ប្រជាជន Rwanda ខ្លះ​កែ​ប្រែ​ខ្លួន​ពី​អ្នក​ប្រមាញ់​ទៅ​ជា​អ្នក​អភិរក្ស​សត្វព្រៃ

រូបភាព​បង្ហាញ​ពី​ការ​ស្តាយក្រោយ​របស់អតីត​អ្នក​ប្រមាញ់​សត្វ​ព្រៃ​

«ខ្ញុំកំពុង​ប្រមាញ់​ក្នុង​ព្រៃ​​ជាមួយ​គ្នា​ជា​មួយ​ប្អូន​ប្រុស​របស់​ខ្ញុំ ហើយ​មិត្ត​ភក្តិ​ដទៃ​ទៀត​​ទៅ​បរបាញ់​ផ្លូវ​ផ្សេង ប៉ុន្តែ​ក្របី​បាន​សម្លាប់​ប្អូន​ប្រុស​​ខ្ញុំ​ភ្លាម​ៗ​តែម្ដង»។​

ប្រជាជន​ Rwanda មួយ​ចំនួន​ដែល​ធ្លាប់​ធ្វើ​ជា​ព្រាន​ព្រៃ បាន​កែ​ប្រែ​ខ្លួន​មក​ធ្វើ​ជា​អ្នក​អភិរក្ស​សត្វ​ព្រៃ​វិញ។ លោកFelicien Kabatsi ច្រៀង​ចម្រៀង​អំពី​សារៈសំខាន់​នៃ​ការ​អភិរក្ស​ស្វា​ឱ។ តាម​រយៈ​បទ​ចម្រៀង​នេះ គេ​មិន​ដឹង​ទេ​ថា លោក Kabatsi ធ្លាប់​ប្រមាញ់​ស្វា​ឱ និង​សត្វ​ព្រៃ​ផ្សេង​ទៀតនៅ​ក្នុង​ឧទ្យាន​ជាតិ​ភ្នំភ្លើង។​

លោក​បាន​ធ្វើ​ជា​ព្រាន​ព្រៃ​អស់​រយៈ​ពេល ៣០​ឆ្នាំ និង​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៤ខែដោយ​សារ​ការ​ប្រមាញ់​ខុស​ច្បាប់។ មាន​ពេល​មួយ​នោះ សត្វ​ក្របី​បាន​សម្លាប់​ប្អូន​ប្រុស​របស់​លោក។

លោក Felicien Kabatsi​ បាននិយាយ​ថា៖​ «ខ្ញុំកំពុង​ប្រមាញ់​ក្នុង​ព្រៃជាមួយ​គ្នា​ជា​មួយ​ប្អូន​ប្រុស​របស់​ខ្ញុំ ហើយ​មិត្ត​ភក្តិ​ដទៃ​ទៀតទៅ​បរបាញ់​ផ្លូវ​ផ្សេង ប៉ុន្តែ​ក្របី​បាន​សម្លាប់​ប្អូន​ប្រុសខ្ញុំ​ភ្លាម​ៗ​តែម្ដង»។​

បន្ទាប់​ពី​ការ​ជជែក​ជា​មួយ​អ្នក​អភិរក្ស​សត្វ​ព្រៃ លោក Kabatsi កែ​ប្រែ​ចិត្ត​គំនិត និង​ចូល​រួម​ជា​មួយអ្នក​អភិរក្ស។ ឥឡូវ​នេះ​លោក​ប្រកប​របរ​ជា​អ្នក​ប្រគំ​តន្ត្រី​បុរាណ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​នៅ​ក្នុង​ភូមិ​អ្នក​ការ​ពារ​ស្វា​ឱ។

រឿងរ៉ាវ​របស់​លោក​ក៏​ស្រដៀង​គ្នា​ទៅ​នឹង​សមាជិក​ផ្សេង​ទៀត​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ ដូចជា​អ្នកស្រី Mukanoheri Venantie ជាដើម។ អ្នកស្រី​ក៏​ធ្លាប់​ចេញទៅ​ប្រមាញ់​ជាមួយ​ប្ដី​របស់​អ្នកស្រី។​

