លោក ថាច់ សេដ្ឋា ទទូច​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​«ញុះញង់»​លើ​រូប​លោក

រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល​ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​លោក​ ថាច់ សេដ្ឋា​ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន ​បាន​ថ្លែង​សារ​ចុង​ក្រោយ​ដោយ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​រូប​លោក​ ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ផ្តល់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្នុង​សម្លៀក​បំពាក់​ពណ៌​ទឹក​ក្រូច ​លោក ​ថាច់ សេដ្ឋា ​ដែល​ត្រូវ​បាន​នាំ​ខ្លួន​មក​ចូល​រួម​សវនាការ​ជំនុំ​ជម្រះ​របស់​តុលាការ​កំពូល ​ថ្លែង​ថា​ ការ​លើក​ឡើង​របស់​លោក​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ផ្អែក​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ ​ដែល​លោក​ថា​ គណបក្ស​កំពុង​កាន់​អំណាច​មួយ​នេះ​មាន​ដើម​កំណើត​ពី​«យួន»។​ លោក​បន្ត​ថា​ ​រដ្ឋាភិបាល​គួរ​ដំឡើង​ស្តូប​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ជា​ជាង​ធ្វើ​ស្តូប​មិត្ត​ភាព​កម្ពុជា-វៀតណាម​ អរគុណ​វៀតណាម។​

លោក​ប្រាប់​អង្គ​សវនាការ​ថា​ កម្ពុជា​បាន​ជួយ​វៀតណាម​ច្រើន​ ប៉ុន្តែ​វៀតណាម​មិន​បាន​ធ្វើ​ស្តូប ​ដើម្បី​អរគុណ​ខ្មែរ​ឡើយ។​

លោក​បញ្ជាក់​ថា​ អ្វី​ដែល​លោក​ថ្លែង​កន្លង​មក​មិន​មាន​ចេតនា​ញុះញង់​ឡើយ​ ហើយ​វា​ជា​ការ​បញ្ចេញ​មតិ​របស់​លោក។​

លោក​ ថាច់ សេដ្ឋា ​បញ្ជាក់​ប្រាប់​ចៅក្រម​ថា៖​ «នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ ​គេ​មិន​ចោទ​នូវ​អ្វី​ដែល​ជា​ការ​បញ្ចេញ​មតិ​ទេ​ ដោយសារ​តែ​វា​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ។ ​មិន​មាន​បាតុភាព​ណា​កើត​ឡើង​ដោយ​សារ​តែ​សម្តី​ខ្ញុំ​ឡើយ។​ វាគ្រាន់​តែ​ជា​ការ​សន្និដ្ឋាន។ ​សូម​តុលាការ​កំពូល​ផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ»។​

អ្នក​នយោបាយ​ជំទាស់​ លោក​ ថាច់ សេដ្ឋា ​ដែល​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទា​ទោស​ពី​បទ ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម ​និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ​ដោយ​ដាក់​ពន្ធនាគារ ​៣ ​ឆ្នាំ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ថ្ងៃ​៧​មករា។​

នៅ​ក្នុង​សវនាការ​ តំណាង​អយ្យការ ​លោក​ ង៉ែត សារ៉ាត់ ​បាន​ដាក់​បន្ទុក​ថា​ ការ​ទទួល​ស្គាល់​របស់​ លោក ​ថាច់ សេដ្ឋា​ថា​ លោក​បាន​លើក​ឡើង​ដូច​ការ​ចោទ​ប្រកាន់​នោះ​គឺ​ជា​«ការ​សារភាព»។​

ប៉ុន្តែ​សហ​មេធាវី​ដែល​ការពារ​ក្តី​ឱ្យ​លោក ​ថាច់ សេដ្ឋា​ គឺ​លោក ​ជូង​ ជូងី ​លើក​ឡើង​ថា ​កូនក្តី​ទទួល​ស្គាល់​ការ​ថ្លែង​សារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ មិន​មែន​មាន​ន័យ​ថា​ កូន​ក្តី​សារភាព​កំហុស​ឡើយ។​

បើ​តាម​លោក​ ជូង ជូងី​ ការ​ថ្លែង​របស់​លោក ​ថាច់ សេដ្ឋា ​គឺ​ចង់​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ​មិន​មាន​ចេតនា​ញុះញង់ ​ឬ​ធ្វើ​ឱ្យ​រើស​អើង​ជាតិ​សាសន៍​អ្វី​ឡើយ។​

