នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ នាយក​រដ្ឋ​មន្រ្តី​ឥណ្ឌា​នឹង​ចូល​ទស្សនាផ្ទះ​នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន

នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ លោក Nawaz Sharif (រូប​ស្តាំ) ជួប​ជាមួយ​សមភាគី​របស់​លោក​គឺ​លោក Narendra Modi នៅ​ក្នុង​ក្រុង Lahore ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី២៥ ខែធ្នូ​ ឆ្នាំ២០១៥។

លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​ Narendra Modi បាន​អញ្ជើញ​ទៅ​ទស្សនា​ប្រទេសប៉ាគីស្ថាន​កាលពី​ថ្ងៃសុក្រ​ដើម្បី​ជួប​ជាមួយ​សមភាគី​របស់​លោក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​កម្រិត​ខ្ពស់​លើក​ទី​មួយ​បែបនេះ​ក្នុង​រយៈពេល​១២ឆ្នាំ​ដោយ​មាន​រួម​បញ្ចូល​ការ​ឈប់​នៅ​ឯ​គេហដ្ឋាន​លោក​នាយក​រដ្ឋ​មន្ត្រី Nawaz Sharif ផង​ដែរ។​

លោក​ Vikas Swarup អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ឥណ្ឌា​បាន​សរសេរ​ក្នុង​

Twitter ថា​ «គ្រួសារ​មាន​សារៈសំខាន់» ហើយ​លោក​បាន​ភ្ជាប់​ជាមួយ​នូវ​រូបថត​មួយ​នៃ​នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នាក់​នេះ​នៅ​ឯ​គេហដ្ឋាន​លោក Sharif ក្នុង​ក្រុង​ Raiwind នៅ​ខាង​ក្រៅ​ក្រុង​ Lahoreដែល​នៅ​ទីនោះ​មេដឹកនាំ​ប៉ាគីស្ថាន​រូប​នេះ​បាន​រៀបចំ​ពិធី​អាពាហ៌ពិពាហ៌​ចៅ​ស្រី​លោក។​

បើ​តាម​លោក Swarup ​លោក Modi មិន​បាន​ស្ថិត​នៅ​ក្នុង​ពិធី​នេះ​ទេ។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​លោក​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ឥណ្ឌា​បាន​ប្រកាស​នៅ​ពេល​លោកស្ថិត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ថា​លោក «ចង់ជួប» ជាមួយ​លោក​ Sharif។​

លោក Sharif បាន​អញ្ជើញ​ទៅ​ទទួល​លោក Modi នៅ​ឯ​ចំណត​យន្តហោះ​ក្រុង​Lahore។​ មេដឹកនាំ​ទាំង​ពីរ​នាក់​នេះ​បាន​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ជា​បន្ទាន់​ទៅ​កាន់​ក្រុង Raiwind។

ជាដំបូង​ឡើយ​ នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឱ្យ​មាន​ការ​ទាក់ទង​កម្រិត​ខ្ពស់​ជា​ថ្មី​ឡើង​វិញ​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ជាមួយ​ការ​សន្ទនា​គ្នា​ក្នុង​រយៈពេល​ខ្លី​មួយ​កាល​ពី​ពីរ​សប្តាហ៍​មុន​នេះ​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ​នៅ​ក្នុង​ក្រុង​ប៉ារីស៕