អ្នកស្រី Venantie Mukanoheri បាន​និយាយ​ថា៖ «​ប្ដី​ខ្ញុំ​ធ្លាប់​កាន់​លំពែង ចំណែក​ខ្ញុំ​ជា​ចុងភៅ​ដែល​កាន់​ស្បោង​ដើម្បី​ដាក់​សាច់​សត្វ​ដែល​ពួកគាត់​បាន​សម្លាប់។ ប៉ុន្តែ​ជាមួយ​ការ​បណ្ដុះ​បណ្ដាល​ និង​គម្រោង​នេះ យើងបាន​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត»​។

ឥឡូវ​នេះ អ្នកស្រី​ចាត់​ទុក​ការ​ប្រមាញ់​ជា​រឿង​ឧក្រិដ្ឋកម្ម​ដ៏​ធ្ងន់ធ្ងរ​ ហើយ​សព្វ​ថ្ងៃ​អ្នកស្រី​ប្រកប​របរ​ធ្វើ​កន្ត្រក​លក់​ឲ្យ​ភ្ញៀវ​ទេសចរណ៍នៅ​ក្នុង​ភូមិ។

អ្នក​មក​លេង​ឧទ្យាន​នេះ​ដូច​ជា​ អ្នក​ទេសចរណ៍​មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដូច​ជា​ លោក Nelis Wolmarans​ ឡើង​ភ្នំ​ដើម្បី​មើល​ស្វា​ឱ ប៉ុន្តែ​ថវិកា​របស់​ពួក​គេ​គាំ​ទ្រ​គម្រោង​ដែល​មាន​គោល​ដៅ​ពីរ​គឺ​ផ្ដល់​ការ​ងារ​ឲ្យ​ប្រជាជន​ Rwanda និង​គាំទ្រ​ការ​អភិរក្ស។

លោក Nelis Wolmarans បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នៅទី​នេះ អ្វី​ដែល​ខ្ញុំ​បាន​បង្កើត​នៅ​ទី​នេះ​គឺ​ការ​ងារ និង​ឱកាស​សម្រាប់​ប្រជាជន​ជា​ច្រើន​ដែល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ពឹងផ្អែក​លើ​ព្រៃឈើ»។

ទិន្នន័យ​ពី​រដ្ឋាភិបាល​បង្ហាញ​ថា​កិច្ច​ប្រឹង​ប្រែង​អភិរក្ស​នេះ​កំពង់​បង្កើន​ចំណូល​ពី​ទេសចរណ៍។ លោក​ Paul Kagame ប្រធានាធិបតី​ប្រទេស Rwanda បាន​និយាយ​ថា៖

«ការ​គាំទ្រ​ដល់​ប្រជាជន​ក្នុង​សហគមន៍ ដែលខ្ញុំ​មាន​ ឱកាសថ្លែង​អំណរគុណ។ យើង​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ពួក​គេ​ទទួល​បាន​អត្ថប្រយោជន៍ ពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​នេះ»។

នៅ​ក្នុង​គោល​បំណង​បង្កើន​ការ​អភិរក្ស និង​ផ្សា​ភ្ជាប់​ប្រជាជន​ Rwandan ជា​មួយ​នឹង​សត្វ​ព្រៃ ប្រទេសRwanda បាន​បង្កើតពិធី​ដាក់​ឈ្មោះ​សត្វ​ស្វា​ឱ​ចាប់​ពី​ឆ្នាំ ២០១៥​ មក។ នៅ​ក្នុង​ពិធី​ដាក់​ឈ្មោះ​ឆ្នាំនេះ កូន​ស្វា​ឱ ២៥​ក្បាល​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ ហើយ​មកដល់​ពេល​នេះ​ស្វា​ឱ​មាន​ចំនួន​សរុប ២៨១ ក្បាល៕​

ប្រែសម្រួល​ដោយ​ សឿន វឌ្ឍនា