អ្នក​កាសែត​ VOA ​និង​ VOD មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​ចូល​យក​ព័ត៌មាន​ក្នុង​សន្និ​សីទ​របស់​នាយក​រដ្ឋ​មន្រ្តី

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (កណ្ដាល) ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង​ទី៤១ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នក​សារ​ព័ត៌មាន​របស់​ស្ថាប័ន​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី​ និង​សំឡេង​សហ​រដ្ឋ​អាមេរិក​វីអូអេ ​កាល​ពី​ថ្ងៃ​អាទិត្យ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន​នៅ​វិមាន​សន្តិភាព ​ទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​ស្តីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​នោះ​ទេ។​

ការ​សម្រេច​មិន​ផ្តល់​កាត​សម្រាប់​ចូល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​របស់​នាយក​រដ្ឋមន្រ្តី​រង​ការ​រិះគន់​ថា​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរី​ភាព​អ្នក​សារ​ព័ត៌មាន ​ឬការ​ផ្តល់​សិទ្ធិ​សេរី​ភាព​ដល់​អ្នក​សារ​ព័ត៌មាន​មិន​ស្មើ​គ្នា ​និង​ជា​ការ​រើស​អើង​លើ​ស្ថាប័ន​សារ​ព័ត៌មាន​ ដែល​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​នានា​ក្នុង​សង្គម។​

កញ្ញា ​ប៉ា សុខេង​ អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី​ ដែល​បាន​តាម​ដាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ បាន​បង្ហាញ​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ហាម​ប្រាម​មិន​អនុញ្ញាត​ឱ្យ​កញ្ញា និង​ក្រុម​ការ​ងារ​វីអូឌី ​ទៅ​យក​ព័ត៌មាន​នៅ​វិមាន​សន្តិ​ភាពជា​ទី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ធ្វើ​សន្និ​សីទ​សារ​ព័ត៌មាន​ ក្រោយ​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។​ កញ្ញា​យល់​ថា​ មិន​គួរ​មាន​ការ​រើស​អើង ​និង​រឹត​ត្បិត​ចំពោះ​ស្ថាប័ន​សារ​ព័ត៌មាន ​ដែល​ហ៊ាន​លើក​ឡើង​ពី​បញ្ហា​សង្គម​បែប​នេះ​ទេ។​

កញ្ញា​ថ្លែង​ថា៖​ «អ៊ីចឹង​ការ​បិទ​ខ្ទប់​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​បាន​ចូល​ស្តាប់ ​និង​សួរ​នូវ​សំណួរ ​ដើម្បី​ផ្សាយ​បន្ត ​តាម​រយៈ​ការ​ចូលរួម​យក​ព័ត៌មាន​ក្នុង​សន្និសីទ​របស់​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ជាតិ​ របស់​ប្រធាន​អាស៊ាន​ហ្នឹង ​ការ​ព្យាយាម​បិទ​ខ្ទប់​បែប​ហ្នឹង ​វា​អត់​បាន​ធ្វើ​ឱ្យ​សង្គម​អី​ហ្នឹង​មាន​ការ​រីក​ចម្រើន​ទេ ​គឺ​មាន​តែ​បង្ហាញ​ថា​ អង្គ​ការ​រដ្ឋ​កំពុង​តែ​ព្យាយាម​បិទ​បាំង​នូវ​កង្វះ​ខាត​របស់​សង្គម​របស់​ខ្លួន​ជា​ជាង​រក​ដំណោះ​ស្រាយ ​ ព្រោះ​ថា​ ព្យា​យាម​បិទ​ខ្ទប់​អ្នក​សារ​ព័ត៌មាន​ឯក​រាជ្យ​បាន​ចូល​ស្តាប់ ​បាន​ចូល​សាក​សួរ​នូវ​សំណួរ​ ដើម្បី​ឆ្លុះ​បញ្ចាំង​ទៅ​កាន់​សាធារណ​ជន​ជា​ដើម​ហ្នឹង»។​

