ឧបការីរដ្ឋមន្រ្តីការបទេសអាមេរិកគឺលោក Tom Molinowski បានបញ្ជាក់ពីក្តីសោកសង្រេងចំពោះករណីបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គម ហើយលោកក៏ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកឲ្យមានការចូលរួមស៊ើបអង្កេតពីអ្នកជំនាញឯករាជ្យផងដែរ។ ការអំពាវនាវរបស់មន្ត្រីការទូតដ៏សំខាន់របស់អាមេរិករូបនេះត្រូវបានទាត់ចោលភ្លាមៗពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។
នាថ្ងៃអង្គារនេះ លោក Tom Molinowski ឧបការីរដ្ឋមន្រ្តីការបទេសអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាបើកឲ្យអ្នកជំនាញស៊ើបអង្កេតឯករាជ្យចូលរួមក្នុងដំណើរការស៊ើបអង្កេតករណីបាញ់ប្រហារលោក កែម ឡី។
លោកបន្តការបើកឲ្យមានភាគីឯករាជ្យណាមួយចូលរួមស៊ើបអង្កេតក្នុងករណីដែលលោកហៅថាជា«សោកនាដកម្មដ៏គួរឲ្យរន្ធត់»នោះ វានឹងជួយជម្រះមន្ទិលសង្ស័យដែលកំពុងតែកើតមានចំពោះគណបក្សកាន់អំណាច និងរដ្ឋាភិបាលលោក ហ៊ុន សែន។
(ចុចមើលកម្រងរូបភាព លោក Tom Malinowski គោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី)
ក្នុងសន្និសីទព័ត៌មានពិសេសមួយដើម្បីសរុបលទ្ធផលនៃដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោកក្នុងប្រទេសកម្ពុជា លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីការបទេសអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងការងារបានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖
«សហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀតបានអំពាវនាវឲ្យមានការស៊ើបអង្កេតមួយដែលអាចជឿទុកចិត្តបាន ទៅក្នុងការបាញ់សម្លាប់រូបលោក កែម ឡី។ ខ្ញុំអាចនិយាយបន្ថែមថា ស្របពេលរដ្ឋាភិបាលកម្ពុជាមានសិទ្ធិពេញលេញនៅក្នុងការធ្វើការស៊ើបអង្កេតដោយផ្ទាល់ ពាក់ព័ន្ធនឹងការចោទសង្ស័យផ្សេងៗដែលមិនអាចជៀសបានជុំវិញករណីនោះ ខ្ញុំគិតថា រដ្ឋាភិបាលក៏នឹងទទួលបានប្រយោជន៍ច្រើនពីការចូលរួមរបស់អ្នកជំនាញឯករាជ្យនានាក្នុងការស៊ើបអង្កេតនោះផងដែរ»។
ការលើកឡើងរបស់លោក Tom Malinowski ធ្វើឡើងមិនបានប៉ុន្មានម៉ោងផង ក្រោយពេលដែលលោកហើយនឹងក្រុមបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វា ក្រុងភ្នំពេញ។ លោក Tom Malinowski ក៏បានបញ្ជាក់ពីក្តីសោកស្តាយ និងការបាត់បង់លោក កែម ឡី ដែលជាជនគម្រូ និងក្លាហានមួយរូប។
