ការ​កើន​ឡើង​នូវ​ចំនួន​អ្នក​រត់​គេច​កូរ៉េ​ខាង​ជើង​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​ឥទ្ធិពល​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​អន្តរជាតិ

ប្រជាជន​សំឡឺង​មើល​ទៅទិស​ខាង​ជើង​តាម​របង​ខ្សែ​លួស​ក្បែរ​តំបន់​យោធាដែល​បែង​ចែក​ប្រទេស​កូរ៉េ​ទាំង​ពីរ​នៅ​ទីក្រុង​ Paju កូរ៉េ​ខាង​ត្បូង​កាលពី​ថ្ងៃទី​២១ ធ្នូ ២០១៧។

ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់ និង​អ្នក​នេសាទ​ពីរ​នាក់​ទៀត បាន​រត់​គេច​ចូល​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​ដឹកនាំ​កូរ៉េ​ខាង​ជើង កំពុង​តែ​ដាក់​គំនាប​សេដ្ឋកិច្ច​តឹងតែង​លើ​ប្រជាពលរដ្ឋ​សាមញ្ញ។

ទាហាន​យាម​ល្បាត​កូរ៉េ​ខាង​ត្បូង បាន​បាញ់​កាំភ្លើង ២០ គ្រាប់ ដើម្បី​ជា​ការ​ព្រមាន​ដល់​ទាហាន​កូរ៉េ​ខាង​ជើង ដែល​បាន​ដេញ​តាម​ចាប់​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់ ដែល​បាន​រត់​គេច​ឆ្លង​តំបន់​គ្មាន​យោធា DMZ នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ដែល​មាន​ទាហាន​ឈរ​ជើង​នៅ​សងខាង​តំបន់​នេះ​យ៉ាង​តឹងតែង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង។

អ្នក​នាំ​ពាក្យ​នាយ​អគ្គសេនាធិការ​ចម្រុះ​កូរ៉េ​ខាង​ត្បូង លោក Roh Jae-cheon បាន​បញ្ជាក់​ថា ទាហាន​កូរ៉េ​ខាង​ជើង​ដែល​មាន​ឋានន្តរសក្ដិ​ទាប​ម្នាក់ បាន​ឆ្លង​ព្រំដែន​នៅ​តំបន់​កណ្ដាល​ភាគ​ខាង​លិច​នៃ​ប្រទេស​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​មិន​មាន​ការ​បាញ់​កាំភ្លើង​ណា​មួយ​ធ្វើ​ឡើង​សំដៅ​ទាហាន​ផ្ដាច់​ខ្លួន​នោះ​ទេ។

លោក Roh Jae-cheon បាន​និយាយ​ថា៖ «យោធា​កូរ៉េ​ខាង​ត្បូង​បាន​ជួយ​សង្គ្រោះ​អ្នក​ផ្ដាច់​ខ្លួន​នោះ​ដោយ​សុវត្ថិភាព ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​មូលហេតុ និង​នីតិវិធី​នានា សម្រាប់​ការ​ផ្ដាច់​ខ្លួន​របស់​ទាហាន​កូរ៉េ​ខាង​ជើង​នេះ»។

ទាហាន​ផ្ដាច់​ខ្លួន​រូប​នេះ គឺ​ជា​ទាហាន​ទី ៤ និង​ជា​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​កូរ៉េ​ខាង​ជើង​ម្នាក់ ក្នុង​ចំណោម ១៥ នាក់ ដែល​ឆ្លង​ព្រំដែន​ដោយ​ផ្ទាល់​ចូល​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ក្នុង​ឆ្នាំ​នេះ។ កាល​ពី​ឆ្នាំ ២០១៦ មាន​តែ​ទាហាន​កូរ៉េ​ខាង​ជើង​ម្នាក់ និង​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ៤ នាក់ ប៉ុណ្ណោះ ដែល​បាន​ឆ្លង​តំបន់ DMZ នៅ​ព្រំដែន​ចូល​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ភាគ​ច្រើន​នៃ​អ្នក​ផ្ដាច់​ខ្លួន​កូរ៉េ​ខាង​ជើង​ប្រហែល ៣ ម៉ឺន​នាក់ ដែល​បាន​រត់​គេច​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាំង​ពី​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ១៩៥៣ មក គឺ​បាន​រត់​គេច​កាត់​តាម​ប្រទេស​ចិន៕