សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ៖ ប្រាក់ខែ​គ្រូ​នៅតែ​ទាប ខណៈ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​បន្ត​កើនឡើង

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ថ្លែងសារទាមទារ​ឱ្យរដ្ឋាភិបាលគិតគូរដំឡើងប្រាក់ខែគ្រូបង្រៀន នៅទិវាគ្រូបង្រៀនពិភពលោក ដែលសមាគមនេះ រៀបចំនៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្នុង​ការ​ប្រារព្ធ«​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​»នា​ឆ្នាំ​នេះ​ សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ​ទាម​ទារ​សា​ជាថ្មី​ទៀត​ ឱ្យ​រដ្ឋា​ភិបាល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវ​ភាព​របស់​គ្រូ​បង្រៀន​ ដោយ​ត្រូវ​ដំ​ឡើង​ប្រាក់ខែគ្រូ​ឱ្យ​បាន​សម​រម្យ ​លុប​បំបាត់​អំពើ​ពុក​រលួយ​ក្នុង​ប្រព័ន្ធ​អប់រំ​ និ​ងបើក​លម្ហ​សិទ្ធិ​សេរី​ភាព​របស់​គ្រូ​បង្រៀន​ក្នុ​ងការ​ចូល​រួមបង្កើត​សមា​គមជា​ដើម​។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី​ ប្រាប់​អ្នកចូលរួម​ក្នុង​ការប្រារព្ធ​ទិវា​គ្រូ​បង្រៀន​នោះ​ថា ​សមា​គម​បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ ​ដូចជា​ក្រសួង​អប់​រំ រដ្ឋ​សភា ​និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ​ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​វិស័យ​អប់រំ ​ជា​ពិសេសជីវ​ភាព​ និង​សេរី​ភាព​របស់គ្រូ​បង្រៀន​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់រំ​។​

អ្នក​ស្រី​ថ្លែង​ថា៖ ​«​អ៊ីចឹង​អ្វីដែល ​ប្រាក់​បៀ​វត្សរ៍​របស់​ពួក​គាត់ ​ហាក់​បី​ជា​នៅ​ទាបបំផុត យើង​មើល​ហេតុអ្វី​បាន​សមាគម ដាក់​យក​១​ភាគ​៤នៃ​ប្រាក់​ខែ[​រដ្ឋ]​សភា ​ហើយ​សួរ​ថា​សភា​ធ្វើ​ការ​អី្វ​ខ្លះ​? ​បើ​លះ​បង់​មិន​ដូច​គ្រូ​បង្រៀន​ទេ​។ ប៉ុន្តែ​គ្រូ​បង្រៀន​លះ​បង់​ខ្លាំង ​អ៊ីចឹង​គ្រូ​បង្រៀន​ត្រូវ​ការ​ប្រាក់​បៀវត្សរ៍​រស់​នៅ​សមរម្យ ដើម្បី​គាត់​មាន​ទឹក​ចិត្ត​ក្នុង​ការ​ផ្តល់​ចំណេះ​ដឹង​ដល់​សិស្សា​នុសិស្ស​ ជាពិសេស​យុវជន​ជំនាន់​ក្រោយ​ ដើម្បី​ឱ្យ​គាត់​ទទួល​បាន​ការ​អប់រំដ៏​មាន​ប្រសិទ្ធិ​ភាព​»​។

មេដឹក​នាំ​សមាគម​រូបនេះ​ ចង់​ឃើញ​វិស័យ​អប់រំ​មាន​ឯក​រាជ្យ​ភាព​ ដោយ​មិនត្រូវបាន​ដាក់​ឱ្យស្ថិ​ត​នៅ​ក្រោម​ឥទ្ធិពលគណ​បក្សកាន់​អំណាច​ ឬគណ​បក្ស​ណា​មួយនោះ​ទេ​ ដើម្បី​ធានា​ថា បុគ្គលិក​អប់រំ​អាច​បំពេញ​ការងារ​ទៅ​តាម​ឯក​ទេស​របស់​ខ្លួន​ ហើយ​មិន​ស្ថិត​ក្រោម​គំនាប​នយោ​បាយ​។

គ្រូ​បង្រៀន ​ពល​រដ្ឋ និង​សកម្ម​ជន​នយោ​បាយ​ប្រមាណ​២០០​នាក់ ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ នៅទីលាន​ប្រជា​ធិប​តេយ្យ ​ក្នុង​ខណ្ឌ​ឫស្សី​កែវ រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សកល​មួយ​នេះ​ ដែល​តែង​តែ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៥ ​ខែ​តុលា​ជា​រៀង​រាល់​ឆ្នាំ​។

​ក្នុងការ​ជួប​ជុំ​នោះ​ ​គេ​ក៏​ឃើញ​មាន​អាជ្ញាធរ​ខណ្ឌ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ ​និងអាជ្ញាធ​រស្លៀក​ពាក់​ស៊ីវិលជា​ច្រើន​ ​ឃ្លាំ​មើលសកម្ម​ភាព​នានា​របស់​សមា​គម​ដែល​រៀប​ចំកម្ម​វិធី​នោះ។