លោក Tom Malinowski មន្ត្រីជាន់ខ្ពស់អាមេរិកបានសរសេរក្នុងសាររំលែកទុក្ខក្នុងន័យដើមថា៖
«យើងសុំផ្តល់ការគោរពយ៉ាងជ្រាលជ្រៅដល់លោក កែម ឡី សម្រាប់ភាពសុចរិត ភាពឯករាជ្យ និងសុទិដ្ឋិនិយមរបស់លោក។ យើងនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងប្រជាជនកម្ពុជា ដើម្បីសម្រេចក្តីបំណងដូចដែលលោកចង់បានសម្រាប់យើងទាំងអស់គ្នានាពេលអនាគត»។
លោក កែម ឡី ដែលជាអ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម ដែលហ៊ានរិះគន់រដ្ឋាភិបាល និងគណបក្សជំទាស់ចំៗនោះ ត្រូវបានខ្មាន់កាំភ្លើងបាញ់ស្លាប់នៅនឹងកន្លែងក្នុងស្ថានីយប្រេងឥន្ធនៈ Caltex ក្នុងកណ្តាលក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១០ ខែកក្កដាកន្លងទៅ។ ការបាញ់សម្លាប់បណ្ឌិតរូបនេះបានកើតមានឡើងប៉ុន្មានថ្ងៃ ក្រោយពីលោកបានធ្វើបទសម្ភាសន៍ និងបញ្ចេញមតិតាមសារព័ត៌មាននានាអំពីរបាយការណ៍មួយរបស់អង្គការ Global Witness ដែលនិយាយពីការកាន់កាប់ជំនួញដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
(ចុចមើលកម្រងរូបភាពលោក Tom Malinowski ធ្វើសន្និសីទសារព័ត៌មានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា)
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននាថ្ងៃអង្គារនេះ លោក Tom Malinowski បញ្ជាក់ថា ការចូលរួមពីអ្នកជំនាញឯករាជ្យណាមួយនោះនឹងអាចជួយលុបលៀងការមន្ទិលសង្ស័យមួយចំនួនទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរអាចសិក្សាពីបទពិសោធន៍របស់ប្រទេសផ្សេងៗដែលស្រដៀងនេះ។
«ខ្ញុំគិតថា មានវិធីជាច្រើន ដែលរឿងនេះអាចសម្រេចបាន។ មានម៉ូដែលជាច្រើន ប្រសិនបើយើងមើលជុំវិញពិភពលោក រដ្ឋាភិបាលនានាបានទទួលផលប្រយោជន៍ជាច្រើនចំពោះការដាក់ឲ្យមានការចូលរួមពីក្រុមអ្នកជំនាញខាងក្រៅ នៅក្នុងការស៊ើបអង្កេតលើករណីដូចនេះ។ ដូចនេះ ខ្ញុំនឹងមិនផ្តល់សេចក្តីណែនាំឲ្យធ្វើអ្វីមួយជាក់លាក់នោះទេ។ ខ្ញុំគិតថា ចំណុចសំខាន់គឺថា មានតម្រូវការខ្លាំងសម្រាប់ការស៊ើបអង្កេត ដែលទទួលបានការជឿជាក់ពីប្រជាពលរដ្ឋគ្រប់គ្នានៅក្នុងប្រទេសកម្ពុជា ដែលក្នុងរួមមានទាំងអ្នកដែលមានមន្ទិលសង្ស័យទៅលើរដ្ឋាភិបាល និងគណបក្សកាន់អំណាច»។