ក្រោយ​បញ្ចប់​សវនាការ​ ​លោក​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «មេធាវី​យល់​ឃើញ​ថា​ គាត់​មិន​មាន​ចេតនា​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ឬក៏​មិន​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ការរើស​អើង​ ដូច​ការ​ចោទ​ប្រកាន់​ទេ។​ អ៊ីចឹង​មេធាវី​ទាំង​៤​រូប​បាន​ស្នើ​ឱ្យ​តុលាការ​កំពូល​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​លោក​ ថាច់ សេដ្ឋា»។​

តំណាង​អយ្យការ​លោក​ ង៉ែត សារ៉ាត់ ​បាន​ដាក់​បន្ទុក​លោក​ ថាច់ សេដ្ឋា ​ដោយ​អះអាង​ថា ​ការ​លើក​ឡើង​របស់​អ្នក​នយោបាយ​រូប​នោះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ​ហើយ​វា​មាន​ចេតនា​ញុះញង់​ឱ្យ​មាន​ការ​ប្រឆាំង​រដ្ឋាភិបាល។​

លោក​បញ្ជាក់​ក្នុង​សវនាការ​ថា៖​ «គណបក្ស​មិន​ត្រូវ​ហែក​ហួរ​ បន្ទោស​និង​វាយ​ប្រហារ​គណបក្ស​ដទៃ​ទេ។​ គណបក្ស​នីមួយៗ​គួរ​តែ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​គោល​នយោបាយ​របស់​ខ្លួន​ដល់​ប្រជា​ពលរដ្ឋ។ ​ការ​សាងសង់​ស្តូប​ជា​ការ​សម្រេច​របស់​រដ្ឋាភិបាល​ មិន​ខូច​ប្រយោជន៍​ជាតិ​ឡើយ»។​

ចំណែក​សហ​មេធាវី​ម្នាក់​ទៀត​របស់​លោក​ ថាច់ សេដ្ឋា ​គឺ​លោក ​សឺន ជុំជួន​ ថ្លែង​ការពារ​កូន​ក្តី​របស់​លោក​នៅ​ក្នុង​សវនាការ​ ដោយ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់។ ​លោក​បន្ថែម​ថា​ ការ​កាត់ក្តី​របស់​តុលាការ​នៅ​ប្រទេស​កម្ពុជា​មិន​បាន​ពិចារណ​ទៅ​លើ​ច្បាប់​អន្តរ​ជាតិ​នោះ​ទេ ​គឺ​យោង​តែ​ទៅ​តាម​ច្បាប់​ជាតិ​ប៉ុណ្ណោះ។​

បើ​តាម​សហ​មេធាវី​រូប​នេះ ​ប្រជា​ពលរដ្ឋ​ទូទៅ​តែង​តែ​រិះគន់​លើ​ការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម។​ ចំណែក​ការ​បកស្រាយ​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ផ្អែក​តាម​ឯកសារ​ប្រវត្តិ​សាស្ត្រ។​

ចៅក្រម​ជំនុំ​ជម្រះ​ លោក​ យូរ ឧត្តរ៉ា​ ថ្លែង​ថា​ សាល​ដីកា​ពាក់ព័ន្ធ​នឹង​បទ​ញុះញង់​នេះ​នឹង​ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី ​៩ ខែ​សីហា​ ឆ្នាំ​ ២០២៤។​

គួរ​បញ្ជាក់​ថា​ ក្រៅ​ពី​សំណុំ​រឿង​បទ​ញុះ​ញង់​នេះ ​លោក​ ថាច់ សេដ្ឋា ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​ ២០២៣ ​ក៏​ត្រូវ​បាន​តុលាការ​កាត់​ទោស​ពី​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន។​ លោក​ត្រូវ​កាត់​ទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​កន្លះ ​និង​ត្រូវ​បង់​លុយ​ជំពាក់​ចំនួន ​៣ម៉ឺន ​៣​ពាន់​ ៤០០​ដុល្លារ​អាមេរិក​ ត្រូវ​បង់​ប្រាក់​ពិន័យ​ចូល​រដ្ឋ​ចំនួន ​៣​លាន​រៀលនិង​ ៥​លាន​រៀល​ត្រូវ​បង់​សង​ជំងឺ​ចិត្ត​ដល់​ក្រុមហ៊ុន​បញ្ចាំ​មួយ​ដែល​ជា​ដើម​បណ្តឹង៕​