិច្ច ដែលរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ដោះស្រាយស្ថានភាពប្រឈមទាំងនោះ។
លោកថ្លែងថា៖ «អានេះ វាជាបទពិសោធន៍និងមេរៀនដែលអាជ្ញាធរនិងរាជរដ្ឋាភិបាលត្រូវតែបន្តនៅក្នុងការដោះស្រាយទៅលើបញ្ហាប្រជាពលរដ្ឋទាំងអស់ហ្នឹង ធ្វើម៉េចឲ្យពួកគាត់ទទួលបាននូវដំណោះស្រាយមួយដែលល្អប្រសើរ ហើយស្ថិតនៅក្នុងជីវភាពមួយរស់នៅឲ្យបានល្អប្រសើរ ពីព្រោះមើលកន្លែងដែលគាត់តាំងទីលំនៅចាស់ក្នុងតំបន់អង្គរ គឺគាត់អាចនឹងរស់បានទទួលទានមុខរបរអីបានអ៊ីចឹង ត្រូវតែគិតគូរបន្ថែមសម្រាប់ពួកគាត់ ដើម្បីឲ្យពួកគាត់ហ្នឹងទទួលបាននូវជីវភាពរស់នៅដែលសមរម្យនោះ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ អ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៤ ម៉ឺននាក់ ដែលរងផលប៉ះពាល់ពីការបណ្តេញចេញនោះ ក៏មានជនជាតិដើមភាគតិចផងដែរ ដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែង និងដីធ្លីរបស់ពួកគេនៅតំបន់អង្គរ។
អ្នកជំនាញថ្លែងក្នុងសេចក្តីប្រកាសនោះថា៖ «កម្ពុជាត្រូវបញ្ឈប់ជាបន្ទាន់នូវការណ្តេញចេញក្នុងទ្រង់ទ្រាយធំ និងការផ្លាស់ទីទាំងបង្ខំនិងតាមតែអំពើចិត្ត ហើយត្រូវសិក្សាលើករណីមួយៗថា ចាំបាច់ទេសម្រាប់ការផ្លាស់ទីរបស់សហគមន៍ជាច្រើន ហើយធានាថា ការផ្លាស់ទីនោះត្រូវបានអនុវត្តស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
សេចក្តីប្រកាសរបស់អ្នកជំនាញសិទ្ធិមនុស្សប្រចាំអង្គការសហប្រជាតិជាតិបានឲ្យដឹងទៀតថា៖ នៅតំបន់រុនតាឯកនិងកន្លែងតាំងលំនៅដ្ឋានថ្មីដទៃទៀត លក្ខខណ្ឌនៃការរស់នៅគឺសោះកក្រោះ។ គ្រួសារជាច្រើនបានទទួលក្បាលដីទទេរ ខ្វះហេដ្ឋារចនាសម្ព័ន្ធ ឬសេវាជាតម្រូវការមូលដ្ឋាន ក្នុងនោះគឺលទ្ធភាពទទួលបានអគ្គិសនី ទឹកស្អាត និងអនាម័យ។ ហើយមនុស្សជាច្រើនទៀតត្រូវធ្វើផ្ទះបណ្តោះអាសន្នដោយសារខ្វះសម្ភារៈ។ ផ្លូវថ្នល់ងាយរងគ្រោះដោយទឹកជំនន់ បង្កឲ្យសហគមន៍ដែលត្រូវប្តូរលំនៅដ្ឋានកាន់តែឯកោ។
ទោះជាយ៉ាងណាក្តី ក៏ការបកស្រាយរបស់អ្នកជំនាញនៃអង្គការសហប្រជាជាតិ ត្រូវបានចាត់ទុកថាមិនត្រូវនឹងស្ថានភាពពិតនៅតំបន់អង្គរនោះទេ។ នេះបើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល ប្រាប់វីអូអនៅថ្ងៃពុធថា ក្នុងការផ្លាស់ទីលំនៅរបស់ពលរដ្ឋនៅតំបន់អង្គរទៅទីតាំងថ្មីនោះ ក៏គ្មានការបណ្តេញចេញនោះដែរ។
លោកថ្លែងថា៖ «កុំនិយាយសូម្បីតែ កុំៗនិយាយរហូតដល់ប្រើពាក្យបណ្តេញចេញ សូម្បីតែឲ្យចាកចេញហ្នឹង ក៏យើងមិនបានធ្វើពាក្យអ៊ីចឹងដែរ។ យើងប្រើពាក្យ យើងកុំរបៀបធ្វើពាក្យ ធ្វើឲ្យវាត្រូវទៅតាមសេចក្តី ទៅតាមសភាពនៃអ្វីដែលជាក់ស្តែង។ ចឹងបានបងនិយាយថា លោកអ្នកជំនាញការណ៍ហ្នឹងគឺគាត់មិនស្វែងយល់ គាត់មិនបានដឹងហើយក៏គ្មានការចុះមកពិនិត្យមកអីដោយខ្លួនឯងដែរ។ បើគាត់អញ្ជើញមកពិនិត្យមក អញ្ជើញគាត់ឲ្យមកៗមក»។
បើតាមលោក ឡុង កុសល ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្សារ និងសាលារៀន ត្រូវបានស្ថាបនានៅទីតាំងថ្មី ហើយស្ថានភាពជីវភាពប្រជាពលរដ្ឋ ក៏កំពុងតែមានភាពប្រសើរឡើងផងដែរ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជាលោកSardar Umar Alam តែគ្មានការឆ្លើយតបសំណួរដែលបានផ្ញើតាមសារអ៊ីមែល។
បា្រសាទអង្គរវត្តទទួលបានឋានៈបេតិកភណ្ឌពិភពលោកពីអង្គការយូណេស្កូ កាលពីឆ្នាំ ១៩៩២ ដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជាស្នាដៃឯកនៃសិល្បៈដែលមិនអាចប្រកែកបាននៅចន្លោះសតវត្សរ៍ទី ៩ ដល់ទី ១៤ ក្នុងសម័យចក្រភពខែ្មរ និងលក្ខណៈពិសេសផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងវប្បធម៌និងនយោបាយនាសម័យកាលនោះ៕