ទោះ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចម្រុះ​ក្តី ក៏សមា​គម​បាន​ដាក់​ញត្តិទៅ​ក្រសួង​អប់រំ យុវ​ជន​និង​កីឡា រដ្ឋ​សភា និង​ខុទ្ទ​កា​ល័យ​នាយក​រដ្ឋ​មន្ត្រី ​ដើម្បី​ទាម​ទារដំឡើង​បៀ​វត្សរ៍មូល​ដ្ឋាន​អប្ប​បរមា​គ្រូ​បង្រៀនឱ្យ​ស្មើ​១​ភាគ​៤​នៃ​ប្រាក់​ខែ​តំណាង​រាស្ត្រ​ ដំឡើង​ប្រាក់​អត្ថ​ប្រយោ​ជន៍​ផ្សេង​ទៀត ​ក៏ដូច​ជា​បើក​លម្ហ​សេរីភាព​នៅ​ក្នុង​ការ​ចង​ក្រង​សមា​គម។

សមា​គម​បាន​លើក​ឡើងក្នុង​ញត្តិ​របស់​ខ្លួនថា៖ ​«​សេរី​ភាព​សមា​គម បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ដោយ​មាន​ការ​រើស​អើង និងរឹត​បន្តឹង​សិទ្ធិ​សេរី​ភាព​ជួប​ជុំ​ សម្តែង​មតិ​ ប្រជុំ​ជា​មួយ​សមា​ជិក ​យើង​ដឹង​ហើយ​ថា​បច្ចុប្បន្ន​គ្រូ​បង្រៀន​រស់​នៅ​ក្នុង​ និងក្រោយ​សម័យ​កូវីដ​១៩​ ទំនិញ​គ្រប់​មុខ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់​ធ្វើ​ឱ្យ​គ្រូ​បង្រៀន​ជួប​ការ​លំបាក​ចំពោះ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ និង​ត្រូវ​សង​បំណុល​ធនាគារ​ថែម​ទៀតផង​»។ ​

​ក្រៅ​ពី​នេះ ​សមា​គម​នេះ ​បាន​ទាម​ទារ​ឱ្យ​ស្ថាប័ន​ទាំង​៣​ ​គិត​គូរ​ផង​ដែរ លើការ​ពន្យារ​ពេល​២​ឆ្នាំ​ក្នុង​ការសង​ប្រាក់ធនាគារ ផ្តល់​នីតិ​សម្ប​ទាន​ដល់​លោក ​រ៉ុង ឈុន​ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន​ ​ដោះ​លែង​សកម្ម​ជន​សិទ្ធិមនុស្ស​កញ្ញា ​សេង ​ធារី ​មេដឹក​នាំ​សហ​ជីព​កញ្ញា​ ឈឹម​ ស៊ីថរ និង​អ្នក​ជា​ប់ពន្ធនាគារ​ ​ដោយ​សារមន​សិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ និងត្រូវ​ដោះ​ស្រាយ​វិវាទ​ការ​ងារ​នៃ​បុគ្គ​លិក​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៏​ជា​ដើម​។​

​គ្រូ​បង្រៀន​ម្នាក់​នៅ​សាលា​បឋមសិក្សា​បាក់​ខែង ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ លោក ជីវ​ ប៊ុន​ថេង​ អាយុ​៤៦​ឆ្នាំស្នើ​ឱ្យ​ក្រសួងអប់រំ​កែ​ទម្រង់កម្ម​វិធីសិក្សាថ្នាក់​បឋម​មុន​គេ​ ព្រោះ​វា​ជា​គ្រឹះ​អប់​រំ​ដ៏​សំខាន់​របស់​កុមារ​គ្រប់​រូប​។

លោក​បន្ថែម​ថា​ បច្ចុ​ប្បន្ននៅ​តាម​សាលា​រៀន​មួយ​ចំនួន​ដែ​ល​ស្ថិត​នៅ​តាម​ជាយ​ក្រុង និងជន​បទ ​មិន​ទាន់​មាន​គ្រូ​បង្រៀន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ​ហើយថ្នាក់​បង្រៀន​ខ្លះ​ ក៏​មាន​ចំនួន​សិស្ស​ច្រើន​ហួស​ចំណុះ​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា៖ «ឧទា​ហរណ៍​ជាក់​ស្តែង ​ថ្នាក់​ទី១​ [កូន​សិស្ស​] ឡើងដល់៧០នាក់ ឬ​៨០នាក់ អ៊ីចឹងអ្នកគ្រូឬ​លោកគ្រូ​មានតែម្នាក់ក្នុង​បន្ទប់​ថ្នាក់ ដល់ពេល​អ៊ីចឹង​ការ​បង្រៀន​អត់​គ្រប់​គ្រាន់​តែ មើ​ល​ការ​ខុស​ត្រូវ​អត់បានល្អទេ ព្រោះអីសិស្សច្រើន​ពេក​។ អ៊ីចឹង​ធ្វើ​ឱ្យ​គុណភាព​អប់រំ ពី​ថ្នាក់មូលដ្ឋាន​ ពី​តូចហ្នឹង គឺ​អត់​ល្អ​។ អត់​ល្អ ​ឡើងទៅ​បន្ទាប់​បន្ត​ទៅ​ គឺ​គុណភាព​នឹងអត់ល្អតែម្តង»។

