ព្រះអង្គ Stephen Chow ដែលត្រៀមចូលកាន់តំណែងជាសង្ឃនាយកគ្រិស្ដសាសនារ៉ូម៉ាំងកាតូលិកនៅទីក្រុងហុងកុង បានអំពាវនាវឲ្យមានការអត់ធ្មត់កាលពីថ្ងៃទី ១៨ ខែឧសភាកន្លងទៅនេះ ដើម្បីបង្រួបបង្រួមសហគមន៍អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក ដែលមានការបែកបាក់គ្នាដោយសារបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។
ព្រះអង្គ Chow ក៏បានប្តេជ្ញាផងដែរក្នុងការគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការបង្រ្កាបឆ្នាំ ១៩៨៩ របស់រដ្ឋាភិបាលចិនលើបាតុករគាំទ្រលទិ្ធប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង។
នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់ព្រះអង្គ ចាប់តាំងពីពេលដែលព្រះអង្គត្រូវបានតែងតាំងជាសង្ឃនាយកកាលពីពេលថ្មីៗនេះមក ព្រះអង្គ Chow បានជំរុញអ្នកកាន់សាសនាគ្រិស្ដនិកាយកាតូលិកឲ្យគោរពទស្សនៈផ្សេងៗគ្នា ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីដោះស្រាយភាពប្រេះស្រាំក្នុងសហគមន៍អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក ចាប់តាំងពីពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកើតឡើងនៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំ ២០១៩ មក។
ព្រះអង្គបានថ្លែងថា ព្រះអង្គមិនទាន់មានផែនការលម្អិតនោះទេនៅក្នុងការបង្រួបបង្រួមសហគមន៍អ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក ប៉ុន្តែព្រះអង្គមានជំនឿថា ព្រះជាម្ចាស់ចង់ឲ្យពួកគេទាំងអស់គ្នារួមគ្នាជាធ្លុងមួយ។
ព្រះអង្គ Chow បានបួងសួងដល់មនុស្សរាប់រយ ឬក៏អាចរាប់ពាន់នាក់ ដែលជាជនរងគ្រោះនៃការសម្លាប់រង្គាលនៅទីលាន Tiananmen។
ព្រះអង្គថ្លែងដូច្នេះថា៖ «ខ្ញុំសូមបួងសួងដល់ជនរងគ្រោះគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានបាត់បង់ជីវិតនៅក្នុងឆ្នាំ ១៩៨៩»។
ប៉ុន្តែ ព្រះអង្គបានបន្ថែមថា តម្រូវការផ្លូវច្បាប់នៅក្នុងឆ្នាំនេះនឹងកំណត់ថាតើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះទាំងនោះជាសាធារណៈអាចធ្វើទៅបានឬក៏អត់។
កន្លងមក ព្រះអង្គ Chow ធ្លាប់បានចូលរួមក្នុងពិធីជាសាធារណៈនានាដើម្បីរំឮកខួបនៃការសម្លាប់រង្គាលនៅទីលាន Tiananmen ដែលធ្វើឡើងនៅរៀងរាល់ថ្ងៃទី ៤ ខែមិថុនា។
ព្រះអង្គ Chow ព្រះជន្ម ៦២ ឆ្នាំ ត្រូវបានសម្តេចប៉ាប Francis តែងតាំងជាសង្ឃនាយកដើម្បីឲ្យដឹកនាំសហគមន៍អ្នកកាន់សាសនាគ្រិស្ដនិកាយកាតូលិកនៅទីក្រុងហុងកុង ដើម្បីជំនួសតំណែងសង្ឃនាយករបស់ព្រះអង្គ Michael Yeung ដែលបានសុគតកាលពីឆ្នាំ ២០១៩។
ព្រះអង្គ Chow ដែលមានដើមកំណើតនៅទីក្រុងហុងកុង បានទទួលការអប់រំនៅសហរដ្ឋអាមេរិកនិងនៅប្រទេសអៀរឡង់ និងជាអ្នកគ្រប់គ្រងមហាវិទ្យាល័យ Wah Yan ក្នុងទីក្រុងហុងកុង។
មនុស្សប្រមាណ ៤០៤.០០០ នាក់នៅក្នុងទីក្រុងហុងកុងគឺជាអ្នកកាន់សាសនាគ្រិស្តនិកាយកាតូលិក ដែលស្មើនឹងប្រហែល ៥,៣% នៃប្រជាពលរដ្ឋសរុបនៅក្នុងទីក្រុងនេះ។
ព្រះអង្គ Chow មានកាតព្វកិច្ចបង្រួបបង្រួមសហគមន៍អ្នកកាន់សាសនាគ្រិស្ដនិកាយកាតូលិកនៅក្នុងទីក្រុងហុងកុង ដែលមានការបែកបាក់គ្នា។ ការបែកបាក់នេះបានកើតឡើងរវាងអ្នកដែលយល់ថាការគ្រប់គ្រងរបស់ចិនលើទីក្រុងហុងកុងជាការវាយប្រហារលើសេរីភាពរបស់ទីក្រុងនេះ និងអ្នកគាំទ្ររដ្ឋបាលដឹកនាំរបស់ហុងកុងដែលមានទំនោរទៅរករដ្ឋាភិបាលចិន៕