ទោះជាយ៉ាងក្តី អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាគឺលោក ផៃ ស៊ីផានថ្លែងប្រាប់ VOA ថា ការលើកឡើងរបស់លោក Tom Malinowski មានសភាពជា«អ្នកនយោបាយ» ហើយមិនបានគិតគូរពីនីតិវិធីច្បាប់របស់កម្ពុជានោះទេ។ លោកបន្តថា លោកក៏មិនដែលឃើញសហរដ្ឋអាមេរិកអនុញ្ញាតឲ្យមានការចូលរួមពីភាគីឯករាជ្យណាមួយ ក្នុងការស៊ើបអង្កេតនៅក្នុងប្រទេសរបស់ខ្លួននោះដែរ។
លោក ផៃ ស៊ីផាន លើកឡើងថា៖
«ខ្ញុំមិនដែលឃើញសហរដ្ឋអាមេរិកយកអ្នកដទៃឲ្យជួយស៊ើបអង្កេតក្នុងបញ្ហាដែលមិនទាន់ដោះស្រាយនៅឡើយទេ។ ដូច្នេះការលើកឡើងនេះគឺមាននិន្នាការនយោបាយច្រើនជាងនិន្នាការដើម្បីស្វែងរកការណ៍ពិតនៃការធ្វើឃាតលើលោកកែម ឡី»។
អ្នកនាំពាក្យរូបនេះក៏ឲ្យដឹងផងដែរថា ករណីឃាតកម្មលើលោក កែម ឡី គឺស្ថិតក្នុងដៃតុលាការ និងចៅក្រមស៊ើបអង្កេតតាមនីតិវិធីតុលាការកម្ពុជា ហើយគ្រប់ភាគីគួរទុកឱកាសឲ្យតុលាការធ្វើការស៊ើបអង្កេត។
លោកបន្តថា៖
«អាហ្នឹងទុកលក្ខណៈឲ្យដែនសមត្ថកិច្ចនៃតុលាការគេធ្វើ ជាជាងអ្នកខាងក្រៅលូកលាន់នៅក្នុងសាច់រឿងហ្នឹង។ ដូចខ្ញុំជម្រាបថា បើយក FBI មក តើ FBI គេការពារផលប្រយោជន៍នរណា? រឹតតែបង្កើតបញ្ហាស្មុគស្មាញទៀត។ អញ្ចឹងយកយួនមកក៏វាមិនសម។ យកចិនមកក៏វាមិនសម ព្រោះច្បាប់វាមិនអនុញ្ញាត»។
(ចុចមើលកម្រងរូបភាពជុំវិញការបាញ់សម្លាប់លោក កែម ឡី)
មកដល់ពេលនេះ តុលាការក្រុងភ្នំពេញបានចោទប្រកាន់ជាផ្លូវការលើជនជាប់ចោទមួយរូបដែលអះអាងថា ខ្លួនឈ្មោះ «ជួប សម្លាប់» វ័យ៣៨ឆ្នាំពីបទ «ឃាតកម្មគិតទុកជាមុន និងកាប់អាវុធដោយគ្មានការអនុញ្ញាត»។ ហើយជនរូបនេះក៏បានអះអាងបញ្ជាក់ប្រាប់មន្ត្រីតុលាការ និងអាជ្ញាធរថា ខ្លួនបានបាញ់សម្លាប់លោក កែម ឡី កណ្តាលថ្ងៃដោយសារតែលោក កែម ឡី ជំពាក់លុយខ្លួនប្រមាណ៣ពាន់ដុល្លារអាមេរិក។ ក៏ប៉ុន្តែក្រុមគ្រួសារលោក កែម ឡី ក៏ដូចជាសាច់ញាតិជនជាប់ចោទនៅតែមានមន្ទិលសង្ស័យចំពោះការអះអាងនេះ។
សារព័ត៌មានក្នុងស្រុកនានា ដែលចេញផ្សាយភ្លាមៗកាលពីសប្តាហ៍កន្លងទៅនោះ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះពិតថា អឿត អាង អាយុ៤៤ឆ្នាំ មានទីលំនៅនៅស្រុកអង្គរជុំ ខេត្តសៀមរាប ដែលធ្លាប់ធ្វើជាមន្ត្រីយោធា ជាអ្នកការពារបរិស្ថាន និងធ្លាប់បួសជាសង្ឃ។
នៅក្នុងសន្និសីទបញ្ចប់ទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិការងារ នាថ្ងៃអង្គារនេះ ក៏បានបញ្ជាក់ផងដែរថា អ្នកដែលលោកបានជួបសន្ទនា រួមទាំងមានមន្ត្រីសង្គមស៊ីវិល និងមន្ត្រីរដ្ឋាភិបាលផងនោះ ក៏សង្ឃឹមផងដែរថា នឹងមានការចូលរួមស៊ើបអង្កេតពីភាគីឯករាជ្យណាមួយក្នុងករណីឃាតកម្មសម្លាប់លោក កែម ឡី៕