កញ្ញា​ ប៉ា សុខេង ​បញ្ជាក់​ថា​ មន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ច​ការ​ព័ត៌មាន​នៅ​ក្នុង​សណ្ឋាគារ​សុខា​ចំនួន​២​នាក់​មក​ប្រាប់​កញ្ញា​ថា​ ក្រុម​អ្នក​សារ​ព័ត៌មាន​របស់​វីអូឌី​ និង​វីអូអេ​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​យក​ព័ត៌មាន​នៅ​វិមាន​សន្តិភាព​ទេ​ បើ​ទោះ​បី​ជា​មាន​ការ​ចុះ​ឈ្មោះ​លឿន​ជាង​ស្ថាប័ន​ផ្សេងៗ​ទៀត​ក៏​ដោយ។​ កញ្ញា​បន្ត​ថា ​មន្ត្រី​នោះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ច្បាស់​លាស់​ដល់​កញ្ញា​ទេ​ ដោយ​គ្រាន់​តែ​ប្រាប់​ថា​ ថ្នាក់​លើ​មិន​អនុញ្ញាត។​

អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​សហ​រដ្ឋ​អាមេរិក​ វីអូអេ​ក៏​ទទួល​បាន​ការ​បញ្ជាក់​ពី​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព័ត៌មាន​នៅ​ក្នុង​សណ្ឋាគា​សុខា​នោះ ដូច​គ្នា​នឹង​អ្នក​សារ​ព័ត៌មាន​របស់​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី​ដែរ។​

ទាំង​អ្នក​សារព័ត៌​មាន​វីអូឌី​ និង​វីអូអេ​បញ្ជាក់​ថា​ ពួក​គេ​បាន​ចុះ​ឈ្មោះ​លឿន​ជាង​គេ​ផង​ដែរ​ នៅ​ពេល​ដែល​មន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ច​ការ​ព័ត៌មាន​នៅ​ក្នុង​សណ្ឋាគារ​សុខា​ប្រកាស​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ចុះ​ឈ្មោះ ​ដើម្បី​អាច​ទៅ​យក​ព័ត៌​មាន​នៅ​វិមាន​សន្តិ​ភាព​បាន។​

វីអេអូ​បាន​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ​មាស សុភ័ណ្ឌ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ តែ​មន្ត្រី​នាំ​ពាក្យ​រូប​នោះ​ បាន​បង្វែរ​សំណួរ​ទៅ​កាន់​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ព័ត៌មាន​និង​សោត​ទស្សន៍ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​ផុស សុវណ្ណ។ វីអូអេ​ មិន​ទាន់​អាច​ទាក់​ទង​លោក​ ផុស សុវណ្ណ​ បាន​ទេ ដោយ​សារ​ទូរ​ស័ព្ទ ​លោក​រោទិ៍​តែ​គ្មាន​អ្នក​ទទួល។​

ដោយ​ឡែក​ ក្រោយពី​មាន​ការ​ហាម​ប្រាម​ និង​មិន​អនុញ្ញាត​ឱ្យអ្នក​សារព័ត៌​ទៅ​យក​ព័ត៌មាន​នៅវិមាន​សន្តិ​ភាព​នេះ វីអូអេ​បាន​សុំ​ការ​បញ្ជាក់​ពី​លោក ​ផុស សុវណ្ណ​ ភ្លាមៗ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ប៉ុន្តែ​លោក​ថា​ លោក​ក៏​មិន​បាន​ដឹង​ច្បាស់​ពី​រឿង​នេះ​ ដោយ​លោក​ថា អាច​មាន​គោល​ការណ៍​អ្វី​ផ្សេង ​តែ​លោក​ក៏​មិន​អាច​បញ្ជាក់​ថា ​ជា​គោល​ការណ៍​អ្វី​នោះ​ទេ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​កន្លែង​ហ្នឹង​មិន​ដឹង​ទេ​...​ ព្រោះ​ដូច​ជា​មាន​គោល​ការណ៍​អី​ផ្សេង​ក៏​មិន​ដឹង​ដែរ។ ​ ខ្ញុំ​អត់​បា​ន​[ដឹង]​ច្បាស់​ដែរ»។​