​លោក​ ជីវ​ ប៊ុន​ថេង ក៏​ចង់​ឱ្យក្រសួង​ រៀប​ចំ​ឱ្យ​គ្រូម្នាក់​បង្រៀន​សិស្ស​កុំ​ឱ្យ​លើស​ពី​៤០​នាក់​ក្នុង​មួ​យថ្នាក់​ ហើយ​ត្រូវ​ដំឡើង​បៀ​វត្សរ៍​ឱ្យ​បាន​សមស្រប​ទៅតាម​តម្លៃ​នៅ​លើ​ទីផ្សារ​ដែល​ចេះ​តែ​បន្តកើន​ឡើង។ ​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា​ ​លោក ​អ៊ុង​ បូរ៉ាត​ បាន​នៅ​ឡើយ​ទេ។

​ដោយ​ឡែក​ ​រដ្ឋា​ភិបាល​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក៏​បាន​រៀប​ចំ​ ប្រារព្ធ​ទិវា​គ្រូ​បង្រៀនផង​ដែរ​។ ​ការ​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​លើក​ទី​២៦ ​នា​ព្រឹក​ថ្ងៃទី៥ ខែ​តុលា​ ឆ្នាំ២០២៣​ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ថ្លែង​ថា ការ​បង្កើត​កម្ម​វិធី​ទំនាក់​ទំនង រវាងគ្រូ​និង​ឪពុក​ម្តាយឱ្យ​មាន​ភាព​ជិត​ស្និទ្ធ​រវាង​គ្នា​គឺជា​រឿ​ង​សំខាន់សម្រាប់​លើក​ស្ទួយ​គុណ​ភាពវិស័យ​អប់រំ។

លោក​ថា ការ​អប់រំ​ ​ក៏​ត្រូវ​មាន​ការ​ចូល​រួម​ពី​សហ​គមន៍ ​ដែល​រួមមាន​អាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ ​ដើម្បី​សាលា​រដ្ឋ ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ក្រោយ​នឹង​មានគុណ​ភាព​ល្អ។

លោក​បន្ត​ថា៖ ​«​អញ្ចឹង​ ខ្ញុំ​ជឿ​ថា​កម្ម​វិធី​នេះនឹង​អាច​ជោគ​ជ័យ ​ប៉ុន្តែ​ត្រូវ​មាន​ការ​ចូល​រួម​ពី​លោក​គ្រូ​អ្នកគ្រូ​ ពី​នាយក ពីឪពុកម្តាយ ពីសហគមន៍ ហើយ​យើងនឹង​អនុវត្តគ​ម្រោង​នេះ ហើយ​យើង​នឹង​ខិត​ខំ​។ អ៊ីចឹង​វិស័យ​អប់រំ​ បើ​យើង​ធ្វើ​អាហ្នឹង​បាន​ ក្នុង​១០​ឆ្នាំ​ទៀត ​សាលា​រដ្ឋ​យើង​ គឺ​ជា​សាលា​ដែល​ទំនើប​កម្ម​ក៏​ទំនើប​ ប៉ុន្តែ​មនុស្ស​មិន​ទំនើប​កម្ម​រហូត​ដល់​បាត់​បង់​នូវ​សីលធម៌ តម្លៃ ​និង​ឥរិយាបថនោះទេ ​មាន​ទាំង​២​ វិន័យ​ សណ្តាប់​ធ្នាប់​កូន​យើង​កាន់​តែ​រឹង​មាំ នេះ​គឺ​ជាដែលជាវិធានការ​ ​គន្លឹះ​២​ ដែល​ខ្ញុំ​ដាក់​ចេញ​ក្នុងវិ​ស័យ​អ​ប់​រំពី​ថ្នាក់​មត្តេយ្យ ​ដល់​ថ្នាក់​ទី​១២ ​ដែល​យើង​ត្រូវ​ធ្វើ​»​។​

​លោក​ ​ហ៊ុន ម៉ាណែត ក៏បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​ ស្តង់​ដា​រសាលា​រៀន​គំរូ​ និង​ពាន​រង្វាន់​សាលា​គំរូ​សម្តេច​មហា​បវរ​ធិបតី​ ​សម្រាប់​សាលា​រៀន​ដែល​សម្រេច​បាន​ស្តង់​ដារ​សាលា​រៀន​គំរូ ​ចាប់​ពី​ឆ្នាំ​សិក្សា​២០​២៣-​២០២៤ ​ដើម្បី​ធ្វើ​ឱ្យសាលា​រៀន​មាន​គណ​នេយ្យ​ភាព​ជាមួយ​សហ​គមន៍ ​និង​សម្រេច​បាន​ស្តង់​ដារ​ជា​សាលា​រៀន​គំរូជា​ដើម​ ដែល​នឹង​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​កាន់​តែមាន​ភាព​ល្អ​ប្រសើរ៕