មនុស្សយ៉ាងតិចណាស់ ៣៦ នាក់ បានស្លាប់ ហើយរាប់សិបនាក់ទៀតបានរងរបួស បន្ទាប់ពីរថភ្លើងល្បឿនលឿនមួយខ្សែ បានធ្លាក់ចេញពីផ្លូវនៅក្នុងរូងភ្នំមួយ នៅភាគខាងកើតនៃកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ។
មនុស្សយ៉ាងតិច ៧០ នាក់ កំពុងនៅជាប់នៅក្នុងទូររថភ្លើងនៅក្នុងផ្លូវរូងភ្នំ ហើយមនុស្សប្រហែល ៦០ នាក់ដែលត្រូវបានជួយសង្គ្រោះនោះ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាមសង្គ្រោះអ្នកដែលនៅជាប់ក្នុងរូងភ្នំនោះជាបន្ត។
អាជ្ញាធរតៃវ៉ាន់ បាននិយាយថា រថយន្តសំណង់មួយគ្រឿងដែលបានរអិលចេញពីផ្លូវរថយន្ត ដែលស្ថិតនៅពីលើផ្លូវរថភ្លើងហើយដែលបានធ្លាក់លើផ្លូវរថភ្លើង ទំនងជាមូលហេតុនៃគ្រោះថ្នាក់នៅជិតទីក្រុងឆ្នេរសមុទ្រ Hualien ភាគខាងកើតនោះ។
នេះជាគ្រោះថ្នាក់រថភ្លើងដែលគេចាត់ទុកថាធ្ងន់ធ្ងរបំផុតនៅកោះតៃវ៉ាន់ ក្នុងរយៈពេលយ៉ាងតិច ៤០ ឆ្នាំកន្លងទៅនេះ។
រថភ្លើងល្បឿនលឿនដែលធ្វើដំណើរពីទីក្រុងតៃប៉ិ ទៅកាន់ទីក្រុង Taitung នោះដឹកអ្នកដំណើរប្រហែល ៣៥០ នាក់ ដែលភាគច្រើនជាទេសចរ និងមនុស្សដែលវិលត្រឡប់ទៅកាន់ទីលំនៅដ្ឋានវិញ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកពិធីបុណ្យសង្កត់ផ្នូរ ដែលមានរយៈពេល ៤ ថ្ងៃ៕