កាលពី​ខែ​កញ្ញា​ ឆ្នាំ​២០២២ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​ លោក ​មាស​ សុភ័ណ្ឌ ​ធា្លប់​ប្រាប់​វីអូអេ​ថា​ សិទ្ធិ​សេរី ភាព​សារ​ព័ត៌មាន​ សិទ្ធិ​សេរី​ភាព​ខាង​ការ​បោះ​ពុម្ព​ផ្សាយ ​ និង​ការ​អនុវត្ត​វិជ្ជា​ជីវៈ​សារ​ព័ត៌មាន​ ត្រូវ​បាន​ធានា​ដោយ​ច្បាប់​របប​សារ​ព័ត៌មាន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​អ្នក​សារ​ព័ត៌មាន​ និង​អង្គ​ភាព​សារ​ព័ត៌មាន​ប្រកប​ដោយ​ភាព​ចម្រុះ​កំពុង​អនុវត្ត​វិជ្ជាជីវៈ ​និង​សិទ្ធិ​សេរី​ភាព​របស់​ខ្លួន ​ដោយ​សេរី​ គ្មាន​ការ​រើស​អើង ​គ្មាន​ការ​ប្រកាន់​ទស្សនៈ​នយោបាយ ​និង​អាច​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​បាន​ដោយ​សេរី​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ថ្ងៃ​ចន្ទ​នេះ ​មជ្ឍមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ឬ​ហៅ​ថា​ CCIM ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ​ឬ​ហៅ​ថា​ ខេមបូចា​ និង​ក្លឹប​អ្នក​កាសែត​សារ​ព័ត៌​មាន​បរទេស​នៃ​កម្ពុជា​ ឬ​ហៅ​ថា ​OPCC បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ ដោយ​ទាម​ទារ​ឱ្យ​ក្រសួង​ព័ត៌មាន​បំភ្លឺ​មូល​ហេតុ​ឱ្យ​បាន​ច្បាស់​អំពី​ករណី​បដិសេធ​មិន​ឱ្យ​អ្នក​សារ​ព័ត៌មាន​វីអូអេ និង​វីអូឌី ​ចូល​ទៅ​យក​ព័ត៌មាន​ នៅ​វិមាន​សន្តិ​ភាព​នោះ។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖​ «យើង​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​ក្រសួង​[ព័ត៌មាន]​ឱ្យ​ពន្យល់​ពី​ករណី​រើស​អើស​ដែល​កើត​ឡើង​ជាក់​ស្តែង​នេះ​ចំពោះ​អ្នក​សារ​ព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន។​ យើង​យល់​ឃើញ​ថា​ ​វា​គ្មាន​ហេតុផល​សមរម្យ​ណា​មួយ ​ក្នុង​ការ​បដិសេធ​អ្នក​សារ​ព័ត៌មាន​អាជីព​ចូល​ទៅ​រាយ​ការណ៍​ព័ត៌មាន​ដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​សាធារណៈ​នោះ​ទេ។​ ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​មាន​ការ​ស្វាគមន៍​នូវ​រាល់​សំណួរ​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ​យើង​ចង់​ដឹង​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​សារ​ព័ត៌មាន​របស់​វីអូឌី​ និង​វីអូអេ​មិន​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ការ​សួរ​សំណួរ​ទៅ​វិញ»។​

នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​(CCIM)​ លោក​ អ៊ិត សូធឿត ​យល់​ឃើញ​ថា​ ការ​មិន​អនុញ្ញាត​ឱ្យ​ស្ថាប័ន​សារ​ព័ត៌មាន​ឯក​រាជ្យ​ចូល​ទៅ​យក​ព័ត៌មាន​បាន​ដូច​សា្ថប័ន​សារ​ព័ត៌មាន​ដទៃ ​ឬ​ស្ថាប័ន​ក្នុង​ស្រុក ​គឺ​ជា​ការ​រើស​អើង​មួយ​ និង​បង្ហាញ​ពី​ការ​អនុវត្ត​មិន​ស្មើភាព​គ្នា​ចំពោះ​សិទ្ធិ​សេរី​ភាព​អ្នក​សារ​ព័ត៌មាន​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ ដោយ​ក្រសួង​ព័ត៌មាន។​

