នៅក្នុងរដូវបុណ្យ Easter នៃគ្រឹស្តសាសនា Orthodox វិហារសាសនាគ្រឹស្តថ្មីមួយនាំផាសុកភាពខាងសាសនាដល់ក្រុមអ្នកស្រុកព្រួយបារម្ភពីសង្គ្រាមនៅក្នុងភូមិ Lypivka។ កាលពីពីរឆ្នាំមុននេះ វិហារនេះក៏ផ្តល់ជម្រកដល់មនុស្សដែលគេចខ្លួនពីការភ័យរន្ធត់នៅខាងក្រៅដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
អ្នកស្រុកជិត ១០០ នាក់ បានជ្រកកោននៅក្នុងបន្ទប់ក្រោមដីនៃព្រះវិហារគ្រឹស្តសាសនាមួយ នៅពេលទាហានរុស្ស៊ីកាន់កាប់ភូមិនេះកាលពីខែមីនា ឆ្នាំ ២០២២នៅ ពេលពួកគេជម្រុលទៅកាន់រដ្ឋធានីកៀវនៃប្រទេសអ៊ុយក្រែន ស្ថិតនៅ ៦០ គ.ម.ខាងកើតទីនោះ។
ព្រះតេជគុណ Hennadii Kharkivskyi បាននិយាយថា៖ «មានការប្រយុទ្ធគ្នានៅទីនេះ»។ លោកបានចង្អុលទីធ្លាវិហារនេះ ដែលនៅទីនោះមានថ្មអនុស្សវរីយ៍មួយរំលឹកដល់ទាហានអ៊ុយក្រែន ៦ នាក់ ពលីជីវិតនៅក្នុងការប្រយុទ្ធដើម្បីភូមិ Lypivka។
លោកបានថ្លែងថា៖ «ទាហានអ៊ុយក្រែនទាំងនេះបានត្រូវរបួស ហើយពួករុស្ស៊ីបានមកហើយបានបាញ់សម្លាប់ពួកគេទាំងអស់»។
រយៈពេលពីរសប្តាហ៍នៃការកាន់កាប់របស់រុស្ស៊ីបាននាំឱ្យភូមិនេះខូចខាតច្រើន។ វិហារនេះដែលជាសំណង់ថ្មីជំនួសវិហារចាស់ បានខូចខាតនៅពេលកំពុងកសាង។ វិហារនេះជាកន្លែងសាសនាមួយក្នុងចំណោមកន្លែងសាសនា ១២៩ ខូចខាតដោយសារសង្គ្រាមត្រូវបានកត់ត្រាដោយអង្គការវប្បធម៌របស់អង្គការសហប្រជាជាតិ UNESCO។
តែក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ កម្មករចាប់ផ្តើមជួសជុលការខូចខាតនិងបញ្ចប់ការស្ថាបនាអគារមាំទាំមានកំពូលក្រឡូមក្រហម។ ពួកគេក៏បានជួសជុលអគារសំណង់ខូចខាតក្នុងភូមិនេះដែរ។ ទាហានរុស្ស៊ីក៏បានកប់គ្រាប់មីននៅក្នុងចម្ការដំណាំយកផ្លែនិងទីវាលក្នុងភូមិនេះថែមទៀតផង៕