លោក​ថ្លែង​ថា៖ ​«ការ​ហាម​នេះ​តែ​ស្ថាប័ន​២​ដែល​ជា​ស្ថាប័ន​សារ​ព័ត៌មាន​ឯក​រាជ្យ។ អ៊ីចឹង​ខ្ញុំ​គិត​ថា​ នេះ​ជា​ការ​រើស​អើង​ ក៏​ដូច​ជា​ការ​បំពាន​ទៅ​លើ​សេរី​ភាព​សារ​ព័ត៌មាន​ ដោយ​ធម្មតា​យើង​មាន​ ច្បាប់​ស្តី​ពី​របប​សារ​ព័ត៌មាន​ ក៏​ដូច​ជា​រដ្ឋ​ធម្មនុញ្ញ​ដែល​ធានា​ពី​សិទ្ធិ​ស្មើភាព​គ្នា​របស់​ពលរដ្ឋ​កម្ពុជា​យើង។​ អ៊ីចឹង​ការ​ដែល​អនុញ្ញាត​ឱ្យស្ថាប័ន​ខ្លះ​ចូល​ ស្ថាប័ន​ខ្លះ​មិន​ឱ្យ​ចូល​ហ្នឹង​ គឺ​ហាក់​ដូច​ជា​ការ​រើស​អើង​ ហើយ​ក៏​ដូច​ជា​ការ​រំលោភ​លើ​សេរី​ភាព​សារ​ព័ត៌​មាន​ដែរ»។​

លោក ​អ៊ិត សូធឿត ​ស្នើ​ឱ្យ​ក្រសួង​ព័ត៌មាន​ត្រូវ​តែ​ពិនិត្យ​មើល​លើ​ករណី​នេះ​ និង​ត្រូវ​ផ្តល់​សិទ្ធិ​សេរី​ភាព​ដល់​អ្នក​សារ​ព័ត៌មាន​ឱ្យ​បាន​ស្មើៗ​គ្នា​ និង​គួរ​តែ​លុប​បំបាត់​ទំនោរ​នៃ​ការ​រើស​អើង​លើ​អ្នក​សារ​ព័ត៌មាន​ ទាក់​ទង​មតិ​លើក​ឡើង​ថា​ អ្នក​សារ​ព័ត៌មាន​ មាន​និន្នាការ​នយោបាយ​នេះ មាន​និន្នាការ​នយោបាយ​នោះ​ ព្រោះ​អ្នក​សារព័ត៌​មាន​មិន​មាន​និន្នាការ​ណា​ទេ។​ ដូច្នេះ​ក្រសួង​ត្រូវ​ងាក​មក​លើក​ទឹក​ចិត្ត​ដល់​សារ​ព័ត៌មាន​ឯក​រាជ្យ​ ដែល​ជា​ផ្នែក​មួយ​ជួយ​លើក​មុខ​មាត់​ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​ផង​ដែរ​ នៅ​ពេល​អន្តរ​ជាតិ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​នៃ​សេរី​ភាព​សារព័ត៌​មាន​កម្ពុជា​នោះ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណាត់​ថា្នក់​ទី​១៤៤​ក្នុង​ចំណោម​ ១៨០​ប្រទេស​នៃ​សន្ទស្សន៍​សេរី​ភាព​សារ​ព័ត៌មាន​សកល​ឆ្នាំ​២០២១។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters Without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារំាង។ ​ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០២២ ​នេះ​ អង្គការ​នេះ​ឱ្យ​ដឹង​ថា​ កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៤២ ​ក្នុង​ចំណោម​១៨០​ប្រទេស។ ​ចំណាត់​ថ្នាក់​នេះ​បន្ត​បង្ហាញ​ថា​ សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ៕​